មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលជិះទូក ឬកប៉ាល់ចេញទៅកម្សាន្តតាមបណ្ដាកោះនានា ត្រូវស្តាប់តាមការណែនាំរបស់កម្លាំងសមត្ថកិច្ចប្រចាំការនៅតាមផែដឹកភ្ញៀវទេសចរ ឬនៅតាមគោលដៅកម្សាន្តនានា ដើម្បីរក្សាសុវត្ថិភាពពេលធ្វើដំណើរកម្សាន្តតាមសមុទ្រឲ្យបានប្រសើរឡើង។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ មានប្រសាសន៍ថា បានចុះពង្រឹងកម្លាំងនគរបាលប្រចាំការនៅតាមផែកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះ ឲ្យបន្ថែមការត្រួតពិនិត្យភ្ញៀវទេសចរ ដោយតម្រូវឲ្យពាក់អាវពោងការពារទាំងអស់គ្នា មុននឹងអនុញ្ញាតឲ្យចេញដំណើរ ពិសេសជាងនេះ ក៏ត្រូវណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមសមុទ្រទាំងអស់ មិនត្រូវដឹកភ្ញៀវឲ្យលើសចំនួនកៅអីនៅក្នុងកប៉ាល់ ឬទូកដឹកអ្នកដំណើរនីមួយៗទេ។
ទន្ទឹមគ្នានេះ លោក ជួន ណារិន្ទ ស្នើដល់ម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរតាមសមុទ្រ ត្រូវត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនរៀងៗខ្លួនឲ្យបានជាប្រចាំ និងឲ្យភ្ញៀវពាក់អាវពោងការពារឲ្យបានគ្រប់ចំនួន បើមិនដូច្នេះទេ សមត្ថកិច្ចនឹងមិនអនុញ្ញាតឲ្យចេញដំណើរទេ៖ «សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ ជាពិសេសនគរបាលចរាចរណ៍ផ្លូវទឹក និងនគរបាលទេសចរណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ គឺបានត្រួតពិនិត្យទៅលើលក្ខណៈទូក ឬកប៉ាល់ដឹកភ្ញៀវ បច្ចេកទេស និងពិនិត្យទៅលើការដឹកភ្ញៀវមិនឲ្យលើសចំណុះ ពិនិត្យរាល់ការបំពាក់ពោងអាវការពារនៅតាមទូកនីមួយៗ ធ្វើយ៉ាងណាឲ្យភ្ញៀវពាក់ឲ្យបានគ្រប់គ្នាពេលធ្វើដំណើរតាមសមុទ្រ។ ត្រួតពិនិត្យតម្រូវឲ្យបំពាក់បំពង់ពន្លត់អគ្គីភ័យ និងតម្រូវឲ្យអ្នកបើកបរជលយាននេះ ត្រូវមានប័ណ្ណបើកបរ ឬអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវ គឺយើងនឹងរឹតបន្តឹងចាប់ពីឥឡូវនេះ និងរាល់ថ្ងៃរាល់ខែរាល់ម៉ោង ដើម្បីការពារសុវត្ថិភាពភ្ញៀវចេញទៅកម្សាន្តតាមបណ្ដាកោះនានាឲ្យមានសុវត្ថិភាពថែមទៀត»។
សកម្មភាពចុះពង្រឹងការងារដល់កម្លាំងសមត្ថកិច្ចរបស់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ពេលនេះ ធ្វើឡើងក្រោយមានមតិរិះគន់ពីភ្ញៀវទេសចរមកថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះមួយចំនួន បានដឹកភ្ញៀវលើសចំណុះ និងមិនបានតម្រូវឲ្យភ្ញៀវពាក់អាវពោងការពារឲ្យបានត្រឹមត្រូវទេ។
ត្រង់ចំណុចនេះ លោក ជួន ណារិន្ទ ក៏បានរំឭកដល់ភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋានធម្មជាតិ ដើរកម្សាន្តតាមឧទ្យានជាតិ និងនៅតាមតំបន់ឆ្នេរផ្សេងៗដែលទើបត្រូវបានប្រតិបត្តិករទេសចរអភិវឌ្ឍ ឬទើបបង្កើតថ្មីៗ ក៏ត្រូវសាកសួរព័ត៌មានជុំវិញដំណើរកម្សាន្តរបស់ខ្លួនទៅកម្លាំងសមត្ថកិច្ចជំនាញដែលប្រចាំការនៅតាមគោលដៅនីមួយៗឲ្យបានច្បាស់លាស់ជាមុន ដើម្បីបង្ការគ្រោះថ្នាក់ណាមួយដែលអាចនឹងកើតមានឡើងចំពោះភ្ញៀវទេសចរគ្រប់រូប៖ «តម្រូវឲ្យភ្ញៀវទេសចរទាំងអស់ដែលចេញទៅកម្សាន្តតាមឆ្នេរ ឬតាមកោះនានា ឲ្យពួកគាត់ស្តាប់តាមបម្រាមនានារបស់សមត្ថកិច្ច ដែលបានបិទបម្រាមហាមមិនឲ្យចុះងូតទឹកនៅតាមទីកន្លែងងាយរងគ្រោះដោយការរអិល ឬហាមមិនឲ្យដើរចូលព្រៃ ដោយបារម្ភខ្លាចមានផ្លូវមិនល្អនាំឲ្យដួល និងមានសត្វពស់ចឹកខាំ ឬខ្លាចកើតមានបញ្ហាផ្សេងៗជាដើម។ ដូច្នេះស្នើដល់ភ្ញៀវទេសចរ ត្រូវប្រុងប្រយ័ត្ន ហើយស្តាប់តាមការណែនាំរបស់កម្លាំងសមត្ថកិច្ចប្រចាំការនៅតាមគោលដៅនីមួយៗ និងតាមរយៈការបិទបម្រាមផ្សេងៗ ទៅតាមតំបន់ដែលអាចងាយកើតមានគ្រោះថ្នាក់ នៅតាមទីតាំងដែលទើបមានការអភិវឌ្ឍតំបន់ទេសចរណ៍ថ្មីៗ»។
បញ្ហានេះ ម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរខ្លះ ទទួលស្គាល់ថា ពេលមានបុណ្យជាតិធំៗដែលមានភ្ញៀវទេសចរច្រើន ពួកគេធ្លាប់បានដាក់បន្ថែមកៅអីជូនឲ្យភ្ញៀវអង្គុយលើសពីចំនួនកៅអីមាននៅក្នុងកប៉ាល់ ឬទូកដឹកអ្នកដំណើរម្តងម្កាលដែរ។ ពួកគេឲ្យដឹងថា មានភ្ញៀវទេសចរមួយចំនួនពេលខ្លះបានសម្រុកឡើងជិះកប៉ាល់ ឬទូកមានចំនួនច្រើន និងមានះមិនស្តាប់តាមការណែនាំរបស់បុគ្គលិកក្រុមហ៊ុន ចំពោះទូកលើសចំណុះនេះទេ។
ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវតាមសមុទ្រ ក៏ស្នើដល់សមត្ថកិច្ចជំនាញ ជួយពង្រាយសមត្ថកិច្ចនៅតាមផែកប៉ាល់ ឬទូកឲ្យបានគ្រប់គោលដៅនៅតាមកោះនានា ដើម្បីជួយ ឬពន្យល់ដល់ភ្ញៀវទេសចរឲ្យយល់ដឹងអំពីការងារការពារសុវត្ថិភាពពេលធ្វើដំណើរតាមសមុទ្រ ព្រោះកន្លងមកមានភ្ញៀវខ្លះដែលជិះទូក ឬកប៉ាល់តាមសមុទ្រ ពួកគេមិនស្តាប់តាមការណែនាំរបស់បុគ្គលិកក្រុមហ៊ុន ដែលណែនាំឲ្យពាក់អាវពោងការពារជាប្រចាំនោះទេ។ ទន្ទឹមគ្នានេះ ក៏មានភ្ញៀវមួយចំនួនថែមទាំងបានចំអកដាក់បុគ្គលបម្រើការងារនៅតាមក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវធ្វើដំណើរសមុទ្រជាបន្តបន្ទាប់ ដែលហ៊ានណែនាំឲ្យពួកគេត្រូវតែអនុវត្តតាមខ្លួន មានដូចជា ការស្នើឲ្យពាក់អាវពោងការពារជាដើម ប៉ុន្តែត្រូវភ្ញៀវបដិសេធក្នុងហេតុផលផ្សេងៗ។
នាយរងការិយាល័យចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ លោក ប៉ោ ប៊ុណ្ណារ៉ា ផ្តល់សម្ភាសថា សមត្ថកិច្ចជំនាញលោកបានដាក់ប្រចាំការនៅតាមផែកប៉ាល់ ឬផែទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះនាផែឆ្នេរអូរឈើទាលជាប្រចាំថ្ងៃ។ លោកបន្តថា កម្លាំងជំនាញបានណែនាំដល់ភ្ញៀវទេសចរគ្រប់ៗរូបឲ្យពាក់អាវពោងការពារឲ្យបានជាប្រចាំ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរតាមសមុទ្រ ពិសេសជាងនេះ នៅពេលពិនិត្យឃើញថាមានអាកាសធាតុមិនល្អ និងមានខ្យល់ព្យុះខ្លាំងជាដើម គឺមិនអនុញ្ញាតឲ្យកប៉ាល់ ឬទូកដឹកភ្ញៀវទៅតាមបណ្ដាកោះផ្សេងៗនោះទេ ដោយត្រូវរង់ចាំរលកសមុទ្រស្ងប់ជាមុនសិន ទើបអនុញ្ញាតឲ្យចេញដំណើរ៖ «ខាងសមត្ថកិច្ចខ្ញុំនៅខាងផែឆ្នេរអូរឈើទាលនេះ គឺនៅពេលមានទឹកសមុទ្រខ្លាំងនៅកណ្ដាលសមុទ្រ ឬនៅតាមឃ្លងនេះ គឺយើងមិនអនុញ្ញាតឲ្យអូប័រតូចៗ និងទូកកន្ទុយវែងជាដើម ចេញដំណើរដឹកភ្ញៀវទៅកម្សាន្តតាមបណ្ដាកោះនោះទេ។ ប៉ុន្តែយើងបានអនុញ្ញាតឲ្យតែកប៉ាល់ ឬអូប័រធំៗដែលមានសុវត្ថិភាព និងមានអាវពោងការពារបំពាក់ដល់ភ្ញៀវបានត្រឹមត្រូវ ដោយធានាសុវត្ថិភាពជូនភ្ញៀវតាមបច្ចេកទេសគ្រប់គ្រាន់»។
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញរបាយការណ៍រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ទទួលបានភ្ញៀវទេសចរកើនជាង ១០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ១៤ម៉ឺន ៣ពាន់នាក់ (១៤៣.៥៩៧នាក់)។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ឲ្យដឹងថា ភ្ញៀវទេសចរធ្វើដំណើរតាមយន្តហោះមានជិត ១.៥០០នាក់ (១.៤៣៩នាក់)។ ភ្ញៀវជាតិមានជិត ៦៥០នាក់ (៦៤៣នាក់) និងភ្ញៀវអន្តរជាតិមានជិត ៨០០នាក់ (៧៩៦នាក់) ក្នុងនោះភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះនានាមានកោះរ៉ុង និងកោះរ៉ុងសន្លឹមជាដើម មានចំនួនសរុបជិត ៨.៥០០នាក់ (៨.៤៥៥នាក់) ភ្ញៀវជាតិជាង ៤.៣០០នាក់ (៤.៣៤៨នាក់) និងភ្ញៀវអន្តរជាតិមានជាង ៤ពាន់នាក់ (៤.១០៧នាក់)។ ចំណែកភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលចូលទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា មានដូចជា រមណីយដ្ឋានថ្មរូង រមណីយដ្ឋានក្បាលឆាយ និងរមណីយដ្ឋានពិកនិច ជាដើម មានចំនួនសរុបជិត ១ម៉ឺន ៧ពាន់នាក់ (១៦.៥៩៧នាក់)៕