Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ទឹក​ធ្លាក់​ព្រះ​និមិត្ត​ខេត្ត​ព្រះវិហារ​មាន​សក្ដានុពល​ផ្នែក​អេកូ​ទេសចរណ៍​នៅ​តំបន់​ព្រំដែន​ខ្មែរ-ឡាវ

$
0
0

ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ប្រទេស​ឡាវ ចាក់​មក​ស្រុក​មួយ​នៃ​ខេត្ត​ព្រះវិហារ ដែល​ជាប់​គ្នា​នឹង​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង បាន​បង្កើត​ទៅ​ជា​ល្បាក់​ទឹក​ធ្លាក់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ ដែល​អ្នក​ភូមិ​នៅ​ទីនោះ​បាន​ហៅ​ថា​ទឹក​ធ្លាក់​ព្រះ​និមិត្ត។

ទឹក​ធ្លាក់​នេះ មាន​សក្ដានុពល​ផ្នែក​អេកូ​ទេសចរណ៍​យ៉ាង​ខ្លាំង ប្រសិន​បើ​អាជ្ញាធរ ឬ​ក៏​រដ្ឋាភិបាល រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​វា​មិន​ត្រឹម​តែ​ឲ្យ​សហគមន៍​ការពារ​ព្រៃ​ឈើ អាច​រក​កម្រៃ​ជួយ​ទ្រទ្រង់​លើ​សកម្មភាព​អភិរក្ស​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​អាច​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍ ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ដែរ។

ទឹក​ធ្លាក់​ព្រះ​និមិត្ត ស្ថិត​នៅ​ភូមិ​កំពង់សាមី ឃុំ​កំពង់ស្រឡៅ២ នៃ​ស្រុក​ឆែប ចម្ងាយ​ជាង ១៤០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​ព្រះវិហារ ដោយ​ជាប់​គ្នា​នឹង​ព្រំដែន​របស់​ប្រទេស​ឡាវ ព្រម​ទាំង​ខេត្ត​ស្ទឹងត្រែង ផង។

បច្ចុប្បន្ន ទឹក​ធ្លាក់​នោះ​មាន​ធម្មជាតិ​ស្រស់​ត្រកាល ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចង់​ទៅ​កម្សាន្ត​ផ្នែក​អេកូ​ទេសចរណ៍ ដូចជា​គយគន់​សម្រស់​ព្រៃ​ឈើ ភ្នំ និង​ងូត​ទឹក​លេង​សប្បាយ។

ថ្វីត្បិតតែ​តំបន់​ទឹក​ធ្លាក់​ព្រះ​និមិត្ត​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទីក្រុង ប៉ុន្តែ​សក្ដានុពល​របស់​វា​នៅ​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​ច្រើន​កន្លែង ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ដោយ​មួយ​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស ៤-៥​ក្រុម​ទៅ​លេង​ដែរ។

ស្ត្រី​ចំណាស់​ដែល​តាម​ក្រុម​គ្រួសារ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ក្នុង​ចំណោម​អ្នក​ទេសចរ​ជាច្រើន​ទៀត គឺ​លោកស្រី តាន់ គឹមលី។ លោកស្រី​មាន​ប្រសាសន៍​ថា គាត់​រស់នៅ​ទី​រួម​ខេត្ត​ព្រះវិហារ ហើយ​កូនៗ​បាន​នាំ​គាត់​ទៅ​លេង​ទឹក​ធ្លាក់​ព្រះ​និមិត្ត​ចំនួន ៣​លើក​ហើយ។

លោកស្រី តាន់ គឹមលី មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​ខ្មែរ ប៉ុន្តែ​គាត់​ចាប់​អារម្មណ៍​លើ​ទឹក​ធ្លាក់​ព្រះ​និមិត្ត ហើយ​ក៏​មក​លេង​ច្រើន​ដង​ជាង​គេ​ដែរ៖ «ខ្ញុំ​ដើរ​លេង​ច្រើន​កន្លែង​ដែរ ប៉ុន្តែ​មក​ទីនោះ​មើល​ទៅ​ឃើញ​ទឹក​ធ្លាក់​ធំ​ល្វឹងល្វើយ ហាក់​សប្បាយ​ចិត្ត។ កន្លែង​នេះ គឺ​មាន​ទេសភាព​ស្អាត​ណាស់ មើល​ទៅ​វាល​ធំ​ជាង​ទឹកជ្រោះ​ប៊ូស្រា​នៅ​ខេត្ត​មណ្ឌលគិរី»

ដោយសារ​តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចេះ​តែ​ទៅ​លេង​ទឹក​ធ្លាក់​ព្រះ​និមិត្ត​ជា​បន្តបន្ទាប់ គឺ​វា​បាន​ផ្ដល់​ការងារ​ខ្លះ​ទៅ​ឲ្យ​អ្នក​ភូមិ​កំពង់សាមី ដែល​រស់នៅ​ចំនួន​ប្រហែល​ពី ១០ ទៅ ១៥​គ្រួសារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង ៣០០​គ្រួសារ អាច​មាន​ការងារ​ធ្វើ តាម​រយៈ​ការ​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍ មាន​ការ​លក់​ម្ហូប ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍ ជាដើម។

អ្នក​ភូមិ​កំពង់សាមី ម្នាក់​ក្នុង​ចំណោម​ជាច្រើន​នាក់​ទៀត លោកស្រី ឃួន វ៉ាន់ មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ គាត់​តែង​លក់​ដូរ​ម្ហូប​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ទឹក​ធ្លាក់​ព្រះ​និមិត្ត​នេះ។ ក្នុង ១​ខែៗ គាត់​អាច​រក​ប្រាក់​កម្រៃ​បាន​ពី​ការ​លក់​ម្ហូប ភេសជ្ជៈ និង​អីវ៉ាន់​ជូន​ភ្ញៀវ​ទេសចរ​ប្រហែល​ជាង ២០០​ដុល្លារ​អាមេរិក ហើយ​នៅ​ពេល​ណា​ដែល​មិន​មាន​ភ្ញៀវ​មក​លេង គឺ​គាត់​ទៅ​រក​ត្រី​នៅ​តាម​ទន្លេ​មេគង្គ៖ «បាន​ប្រហែល​ជា ១​លាន​រៀល​អី​ហ្នឹង ខែ​ណា​បាន ខែ​ណា​រក​មិន​បាន​ដល់ ១​លាន​រៀល​ទេ។ ខ្ញុំ​លក់​បាយ​ដំណើប បុក​ល្ហុង​ស្បែក​គោ បំពង​ជាដើម មិន​ដែល​កោរ​ភ្ញៀវ​ទេ»

ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ស្រឡៅ២ គឺ​មាន​ទម្លាប់​ដូច​ប្រជាជន​ឡាវ ដោយ​ពួក​គេ​ទទួល​ទាន​អាហារ​ដូច​ឡាវ ព្រម​ទាំង​និយាយ​ភាសា​ឡាវ ផង។

ទឹក​ធ្លាក់​ព្រះ​និមិត្ត គឺ​ដើម​ដំបូង​ឡើយ​គ្រប់គ្រង​ដោយ​សហគមន៍​ការពារ​ព្រៃ​ឈើ​ព្រលាន​នៃ​ភូមិ​កំពង់សាមី ប៉ុន្តែ​រយៈពេល ៣-៤​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ក្រុមហ៊ុន​ចិន មួយ​បាន​ចូល​ទៅ​វិនិយោគ​ធ្វើ​សណ្ឋាគារ ភោជនីយដ្ឋាន ព្រម​ទាំង​កាស៊ីណូ​ជាដើម ដោយ​ដណ្ដើម​ចែក​ផល​ប្រយោជន៍​គ្នា​ជាមួយ​សហគមន៍​ការពារ​ព្រៃ​ឈើ និង​សហគមន៍​អេកូ​ទេសចរណ៍។ រហូត​មក​ដល់​ពេល​នេះ សហគមន៍​អេកូ​ទេសចរណ៍​ហាក់​មិន​សូវ​សប្បាយ​ចិត្ត​ជាមួយ​នឹង​ក្រុមហ៊ុន​នោះ​ទេ។

ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍ លោក កេត សុគន្ធ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ថ្វីត្បិតតែ​តំបន់​ទឹក​ធ្លាក់​ព្រះ​និមិត្ត ជា​របស់​សហគមន៍​មែន ក៏ប៉ុន្តែ​សហគមន៍​គ្មាន​សិទ្ធិ​ចាត់ចែង​លើ​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់ និង​ធ្វើ​កន្លែង​សម្រាប់​ទេសចរ​មក​អង្គុយ​លេង ដើម្បី​ឲ្យ​អ្នក​ភូមិ​អាច​ចូល​មក​រក​ចំណូល​បាន​ត្រឹមត្រូវ​ទេ។

លោក កេត សុគន្ធ ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ខែ ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ទឹក​ធ្លាក់​ព្រះ​និមិត្ត​ចំនួន​ប្រហែល​ពី ៥.០០០​នាក់ ឬ​ក៏​ច្រើន​ជាង​នេះ ហើយ​នៅ​ពេល​ដែល​ភ្ញៀវ​ចង់​ឲ្យ​សហគមន៍​ធ្វើ​ខ្ចុះ​សម្រាប់​អង្គុយ​លេង ឬ​ក៏​ទទួល​ទាន​អាហារ​នោះ គឺ​ក្រុមហ៊ុន​ចិន ដែល​ទើប​តែ​ចូល​មក​វិនិយោគ ហាក់​ដូចជា​ចង់​គ្រប់គ្រង​ទៅ​លើ​កិច្ចការ​របស់​សហគមន៍៖ «យើង​ចង់​រៀបចំ​ឲ្យ​មាន​ខ្ចុះ​សម្រាប់​ភ្ញៀវ​មក​អង្គុយ​លេង​អី គឺ​វា​នៅ​ជំពាក់ជំពិន ត្រូវ​តែ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន។ ខ្ញុំ​មិន​មែន​ថា​មិន​ចង់​ឲ្យ​មាន​ក្រុមហ៊ុន​មក​ទីនេះ​ទេ ប៉ុន្តែ​សុំ​ឲ្យ​ក្រុមហ៊ុន​បែងចែក​ការងារ​សហគមន៍​ឲ្យ​បាន​ច្បាស់»

បច្ចុប្បន្ន សហគមន៍​ការពារ​ព្រៃ​ឈើ​ព្រលាន​នៃ​ភូមិ​កំពង់សាមី ដែល​ធ្លាប់​ជា​ម្ចាស់​នៃ​រមណីយដ្ឋាន​នោះ បាន​សិទ្ធិ​ត្រឹម​តែ​ដាក់​បារ៉ាស់​លក់​សំបុត្រ​ឲ្យ​អ្នក​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​ទឹក​ធ្លាក់ ដូចជា​ឡាន​តូច ១​គ្រឿង​ថ្លៃ ៥.០០០​រៀល ឡាន​ទេសចរណ៍​មួយ​ថ្លៃ ១០.០០០​រៀល និង​អ្នក​ទេសចរ​បរទេស​ម្នាក់ ត្រូវ​ទិញ​សំបុត្រ ២​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ប្រមូល​យក​កម្រៃ​ទាំងនោះ​ទៅ​រៀបចំ​ជួយ​ការងារ​សហគមន៍​ការពារ​ព្រៃ​ឈើ ចំណែក​ឯ​ការ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​វិញ ហាក់​គ្មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ចាត់ចែង​ទេ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ព្រលាន លោក ភុំ ម៉ាវុធស៊ី មាន​ប្រសាសន៍​ថា រយៈពេល ២-៣​ឆ្នាំ​មក​ហើយ សហគមន៍​ការពារ​ព្រៃ​ឈើ​របស់​លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន ក្នុង​ការ​អភិវឌ្ឍ​តំបន់​ទឹក​ធ្លាក់​នេះ ហេតុ​ដូច្នេះ សហគមន៍​មិន​មាន​សិទ្ធិ​ធ្វើ​ការ​អភិវឌ្ឍ​ទីនោះ​បាន​ស្រេច​តែ​ចិត្ត​ទៀត​ទេ។ ទោះ​ជា​យ៉ាង​ណា ប្រធាន​សហគមន៍​រូប​នេះ​មិន​បាន​បញ្ជាក់​ថា តើ​កិច្ចព្រមព្រៀង​នោះ​មាន​ចែង​អំពី​អ្វី​ខ្លះ​ទេ៖ «វា​អត់​មាន​ប្រាក់​ចំណូល​ច្រើន ដើម្បី​កែច្នៃ​តំបន់​ទឹក​ធ្លាក់ បើ​ធ្វើ​ខ្ចុះ​សម្រាប់​ទទួល​ភ្ញៀវ គឺ​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើ​ទេ ពីព្រោះ​តំបន់​ទឹក​ធ្លាក់​នេះ ក្រុមហ៊ុន​គេ​ម៉ៅការ​ដាច់​អស់​ហើយ»

អភិបាល​ស្រុក​ឆែប លោក សុខ សានតារា មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​កិច្ចព្រមព្រៀង​រវាង​សហគមន៍​ព្រៃ​ឈើ និង​ក្រុមហ៊ុន​ចិន នោះ​យ៉ាង​ណា​ឡើយ ពីព្រោះ​កិច្ចព្រមព្រៀង​នោះ​បាន​ធ្វើ​ឡើង​តាំង​តែ​ពី​ជំនាន់​អភិបាល​ស្រុក​មុន ដែល​មាន​លោក អ៊ុំ ម៉ារ៉ា ជា​អភិបាល​ខេត្ត​ម្ល៉េះ៖ «សូម​ឲ្យ​សហគមន៍​រាយការណ៍​មក​អាជ្ញាធរ​ស្រុក​មក គាត់​អាច​ធ្វើ​ជា​របាយការណ៍ ឬ​ក៏​គាត់​អាច​មក​ជួប​អាជ្ញាធរ​ដើម្បី​ប្រជុំ​គ្នា​មើល​ថា តើ​មាន​ការ​មិន​ពេញ​ចិត្ត​រឿង​អី

សហគមន៍​ព្រៃ​ឈើ​ព្រលាន បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩ ហើយ​នៅ​ឆ្នាំ​២០១៣ គេ​បាន​កែច្នៃ​តំបន់​ទឹក​ធ្លាក់​ព្រះ​និមិត្ត​ឲ្យ​ទៅ​ជា​កន្លែង​អេកូ​ទេសចរណ៍ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ពន្លក​ខ្មែរ។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១៣ បន្ទាប់​ពី​សហគមន៍​ព្រៃ​ឈើ​ព្រលាន នៅ​ភូមិ​កំពង់សាមី បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ទេសចរណ៍​តំបន់​ទឹក​ធ្លាក់​ព្រះ​និមិត្ត ជាមួយ​នឹង​ក្រុមហ៊ុន​មក គឺ​អង្គការ​ពន្លក​ខ្មែរ បាន​ដក​ខ្លួន​ចេញ​លែង​ជួយ​ជ្រោមជ្រែង​ដល់​សហគមន៍​ព្រៃ​ឈើ និង​សហគមន៍​ទេសចរណ៍​ទីនោះ ទាំង​ការ​ផ្ដល់​យោបល់ និង​ពិភាក្សា​លើ​គម្រោង​អ្វី​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles