អង្គភាពប្រឆាំងអំពើពុករលួយ អេស៊ីយូ (ACU) ឃាត់ខ្លួនជំនួយការរបស់អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ីឌីស៊ី (CDC) ជុំវិញករណីទាមទារ និងទទួលប្រាក់ខុសច្បាប់នៅក្នុងពេលបំពេញការងារ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២២ មេសា ឲ្យដឹងថា លោក ឈឹម ពិសិដ្ឋ មានមុខងារជាជំនួយការរបស់អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមិនបញ្ចេញឈ្មោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា។
អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានព័ត៌មានជាបន្តបន្ទាប់ពីមន្ត្រីបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ទាល់តែបានទទួលប្រាក់បន្ថែម ពីការផ្ដល់សេវានានា ទើបលោក ឈឹម ពិសិដ្ឋ ជួយសម្រួល យល់ព្រម និងបោះត្រាឲ្យ។ បញ្ហានេះបានបង្កការលំបាកដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
តែទោះជាយ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពនេះ មិនបានបង្ហាញថា ឈ្មោះ ឈឹម ពិសិដ្ឋ ជាជំនួយការរបស់អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឈ្មោះអ្វី ហើយបំពេញការងារក្នុងផ្នែកណាមួយនោះទេ៕