មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧នេះ មានបញ្ហាគ្រោះរាំងស្ងួតតិចតូចប៉ុណ្ណោះដែលបានកើតឡើង ហើយបានដោះស្រាយទាន់ពេលវេលា ដោយអាជ្ញាធរក្នុងមូលដ្ឋាន ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរដូចកាលពីឆ្នាំ២០១៦ឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ថ្លែងថា អាកាសធាតុរបស់កម្ពុជាក្នុងឆ្នាំ២០១៧នេះ ស្ថិតក្នុងចន្លោះបាតុភូតអែលនីណូ (Elnino) និងបាតុភូតឡានីណា (Lanina) ដែលជាស្ថានភាពអាកាសធាតុមួយមិនក្ដៅខ្លាំង ហើយអាចឱ្យធ្លាក់ទឹកភ្លៀងបង្គួរ ដូច្នោះអាកាសធាតុបែបនេះ នឹងមិនធ្វើឱ្យកម្ពុជាជួបបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដូចឆ្នាំ២០១៦ នោះទេ។ មន្ត្រីរូបនេះបន្តថា ដោយសារក្នុងឆ្នាំ២០១៧នេះ ភ្លៀងកក់ខែ ចាប់ផ្ដើមធ្លាក់តាំងពីខែ១មក ដូច្នោះធ្វើឱ្យមានសីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះពី៣៤ ទៅ៣៨អង្សា ដែលខុសពីឆ្នាំ២០១៦ ដែលមានសីតុណ្ហភាពចាប់ពី៤១អង្សា៖ «»
កាលពីឆ្នាំ២០១៦ បាតុភូត អែលនីណូ ដែលជាអាកាសធាតុក្ដៅខ្លាំង បានកើតឡើងនៅទូទាំងពិភពលោក ក្នុងនោះក៏បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្ទើរនៅទូទាំប្រទេស ខ្វះខាតទឹកប្រាស់ ឯស្រូវប្រាំងក៏រងការខូចខាតដែរ។
របាយការណ៍ហានិភ័យឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសទី៩ ដែលងាយរងគ្រោះជាងគេដោយសារគ្រោះមហន្តរាយនៅលើពិភពលោក ដែលជាឧបសគ្គដល់ដំណើរការអភិវឌ្ឍសម្រាប់ប្រទេស។ គ្រោះមហន្តរាយ ក៏ធ្វើឱ្យប៉ះពាល់វិស័យសំខាន់ៗរបស់កម្ពុជា ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និងអប់រំជាដើម។ លើសពីនេះ អង្គការសុខភាពពិភពលោកក៏ព្យាករថា នៅរវាងឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុ នឹងអាចធ្វើឱ្យប្រជាជនកម្ពុជា ស្លាប់ក្នុងមួយឆ្នាំៗ ប្រមាណ២៥ម៉ឺននាក់ ដោយសារផលប៉ះពាល់នានានៃបញ្ហានេះ ក្នុងនោះ៤ម៉ឺននាក់ ស្លាប់ដោយសារកម្ដៅ ជិត៥ម៉ឺននាក់ ដោយសារការរាករួស ៦ម៉ឺននាក់ដោយរោគគ្រុនចាញ់ និងជិត១០ម៉ឺននាក់ជាកុមារ ដោយសារកង្វះចំណីអាហារ។
បើទោះជាយ៉ាងនេះក្ដី លោក កែវ វី អះអាងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រសួងធនធានទឹក និងអាជ្ញាធរនៅមូលដ្ឋាន បានសហការគ្នា បង្វែរទឹកភ្លៀងធ្លាក់នៅចុងរដូវ ទៅដាក់នៅក្នុងអាងស្ដុកទឹក ឬប្រព័ន្ធធារាសាស្ត្រផ្សេងៗ ដើម្បីបង្ការទុកដោះស្រាយចំពោះគ្រោះរាំងធ្ងន់ធ្ងរនាពេលខាងមុខ។
ប្រធានអង្គការសេដាក (CEDAC) លោក សម វិទូ បញ្ជាក់ថា ជាទូទៅ នៅក្នុងខេត្តចេត្រ តែមានអាកាសធាតុក្ដៅខ្លាំង ប៉ុន្តែក្នុងឆ្នាំ២០១៧នេះ ដែលមានភ្លៀងកក់ខែខុសពីឆ្នាំ២០១៦ គឺអាចឱ្យពលរដ្ឋអាចចាប់ផ្ដើម ធ្វើកសិកម្មបាន៖ «»។
ជាមួយគ្នានេះ ក្នុងត្រីមាសទី១ក្នុងឆ្នាំ២០១៧ ភ្លៀងកក់ខែ បានធ្វើឱ្យមានករណីខ្យល់ព្យុះចំនួន៣០លើក កើតក្នុងខេត្តចំនួន១០។ ក្នុងចំណោមទាំង៣០លើកនេះ បានធ្វើឱ្យផ្ទះពលរដ្ឋបាក់រំលំចំនួន១១០ខ្នង និងរបើកដំបូលចំនួន ៣៧៩ខ្នង សាលាខូចខាតចំនួន៦អាគារ ហើយមានពលរដ្ឋស្លាប់ម្នាក់ និងរងរបួស៧នាក់។ រីឯគ្រោះរន្ទះបាញ់ក្នុងត្រីមាសទី១វិញ បានធ្វើឱ្យមនុស្សស្លាប់៥នាក់ និងរបួស១២នាក់៕