សហព័ន្ធសហជីព និងសមាគមក្នុងវិស័យការងារ ដែលមានផ្នែកកាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រោងហែក្បួនជាង៣ពាន់នាក់ ដើម្បីដាក់ញត្តិនៅរដ្ឋសភា ក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃ១ ឧសភា។ ក្រុមការងារនេះ កំពុងរង់ចាំការឆ្លើយតបពីសាលារាជធានីជុំវិញការជូនដំណឹងនៃការជួបជុំហែក្បួននេះ។
សហព័ន្ធសហជីព និងសមាគមក្នុងវិស័យការងារប្រកាន់ជំហរថា នឹងហែក្បួនជាង៣ពាន់នាក់ ដាក់ញត្តិនៅរដ្ឋសភា ក្នុងទិវាពលកម្មអន្តរជាតិ១ ឧសភា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី២២ មេសា ថា ក្រៅអំពីការអបអរសាទរទិវាពលកម្មអន្តរជាតិនេះ វាក៏ជាឱកាសរំលឹកនិងគោរពដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានលះបង់តស៊ូមតិក្នុងវិស័យការងារហើយបានលាចាកលោកទៅ។ លោក អាត់ ធន់ បញ្ជាក់ថា ក្រុមការងារក៏មានការព្រួយបារម្ភដែរថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការអនុវត្តសិទ្ធិក្នុងការជួបជុំ និងហែក្បួនមានឧបសគ្គច្រើនលោកសង្ឃឹមថា សាលារាជធានីនឹងយល់ពីបញ្ហានេះ៖ «យើងមានដំណឹងធ្វើនេះគឺយើងគ្រោងការហែទៅរដ្ឋសភាហ្នឹង ទោះបីថាឲ្យមិនឲ្យវាជារឿងរបស់សាលាក្រុង។ យើងយោងទៅលើច្បាប់បាតុកម្មដោយសន្តិវិធីគឺយើងមានសិទ្ធិ លើកលែងតែវាមានផលប៉ះពាល់ដល់សន្តិសុខសង្គមនិងសន្តិសុខជាតិបានគេហាមមិនឲ្យធ្វើបាន»។
លោកថា ក្រុមការងារបានដាក់សេចក្ដីជូនដំណឹងតាំងពីថ្ងៃទី១០ មេសា ទៅសាលារាជធានីប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឆ្លើយនៅឡើយ។
អាស៊ីសេរីមិនអាចទាក់ទង លោក ម៉េត មាសភក្ដី ដើម្បីឆ្លើយតបចំពោះបញ្ហានេះបានទេនៅថ្ងៃទី២២ មេសា ដោយលោកពុំទទួលទូរស័ព្ទ។
ទិវាពលកម្មអន្តរជាតិ១ ឧសភា ខួបលើកទី១៣១ ឆ្នាំ២០១៧ រៀបចំឡើងក្រោមប្រធានបទ បញ្ហាប្រឈមរបស់កម្មករក្នុងការអនុវត្តច្បាប់សហជីព។ ក្នុងពិធីនេះ សហព័ន្ធមកពីកាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងជួបជុំគ្នាជាង៣ពាន់នាក់ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ីឌីស៊ី (CDC) នៅម៉ោង៧ព្រឹក ថ្ងៃទី១ ឧសភា ថ្លែងសារអំពីទុក្ខលំបាករបស់កម្មករ បន្ទាប់មកហែក្បួន លើកបដា តាមដងវិថីមាត់ទន្លេរួចឆ្ពោះទៅដាក់ញត្តិនៅរដ្ឋសភា ឲ្យដោះស្រាយបញ្ហានានា។
លោក អាត់ ធន់ ចង់ឲ្យរដ្ឋាភិបាលដោះស្រាយអំពីការរំលោភ ឬការអនុវត្តមួយចំនួនដែលប៉ះពាល់ដល់សិទ្ធិកម្មករ និងសហជីព ស្នើឲ្យរដ្ឋសភាពិនិត្យមើលច្បាប់និងបទដ្ឋានផ្សេងៗទៀត ដែលប៉ះពាល់ប្រយោជន៍កម្មករ រកលទ្ធភាពដំឡើងប្រាក់ឈ្នួលពួកគេ រួមទាំងពង្រឹងសន្តិសុខសង្គម និងការរៀបចំសុវត្ថិភាពនៅកន្លែងការងារជាដើម៕