Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​បារម្ភ​ជា​ថ្មី​ពី​ការ​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​អភិរក្ស

$
0
0

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ថា នៅ​ក្រោយ​ពេល​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ នឹង​កើតមាន​ជាក់​ជាមិនខាន។ ការ​បារម្ភ​នេះ ក្រោយពេល​ពួកគាត់ ប្រទះឃើញ​គោយន្ត​ច្នៃ​រាប់​សិប​គ្រឿង​សម្រុកចូល​ទៅ​ក្នុង​ព្រៃ ហើយ​ភាគច្រើន​ជា​មុខសញ្ញា​ធ្លាប់​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស​ថែមទៀត​ផង។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ស្រុក​សណ្ដាន់ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​សកម្មភាព​ល្បាត​ព្រៃ​នៅ​តំបន់​ព្រៃ​អភិរក្ស​ឡើងវិញ ក្រោយពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​រួច។

បន្ថែម​ពី​នេះ ត្រូវ​ស៊ើបអង្កេត​ក្រុម​គោយន្ត​ច្នៃ​រាប់​សិប​គ្រឿង ដែល​ពួកគាត់​បាន​ប្រទះឃើញ សម្រុកចូល​ព្រៃ​កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចុងក្រោយ និង​ថ្ងៃ​បន្តបន្ទាប់​ជៀសវាង​បណ្ដោយ​ឱ្យ​ពួកគេ​មានលទ្ធភាព​កាប់​នឹង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​បន្ត​ទៀត។

បណ្តាញ​ស្នូល​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ លោក ហឿន សុភាព មានប្រសាសន៍​នៅ​ថ្ងៃ​ទី២២ មេសា លោក​បាន​ប្រទះឃើញ​ក្រុម​គោយន្ត​ច្នៃ​ធ្វើដំណើរ​ចូល​ព្រៃ​កាលពី​ថ្ងៃទី១៦ មេសា ពី​ចំណុច​ភូមិ​ក្បាល​ខ្លា ឆ្ពោះ​ទៅ​ព្រៃ​ជម្រក​សត្វ។ ក្រៅ​ពី​នេះ បណ្ដាញ​ការពារ​ព្រៃ​ឡង់​រាយការណ៍​ប្រាប់​លោក​ថា​សកម្មភាព​គោយន្ត​ច្នៃ សម្រុកចូល​ព្រៃ​គឺ មាននៅ​ច្រក​៩៩ ផ្លូវ​ព្រះអាទិត្យ និង​នៅ​ចំណុច​ភូមិ​ស្រែ​វាល ឃុំ​ដងកាំបិត ដោយ​មួយ​ច្រកៗ មាន​គោយន្ត​មិន​ក្រោម​ពី ១០​គ្រឿង​ឡើយ ប៉ុន្តែ​លោក​មិន​ដឹង​ថា​ពួកគេ​ចូល​ទៅ​ធ្វើ​សកម្មភាព​នៅ​ចំណុច​ណា​ទេ។ លោក​អះអាង ថា ម្ចាស់​គោយន្ត​ទាំងនោះ​គឺ ចូល​ព្រៃ​ដើម្បី​កាប់​នឹង​ដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ពីព្រោះ​ពួកគេ ភាគច្រើន​ជា​មុខសញ្ញា​ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​នៅ​តំបន់​នោះ៖ «បានជា​ខ្ញុំ​អះអាង​ព្រោះ​ខ្ញុំ​ស្គាល់​ពីមុខ​សញ្ញា​គោយន្ត​ដែល​ដឹក​ឈើ​គឺ​ខុសគ្នា​ទៅ​គោយន្ត​ដែល​ដឹក​ជ័រទឹក​ឬ​ដឹក​អី​ផ្សេងៗ»

កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃ​ឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ​) គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន៤ រួមមាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង ខេត្ត​ស្ទឹងត្រែង ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ចការពារ​ធម្មជាតិ​ក្នុង​តំបន់​មួយ​នេះ ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ លោក តិប ញាតា មាន​ប្រសាសន៍​ថា គោ​យន្ត​ដែល​សម្រុកចូល​ព្រៃ​តាម​អ្វី​ដែល​សហគមន៍​អះអាង គឺ មិន​ប្រា​កថា​ចូល​ទៅ​ដើម្បី​កាប់ និង​ដឹកជញ្ជូន​ឈើ​នោះ​ទេ ពីព្រោះ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ គឺ​មាន​ដីចម្ការ​របស់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​តែង​ចេញចូល​ទៅកាន់​ដីចម្ការ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា ប្រសិនបើ​សហគមន៍​ច្បាស់​ថា​ក្រុម​គោយន្ត​ទាំងនោះ​ជា​មុខសញ្ញា ពួកគាត់​អាច​ផ្ដល់​ព័ត៌មាន​មកកាន់​មន្ត្រី​ជំនាញ ដើម្បី​សហការ​គ្នា​ចាត់វិធានការ​តែម្ដង​៖ «ចំពោះ​មុខ​សញ្ញា​ហ្នឹង​ប្រសិនបើ​គាត់​ដឹង​ច្បាស់ គាត់​អាច​បាញ់​តាម​តេឡេក្រាម (Telegram) ឬ វ័តអាប់ (Whatsapp) អីចឹង​មក គឺ​ខ្ញុំ​សហការ គ្នា​ជួយ។ ប៉ុន្តែ បើ​មាន​ដឹង​កន្លែង​ស្តុក​ទុក​កន្លែង​អីហ្នឹង គឺ​ប្រាប់​ចំៗ មក​ពួក​ខ្ញុំ​សហការ​គ្នា​ចុះ​ចាប់​តែម្ដង»

មន្ត្រី​ជំនាញ​ដដែល អះអាង​ថា​ពួកគាត់​បាន​ចូល​បំពេញការងារ​ជា​ធម្មតា មិន​តែ​ប៉ុណ្ណោះ​កម្លាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ចាត់វិធានការ​បង្ក្រាប សកម្មភាព​បទល្មើស​នៅ​ក្រោយ​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដូចជា​ដក​ហូត​រណា​យន្ត​ចំនួន ១២គ្រឿង គោយន្ត ២​គ្រឿង អប់រំ​ផ្សព្វផ្សាយ និង​ធ្វើ​កិច្ចសន្យា​ដល់​ពលរដ្ឋ​ជាង ៥០​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់​ទាំង ៤ ខេត្ត លោក សេង សុខហេង អះអាង​ថា នៅ​ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ បទល្មើស​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ទាំង​៤ ខេត្ត គឺ ពិតជា​កើតមាន​ប្រាកដ​មែន។ ការ​កើត​មាន​បទល្មើស ព្រោះ​ជា​ឱកាស​សម្រាប់​ជនល្មើស​នៅ​ពេល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​សម្រាក ហើយ​មាន​ខ្លះ​មិនទាន់​ចូល​ធ្វើ​ការងារ​ពេញលេញ ម្យ៉ាងទៀត​ក៏​ជា​ឱកាស​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​មួយ​ចំនួន​ឆ្លៀត​ប្រព្រឹត្ត​អំពើពុករលួយ​ផង៖ «ហើយ​អ្វី​ដែល​យើង​ទទួល​បាន​ព័ត៌មាន​ហ្នឹង គឺ​ពួកគាត់​ដែល​ចូល​ទៅ​ភាគច្រើន​ជា​អ្នក​ខាងក្រៅ ។ គាត់​ស្គាល់​ណាស់​គោយន្ត​ដែល​ចូល​ទៅ​គឺ​គោយន្ត​សម្រាប់​ដឹក​ឈើ​តែម្ដង»

លោក​ទទួល​ស្គាល់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំនាញ កន្លង​មក ប៉ុន្តែ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ។ លោក​យល់ថា​ដើម្បី​ឱ្យ​កិច្ចការពារ​ព្រៃឈើ ពិសេស​ព្រៃ​អភិរក្ស​មាន​ប្រសិទ្ធភាព គឺ ត្រូវ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការលើកលែង ហើយ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដូចជា មន្ត្រី​ឧកញ៉ា អាជ្ញាធរ និង ក្រុម​អ្នកមាន​ប្រាក់ ដែល​ជា​ឈ្មួញ​ធំៗ នៅ​ពី​ក្រោយខ្នង​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​ឈើ​ទាំងឡាយ។ បើ​ពុំ​ដូច្នេះ វាសនា​ព្រៃឈើ ត្រូវ​ប្រឈម​ក្ដី​វិនាស​មិនខាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles