ក្រុមអ្នកជំនាញផ្នែកកសិកម្មជំរុញឲ្យកសិករដាំបន្លែប្រើជីធម្មជាតិ ឬជីសរីរាង្គ ជៀសវាងការប៉ះពាល់ដល់សុខភាព។ យ៉ាងណាក៏ដោយចុះ កសិករលើកឡើងថា ពួកគេអាចដាំបន្ថែមិនប្រើជីគីមីបាន ប៉ុន្តែក្រសួងមានសមត្ថកិច្ចគួរជួយរកទីផ្សារឲ្យបន្លែរបស់ពួកគេផង។
ការលើកកម្ពស់ពីសុវត្ថិភាពបន្លែ សម្រាប់ទីផ្សារនៅកម្ពុជា ត្រូវអ្នកជំនាញផ្នែកកសិកម្ម លើកមកជជែកគ្នា នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ថ្ងៃទី២១ ខែមេសា ដើម្បីជំរុញការ ដាំដុះតាមគោលការអនុវត្តកសិកម្មល្អ ឬហៅថា(GAP)។ ការជំរុញនេះ ស្របពេលដែលអង្គការសហប្រតិបត្តិការអន្តរជាតិដើម្បីការអភិវឌ្ឍ(អ៊ីកូ) កាលពីពេលថ្មីៗនេះ រកឃើញថា ៩៥ភាគរយនៃអ្នកបរិភោគបន្ថែ មានការព្រួយបារម្ភអំពីកម្រិតជាតិគីមីនៅកន្លែង។
ប្រធានអង្គការជីវិតថ្លៃថ្នូរ លោក មិន ស សង្កេតឃើញថា នៅពេលនេះពលរដ្ឋចាប់ផ្ដើមបារម្ភពីបន្លែដែលមានគីមី។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ឲ្យដឹងថា អង្គការរបស់លោក បានបណ្ដុះបណ្ដាលកសិករប្រាំខេត្ត ដើម្បីដាំបន្លែដោយប្រើជីសរីរាង្គ ឬជីធម្មជាតិ ដែលក្នុងមួយខែៗ ទទួលបានទិន្នផលជាងមួយតោនសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែលោកថា ចំនួននេះតិចតួចណាស់បើធៀបតម្រូវការទីផ្សារ៖ «ភាគច្រើនអតិថិជនច្រើនតែសួរថា បន្លែនឹងដាក់គីមីអត់ កន្លែងនឹងមួយធ្វើឲ្យពួកគាត់អ្នកដាំបន្លែយល់ដឹង»។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បង្ហាញថា បរិមាណបន្លែដែលផ្គត់ផ្គង់ប្រចាំឆ្នាំនៅកម្ពុជា ចំនួនជិត១លាន (០,៩៣លាន)តោន ក្នុងនោះបរិមាណបន្លែក្នុងស្រុក៤៤% ចំណែកបន្លែនាំចូលពីក្រៅប្រទេស៥៦%។ ការសិក្សាដោយឡែកមួយបង្ហាញដែរថា បរិមាណបន្លែរបស់ប្រទេសជិតខាងដែលនាំចូលមកក្រុងភ្នំពេញ ប្រមាណ២០០តោន ទៅ៣០០តោន ក្នុងមួយថ្ងៃ។
តំណាងក្រុមកសិករដាំបន្លែមិនប្រើជីគីមី មកពីខេត្តកំពង់ឆ្នាំង លោក ស្រី ហឹម ផល្លី ទទួលបានការគាំទ្រពីអង្គការ ជីវិតថ្លៃថ្នូរ ដែលពីមុនធ្លាប់ប្រើជីគីមី បែរមកប្រើជីសរីរាង្គវិញ ឲ្យអាស៊ីសេរីដឹងថា បន្លែប្រើជីសរីរាង្គល្អទាំងគុណភាពបន្លែ និងផ្ដល់សុវត្ថិភាពដល់អ្នកបរិភោគ។ ប៉ុន្តែ លោកស្រី លើកឡើងថាកសិករ ជួបលំបាកព្រោះ ការដាំដុះបន្លែនេះ ត្រូវការកម្លាំងពលកម្មច្រើន បន្លែពិបាកថែទាំនៅពេលរងការវាយប្រហារពីសត្វល្អិត កសិករពិបាករកទីផ្សារ និង ការចំណាយលើថ្លៃដឹកជញ្ជូនជាដើម៖ «ពេលដែលយើងផលិតបានច្រើន លើសពីតម្រូវការ យើងយកទៅលក់នៅទីផ្សារឯកជនគេទម្លាក់តម្លៃ»។
តាមការបញ្ជាក់ របស់មន្ត្រីជំនាញក្រសួងកសិកម្ម គ្រប់បន្លែសុទ្ធតែជីជាតិអាចទ្រទ្ររាងកាយដូចរបស់មនុស្សដូចគ្នា ប៉ុន្តែ បន្លែដែលប្រើប្រាស់ជីគីមីមិនត្រឹមត្រូវ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម លោក បណ្ឌិត ហ៊ាន វណ្ណហ៊ន ឲ្យដឹងថា ក្រសួងបានជំរុញកសិករ ផលិតបន្លែគ្រប់មុខដោយមានការចងក្រងសហគមន៍ ក្នុងការផលិតបន្លែ ហើយថែមទាំងកែច្នៃបន្លែនៅរដូវសំបូរបន្លែ។ លោកយល់ថា នៅពេលកសិករខ្មែរផលិតបន្លែអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ នោះបន្លែនាំចូលពីក្រៅក៏មិនអាចនាំចូលបានទៀតទេ៖ «យើងបានរៀបចំចងក្រងជាសហគមន៍ជំរុញគាត់ បង្រៀនគាត់ឲ្យចេះផលិតបន្លែ»។
យ៉ាងណាក៏ដោយចុះ អ្វីដែលកសិករជួបប្រទះ គឺកសិករប្រមូលផល ប៉ុន្តែបន្លែរបស់ពួកគេបែរចុះថោក។ ចំណុចនេះ មន្ត្រីជំនាញកសិកម្ម លោក បណ្ឌិត ហ៊ាន វណ្ណហ៊ន ថា ព្រោះបន្លែរបស់កសិកម្មមិនបានហូរចូលទីផ្សារ ដែលលោកទាមទារឲ្យកសិករផលិតបន្លែណាទីផ្សារត្រូវការ។
ប៉ុន្តែ បញ្ហានេះត្រូវប្រជាកសិករ និងសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធវិស័យកសិកម្មយល់ថា ទាល់តែរដ្ឋាភិបាលចេញមុខបង្កើតគោលដៅជាក់លាក់ និងមានការចូលរួមពីវិស័យឯកជន និងកសិករ៕