ក្រសួងមហាផ្ទៃ បង្ហាញថា យុទ្ធនាការរយៈពេល ៥ខែនៃការបង្ក្រាបបទល្មើសនេសាទទូទាំងប្រទេសពីខែធ្នូ ដល់ខែមេសា បានបញ្ជូនជនសង្ស័យចំនួន ៣៦នាក់ទៅតុលាការ។ សង្គមស៊ីវិលធ្វើការងារទាក់ទងរឿងនេះ ស្វាគមន៍យុទ្ធនាការរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែព្រួយបារម្ភខ្លាចក្រសួងពេលចប់យុទ្ធនាការ ទម្លាក់ការងារមកថ្នាក់ក្រោមជាតិ ដែលធ្វើឲ្យការបង្ក្រាបមិនបានខ្លាំងដូចក្រសួង។
ក្រៅតែពីបញ្ជូនជនសង្ស័យចំនួន ៣៦នាក់ទៅតុលាការ ការបង្ក្រាបបទល្មើសនេសាទពីដើមខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានចំនួន ៧៣០ករណី ក្នុងនោះមានសំណុំរឿងបំផ្លាញវត្ថុតាងជាង ៧០៦ករណី។
របាយការណ៍នេះបង្ហាញនៅថ្ងៃទី១៩ ខែមេសា ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីផែនការសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដោយមានការចូលរួមដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា យុទ្ធនាការនេះនៅតែបន្តរហូត ហើយក៏មិនទម្លាក់ឲ្យថ្នាក់ក្រោមជាតិបង្ក្រាបនោះទេ។ លោកបន្តទៀតថា ដើម្បីបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព មិនមែនផ្ដោតលើការបង្ក្រាបនោះទេ ប៉ុន្តែត្រូវកែប្រែច្បាប់ទាក់ទងជលផល៖ «ទោះយ៉ាងណាក៏ដោយ ក្រសួងមិនទម្លាក់ឲ្យទេ (ទម្លាក់ការងារបង្ក្រាបបទល្មើសនេសាទទៅថ្នាក់ក្រោមជាតិ) នៅតែដឹកនាំ លើកលែងតែវាក្លាយទៅជាប្រក្រតីឡើងវិញ»។
ក្រៅពីបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ក៏មានការរឹបអូសវត្ថុតាងដែរ មានដូចជា ទូក កាណូត របាំងសាច់អួន របាំងស្បៃមុង ចម្រឹង មង ឧបករណ៍ឆក់ត្រី និងត្រាក់ទ័រ ជាដើម។
ទាក់ទងការងារនេះ មន្ត្រីសម្របសម្រួលគម្រោងរបស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សជលផល លោក ឯក ចំរើន សង្កេតឃើញថា យុទ្ធនាការនេះមានកន្លែងខ្លះបង្ក្រាបបានជោគជ័យ ប៉ុន្តែក៏មានកន្លែងផ្សេងទៀត បទល្មើសនេសាទនៅតែកើតមានដដែល។ ទោះជាយ៉ាងនេះក្តី លោកគាំទ្រយុទ្ធការបង្ក្រាបបទល្មើសនេសាទរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប៉ុន្តែលោកព្រួយបារម្ភថា ប្រសិនបើសកម្មភាពនេះប្រគល់ឲ្យថ្នាក់ក្រោមជាតិជាអ្នកអនុវត្តផ្ទាល់តែម្តង គឺមិនទទួលបានជោគជ័យនោះទេ៖ «ឲ្យអន្តរក្រសួង អ្នកនេសាទ និងសង្គមស៊ីវិល មានការចូលរួមទប់ស្កាត់បទល្មើសនេសាទឲ្យខ្លាំងបន្តទៀត ព្រោះថាធនធានជលផល បើយើងរួមគ្នាទៅ ទើបអាចបង្ក្រាបបាន»។
ចាប់តាំងពីចុងឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការថ្នាក់ជាតិបង្ក្រាបបទល្មើសទូទាំងប្រទេស ជាពិសេសបណ្ដាខេត្តនៅតាមដងទន្លេ។ លោករដ្ឋមន្ត្រីធ្លាប់ព្រមានដកតំណែងអភិបាលខេត្តនៅតាមបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប បើសិនបន្តឲ្យកើតមានបទល្មើសនេសាទកើតឡើងនោះ៕