ការនាំចេញអង្ករកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០១៧ កើនឡើង បើប្រៀបនឹងឆ្នាំ២០១៦ ក្នុងរយៈពេលដូចគ្នា។ ក៏ប៉ុន្តែនៅខែមីនា តួលេខបង្ហាញពីការថយចុះ ហើយអ្នកនាំចេញអង្ករព្យាករថា និន្នាការនេះនឹងបន្តធ្លាក់ចុះ ដែលត្រូវការយន្តការដោះស្រាយលើកស្ទួយការនាំចេញវិញ។
កម្ពុជាបាននាំអង្ករចេញទៅក្រៅប្រទេសចំនួនជិត ១៧ម៉ឺនតោន (១៦៦.៦៧៨) កាលពីខែមករា កុម្ភៈ និងខែមីនា។ ចំនួននេះកើនឡើង ៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
សហភាពអឺរ៉ុប ជាទីផ្សារធំជាងគេ ហើយប្រទេសចិន ជាទីផ្សារធំទីពីរ។ កម្ពុជា នាំអង្ករទៅសហភាពអឺរ៉ុប ចំនួន ៨ម៉ឺន ៤ពាន់តោន (៨៤.០៥៩) ហើយនាំចេញទៅចិន ចំនួន ៦ម៉ឺន ៧ពាន់តោន (៦៧.៤៨២) ក្នុងរយៈពេល ៣ខែនេះ។
ការនាំចេញអង្ករកើន ១១ភាគរយ នៅខែមករា ហើយកើន ១៧ភាគរយ សម្រាប់ខែកុម្ភៈ ដោយឡែកការនាំចេញបានថយចុះ ១៦ភាគរយនៅខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
សម្រាប់ខែមេសា និងខែឧសភា ខាងមុខ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ហ៊ុន ឡាក់ ប្រមើលថា ការនាំចេញអង្ករកម្ពុជា នឹងបន្តធ្លាក់ចុះទៀត ប្រសិនបើមិនមានការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ។
លោកបញ្ជាក់ថា ការធ្លាក់ចុះនៅខែមីនា ដោយសារការដាក់កំហិតកំណត់ចំនួនក្រុមហ៊ុននាំចេញអង្ករកម្ពុជា របស់រដ្ឋាភិបាលចិន។
លោកបន្ថែមថា ស្រូវក្នុងស្រុកឡើងថ្លៃ ខណៈថ្លៃស្រូវនៅប្រទេសជិតខាងនៅថេរ ធ្វើឲ្យអង្ករកម្ពុជា ថ្លៃជាងអ្នកប្រកួតប្រជែង។ ទិន្នផលស្រូវក្រអូប នៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៦ ប្រមូលបានតិចជាងមុនដែលរាល់ឆ្នាំ អាចប្រមូលបានក្នុងរយៈពេលពេញ ១ខែ តែក្នុងរយៈពេលនេះការប្រមូលផលមានរយៈពេលមិនដល់ ១ខែផង។
កត្តានេះធ្វើឲ្យតម្លៃស្រូវឡើងថ្លៃ ខណៈប្រទេសជិតខាងស្រូវមិនកើនថ្លៃនោះ។
ប្រទេសចិន កំពុងសិក្សាជាលើកចុងក្រោយដើម្បីជ្រើសរើសយកក្រុមហ៊ុនកិនអង្ករកម្ពុជា ដែលមានគុណភាព និងសុវត្ថិភាពស្តង់ដារសម្រាប់នាំចេញទៅស្រុកចិន។ ចិនគ្រោងទិញអង្ករពីកម្ពុជា ចំនួន ២០ម៉ឺនតោននៅឆ្នាំ២០១៧។
លោក ហ៊ុន ឡាក់ ថ្លែងថា ការអន្តរាគមន៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការចរចាឡើងវិញជាមួយភាគីចិន ដើម្បីបើកទូលាយដល់ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា នឹងជួយឲ្យការនាំចេញអង្ករងើបឡើងវិញខ្លះ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១៩ ខែមេសា។
កាលពីឆ្នាំ២០១៦ កម្ពុជា នាំអង្ករចេញចំនួនប្រមាណ ៥៤ម៉ឺនតោន ហើយនៅឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា រំពឹងថា នឹងនាំចេញអង្ករយ៉ាងហោចណាស់ ៦០ម៉ឺនតោន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម លោក ហ៊ាន វណ្ណហន ថ្លែងថា ការពង្រឹងគុណភាព និងស្វែងរកទីផ្សារថ្មីៗ សម្រាប់ការនាំចេញនឹងជួយឲ្យកម្ពុជា សម្រេចទិសដៅនេះបាន។
សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា បានព្រមានឥតទទួលទិញអង្ករកម្ពុជា ប្រសិនបើអង្ករមានថ្នាំកសិកម្មដែលផ្ទុកសារធាតុសកម្មទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) លើសពី ០,០១មិល្លីក្រាម ក្នុងអង្ករមួយគីឡូក្រាម។ ទ្រីហ្ស៊ីក្លាហ្សូល ជាសារធាតុគីមីសកម្មដែលផ្សំសម្រាប់កម្ចាត់ជំងឺផ្សិត ពិសេសជំងឺប្លាស់ (Blast) លើដំណាំស្រូវ និងលើដំណាំដទៃទៀត។ ពីមុនសហភាពអឺរ៉ុប កំណត់កម្រិត ១មិល្លីក្រាមក្នុងមួយគីឡូក្រាម។
ទោះបីជាយ៉ាងណា លោក ហ៊ាន វណ្ណហន មិនព្រួយបារម្ភពីការដាក់កំហិតនេះ ប៉ះពាល់ដល់ការនាំចេញនោះទេ តែលោកយល់ថា ការណែនាំរបស់សហភាពអឺរ៉ុប នឹងជួយដាស់តឿនកសិករកម្ពុជា ប្រើប្រាស់ថ្នាំកសិកម្មឲ្យត្រូវតាមក្បួនខ្នាតស្តង់ដារ។
អនុប្រធាននៃសហព័ន្ធស្រូវអង្ករកម្ពុជា លោក ហ៊ុន ឡាក់ លើកឡើងថា ចំពោះគុណភាពអង្កររបស់កម្ពុជា គឺស្របតាមស្តង់ដារសម្រាប់ការនាំចេញ ហើយប្រៀបធៀបនឹងប្រទេសជិតខាងគឺអង្ករកម្ពុជា ប្រហាក់ប្រហែលនឹងអង្ករថៃ តែខ្ពស់ជាងអង្ករវៀតណាម។ ក៏ប៉ុន្តែថ្លៃដើមនៃការផលិតអង្ករនៅកម្ពុជា មានតម្លៃថ្លៃជាងប្រទេសជិតខាងទាំងពីរ ដែលថ្លៃជាងចន្លោះពី ៦០ ទៅ ១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងអង្ករ ១តោន។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ឡាក់។
ប្រធានអង្គការសេដាក លោក សម វិទូ យល់ស្របនឹងការលើកឡើងរបស់លោក ហ៊ុន ឡាក់។ លោកបន្ថែមថា ថ្លៃដឹកជញ្ជូនថ្លៃជីកសិកម្ម គ្រាប់ពូជ ថ្លៃភ្លើង និងឧបករណ៍កែច្នៃស្រូវ គឺថ្លៃជាងប្រទេសជិតខាង។ លោកថា កសិករកម្ពុជា ក៏នៅខ្វះខាតចំណេះដឹងបច្ចេកទេសក្នុងការដាំដុះស្រូវឲ្យបានតាមស្តង់ដារសម្រាប់នាំចេញ។
ចំណុចមួយទៀតនោះ បញ្ហាកង្វះសាច់ប្រាក់សម្រាប់ទិញស្រូវពីកសិករដើម្បីទុកកិននាំចេញ ក៏រាំងស្ទះដល់ការសម្រេចទិសដៅនាំចេញផងដែរ៕