អភិបាលរង និងជាអ្នកនាំពាក្យសាលាក្រុងភ្នំពេញ សុំមិនឆ្លើយតបចំពោះការរិះគន់របស់មន្ត្រីវាំង ករណីមិនបានតាំងបង្ហាញព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ សម្ដេចឪ និងសម្ដេចម៉ែ នៅទីសាធារណៈសំខាន់ៗក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ។
ការមិនឆ្លើយតបក្រោយពេលទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ រិះគន់ថាការមិនបានតាំងបង្ហាញព្រះឆាយាល័ក្ខណ៍ ជាការធ្វេសប្រហែសរបស់អភិបាលក្រុងភ្នំពេញ និងក្រសួងទេសចរណ៍។
អភិបាលរង និងជាអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៩ ខែមេសា ថា តើមន្ត្រីវាំងផ្អែកលើអ្វីដែលចោទថា ជាការងាររបស់សាលារាជធានីភ្នំពេញ។ លោកថែមទាំងអះអាងថា សាលាក្រុងបានចេញលិខិតណែនាំឲ្យមានការរៀបចំតុបតែងលំអដាក់រូបព្រះឆាយាល័ក្ខណ៍ថែមទៀតផង៖ «បាទ! សុំមិនធ្វើអត្ថាធិប្បាយ។ គាត់ថាគាត់ផ្អែកលើអី ហើយសាលារាជធានីភ្នំពេញ ក៏បានចេញលិខិតណែនាំដែរ»។
ជុំវិញការថ្លែងរបស់ភាគីសាលាក្រុងភ្នំពេញដូចនេះ ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ និយាយថា ការរិះគន់របស់លោកដើម្បីស្ថាបនា ដូច្នេះសាលាក្រុងធ្វើយ៉ាងណានោះ ជាសិទ្ធិរបស់សាលាក្រុងភ្នំពេញទេ៕