សង្គមស៊ីវិល និងអ្នកច្បាប់ នៅតែចាត់ទុកការជួបប្រជុំសម្ដែងមតិ ជាធាតុសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ មិនខុសគ្នានេះដែរ យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក៏ត្រូវចាត់ទុកថា ជាមធ្យោបាយសន្តិវិធីសម្រាប់ពលរដ្ឋ និងសង្គមស៊ីវិល ដែលកន្លងទៅពុំពេញចិត្តនឹងការសម្រេចឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) អគ្គលេខាធិការរង គ.ជ.ប និងអ្នកការពារសិទ្ធិដីធ្លី អ្នកស្រី ទេព វន្នី។
មន្ត្រីក្រសួងយុត្តិធម៌ បានព្រមានថា អ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ អាចប្រឈមនឹងផ្លូវច្បាប់ ប្រសិនបើមានគោលដៅទុច្ចរិតណាមួយដែលល្មើសនឹងច្បាប់។
ទាំងអ្នកការពារសិទ្ធិមនុស្ស និងអ្នកច្បាប់ លើកឡើងថា ពុំមានច្បាប់ណាមួយដែលហាមប្រាមសង្គមស៊ីវិល និងពលរដ្ឋពីការជួបប្រជុំតវ៉ាដោយសន្តិវិធីឡើយ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងនៅថ្ងៃទី១៩ ខែមេសា ថា ការតស៊ូមតិដោយសន្តិវិធី គឺជាសិទ្ធិរបស់ពលរដ្ឋដែលមានធានាដោយច្បាប់។ លោកថា ការជួបប្រជុំតវ៉ាក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរបស់ក្រុមសហគមន៍ និងសង្គមស៊ីវិល ធ្វើដោយសន្តិវិធីទាមទារឲ្យដោះលែងមន្ត្រីអាដហុក មន្ត្រី គ.ជ.ប សកម្មជនដីធ្លី និងអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ៖ «យើងមើលនៅតាមប្រទេសគេផ្សេងៗ ជួនកាលតែមនុស្ស ២នាក់ ក៏គេអាចទៅតវ៉ាបាន ដោយការមិនពេញចិត្ត។ នេះជាសេរីភាពរបស់ពលរដ្ឋ លើកលែងតែអ្នកហ្នឹងទៅធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល ទៅធ្វើអីដែលធ្វើឲ្យវឹកវរលេចជាបទល្មើស បានខុសច្បាប់ ប៉ុន្តែបើគាត់អនុវត្តស្របតាមផ្លូវច្បាប់ វាមិនមែនជារឿងខុសច្បាប់ទេ»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព កាលពីថ្ងៃទី១៧ ខែមេសា បានប្រាប់សារព័ត៌មានក្នុងស្រុកថា អ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ សុំឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី អាចប្រឈមនឹងផ្លូវច្បាប់ ប្រសិនបើមានគោលដៅទុច្ចរិតណាមួយដែលល្មើសនឹងច្បាប់។ លើសពីនេះ លោក គឹម សន្តិភាព ប្រតិកម្មនឹងអ្នកបឹងកក់ដែលបានអំពាវនាវឲ្យមានការចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដោយបានចាប់យកពាក្យទាមទារឲ្យដោះលែងអ្នកជាប់ឃុំថា ជាភាសាខុសច្បាប់ ដោយសំអាងថាពុំមានអំណាចណាមួយមកបញ្ជាឲ្យតុលាការដោះលែងជនណាឡើយ គឺមានតែអំណាចតុលាការទេដែលអាចសម្រេចថាដោះលែង ជនណាត្រូវមានទោស ជាប់ឃុំ។ លោកថា ចំណុចនេះអាចជាទង្វើខុសច្បាប់។
មេធាវី និងជានាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក ហុង គឹមសួន មានប្រសាសន៍ថា លោកពុំបានមើលឃើញថា ការអំពាវនាវឲ្យមានការចូលរួមតស៊ូមតិដោយសន្តិវិធី ជាទង្វើខុសច្បាប់ឡើយ។ លោកថា ទាំងក្របខ័ណ្ឌច្បាប់អន្តរជាតិ និងច្បាប់ជាតិ ជាពិសេសរដ្ឋធម្មនុញ្ញ បានធានាសិទ្ធិសេរីភាពពលរដ្ឋក្នុងការជួបប្រជុំ និងសម្ដែងមតិ។ ម្យ៉ាងទៀត លោកថាប្រសិនបើគោលដៅរបស់ការតវ៉ាគ្រាន់តែជាការស្វែងរកយុត្តិធម៌ និងទាមទារសេរីភាពសម្រាប់អ្នកជាប់ឃុំ អាជ្ញាធរគួរតែប្រឹងប្រែងរកយុត្តិធម៌សម្រាប់ពួកគេ ដែលមិនគួរភ្ជាប់អ្នកតវ៉ាទៅចលនាផ្ដួលរំលំរដ្ឋាភិបាលឡើយ៖ «តុលាការធ្វើការផ្នែកផ្លូវច្បាប់របស់លោក ធ្វើចុះ! ប៉ុន្តែនេះជាការសម្ដែងមតិ កុំថាឡើយតែក្រុមពួកគាត់ ទោះមនុស្សមួយប្រទេសក៏ដោយ តែគេធ្វើការសម្ដែងមតិ គេនិយាយ ឬគេថ្លែងការណ៍ពីការអាណិត ការស្រឡាញ់ ការសុំអង្វរក លន់តួឲ្យដោះលែង នេះមិនមែនជាការប្រព្រឹត្តបទល្មើសទេ ហើយក៏មិនមែនជាការប្រមែប្រមូលគ្នាធ្វើបដិវត្តន៍ដែលអ្នកខ្លះចេះតែយកមកចោទ ធ្វើយ៉ាងណាឲ្យតែពលរដ្ឋទៅជាមនុស្សដែលប្រព្រឹត្តបទល្មើសជាជនទុច្ចរិត។ ក្នុងនាមជាអ្នកដឹកនាំ សូមលោកមើលទៅលើសេរីភាពរបស់អ្នកដែលមិនបានធ្វើអ្វីផ្ទុយនឹងច្បាប់»។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ សន្មតឡើងគឺជាការពាក់អាវពណ៌ខ្មៅព្រមៗគ្នានៅរៀងរាល់ថ្ងៃច័ន្ទ ដើម្បីបង្ហាញថា ពួកគេចាត់ទុកការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនការពារសិទ្ធិដីធ្លី គឺជាអំពើអយុត្តិធម៌។ យុទ្ធនាការនេះ ចាប់ផ្ដើមដំបូងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ គឺនៅក្រោយពេលដែលមន្ត្រីអាដហុក ៤នាក់ មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចាប់ឃុំខ្លួន ក្នុងបទចោទប្រកាន់ថា បានសមគំនិត និងសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ នៅក្រោយអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ និងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ត្រូវចាប់ឃុំខ្លួន យុទ្ធនាការនេះក៏បានទាមទារសេរីភាពសម្រាប់ពួកគេដែរ៕