Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក សម រង្ស៊ី ថា​ពាក្យ​ផ្លាស់ប្ដូរ​របស់​លោក​ជា​ពាក្យ​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា

$
0
0

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពន្យល់​ថា ពាក្យ​ផ្លាស់ប្ដូរ​ដែល​លោក​ប្រើ​ចាប់​ពី​ឆ្នាំ​២០១៧ នេះ​ត​ទៅ ជា​ពាក្យ​សម្រាប់​ជួយ​ស្ដារ​សេដ្ឋកិច្ច រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ និង​សម្រាប់​ជួយ​ឲ្យ​ពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ពេញលេញ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ភូតភរ​ម្ដង​ទៀត។

លោក សម រង្ស៊ី ពន្យល់​អត្ថន័យ​នៃ​ពាក្យ​ផ្លាស់ប្ដូរ​តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​លោក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) កាល​ពី​ថ្ងៃ​ទី​១៨ មេសា ថា​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​រុងរឿង ពោល​គឺ​ផ្លាស់ប្ដូរ​ពលរដ្ឋ​ពី​ជំពាក់​បំណុល​គេ ទៅ​ជា​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ អាច​រស់​បាន​ដោយ​មិន​ចាំបាច់​ខ្ចី​ប្រាក់​គេ។ កសិករ​ផ្លាស់ប្ដូរ​ពី​គ្មាន​ទីផ្សារ​លក់​កសិផល ឬ​បង្ខំ​ចិត្ត​លក់​ដោយ​ខាត​ដើម ទៅ​ជា​មាន​ទីផ្សារ​លក់​ក្នុង​តម្លៃ​សមរម្យ និង​ផ្លាស់ប្ដូរ​ពី​យុវជន​គ្មាន​ការងារ​ធ្វើ ទៅ​ជា​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ជាដើម៖ «ការ​ផ្លាស់ប្ដូរ គឺ​មាន​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ហើយ​ផ្លាស់ប្ដូរ​ពី​សភាពការណ៍​ថ្មី​ទៅ​សភាពការណ៍​ដែល​យើង​ចង់​បាន»

ក្រៅ​ពី​នេះ លោក សម រង្ស៊ី ចាត់​ទុក​ពាក្យ​ផ្លាស់ប្ដូរ​របស់​លោក គឺ​ជា​ការ​ប្ដូរ​ប្រាក់​ខែ​កម្មករ​ពី​តិច​ទៅ​ច្រើន​ជាង​មុន។ បុណ្យ​ស័ក្ដិ​មន្ត្រី​រាជការ​លែង​ឡើង​ដោយសារ​សែស្រឡាយ ទៅ​ជា​ការ​ឡើង​តាម​រយៈ​សមត្ថភាព ឬ​ជន​រងគ្រោះ​ដោយ​តុលាការ​ពុក​រលួយ ផ្លាស់ប្ដូរ​ដោយ​ទទួល​បាន​យុត្តិធម៌។ ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី មិន​បាន​ប្រាប់​ពលរដ្ឋ​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្លាស់ប្ដូរ​នេះ​ទេ។

ពាក្យ «ផ្លាស់ប្ដូរ» ត្រូវ​បាន​បក្ស​ប្រឆាំង​តែង​ប្រើ​ជា​ញឹកញាប់ ពិសេស​តាំង​ពី​មុន​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣។ កាល​ពី​ពេល​ទៅ​ជួប​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ប្រទេស​នូវែលហ្សេឡង់ និង​ប្រទេស​អូស្ត្រាលី លោក កឹម សុខា ប្រកាស​ថា ការ​ផ្លាស់ប្ដូរ​របស់​គណបក្ស​ប្រឆាំង​ចង់​បាន គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដោយ​ភាព​វិជ្ជមាន និង​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​ផ្លាស់ប្ដូរ​របស់​លោក សម រង្ស៊ី ទេ។ លោក ផៃ ស៊ីផាន ចាត់​ទុក​សម្ដី​របស់​លោក សម រង្ស៊ី ដែល​ថ្លែង​នៅ​លើ​ហ្វេសប៊ុក ថា​ជា​ការ​ភូតភរ​ពលរដ្ឋ​ម្ដង​ទៀត។ លោក​បន្ត​ថា លោក សម រង្ស៊ី ធ្លាប់​ប្រើ​ពាក្យ​ផ្លាស់ប្ដូរ​ក្នុង​ចេតនា​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​ចង់​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​រដ្ឋាភិបាល៖ «អ្វី​ដែល​ភាគច្រើន​ដែល​គាត់​លើក​ឡើង​ក្នុង​ហ្វេសប៊ុក គឺ​គាត់​ភរ​ម្ដង​ទៀត... បន្ទាប់​ពី​បោះឆ្នោត​នៅ​ពេល​ថ្មីៗ​នេះ យើង​ដឹង​ហើយ គាត់​មិន​ទទួល​នូវ​លទ្ធផល​បោះឆ្នោត​ដោយ​អត្តនោម័តិ។ គាត់​មិន​គោរព​ច្បាប់ គាត់​ទាមទារ​ទៅ​ញុះញង់​ឲ្យ​មហាជន​ហ្នឹង​ប្រឆាំង​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ដែល​ជាប់​ឆ្នោត»

ការ​ថ្នាំងថ្នាក់​នឹង​គ្នា​ខ្លាំង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ប្រើ​ពាក្យ​ផ្លាស់ប្ដូរ​នេះ គឺ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ពាក្យ​ស្លោក​ផ្លាស់ប្ដូរ​មេ​ឃុំ ពី​មេ​ឃុំ​បម្រើ​បក្ស ទៅ​ជា​មេ​ឃុំ​បម្រើ​រាស្ត្រ​វិញ។

សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ធម្មទូត​នៅ​កម្ពុជា ព្រះតេជព្រះគុណ យស ហ៊ុត មាន​ថេរ​ដីកា​ថា ការ​ផ្លាស់ប្ដូរ គឺ​ជា​ប្រែប្រួល​គ្មាន​ឈប់។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា អ្វីៗ​ទាំងអស់​សុទ្ធតែ​ផ្លាស់ប្ដូរ។ ព្រះអង្គ យស ហ៊ុត ពន្យល់​ក្នុង​ន័យ​ព្រះធម៌​ថា មាន​តែ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​តែ​ប៉ុណ្ណោះ ដើម្បី​អាច​ផ្លាស់ប្ដូរ​ពី​ភាព​ល្ងង់​ខ្លៅ​ទៅ​ជា​អ្នក​ចេះ​ដឹង ផ្លាស់ប្ដូរ​ពី​អំពើ​មិន​ល្អ ទៅ​ជា​ការ​ប្រព្រឹត្ត​ល្អ ជាដើម៖ «ផ្លាស់ប្ដូរ​គ្មាន​ឈប់​ណា! ទាំង​កាយ​ទាំង​ចិត្ត​របស់​យើង អត់​មាន​អី​នៅ​ដដែល នៅ​នឹង​ជា​ស្ថាពរ អត់​មាន​សោះ​តែ​ម៉ង​ក្នុង​លោក​នេះ​ទាំងមូល ចម្រើន​ពរ»

ទោះ​ជា​បែប​នេះ​ក្ដី កន្លង​មក ពាក្យ​ផ្លាស់ប្ដូរ​ដែល​លោក សម រង្ស៊ី ប្រើ ត្រូវ​បាន​រដ្ឋាភិបាល​សង្ស័យ​ថា​ជា​ការ​សាកល្បង​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ក៏​រង​ការ​ចោទ​ថា ជា​ការ​ប៉ុនប៉ង​ផ្លាស់ប្ដូរ​តាម​រយៈ​បដិវត្តន៍​ពណ៌​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles