Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​សង្ឃឹម​​ទទួល​បាន​យុត្តិធម៌​ក្រោយ​ការ​បោះឆ្នោត

$
0
0

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មន្ត្រី និង​សកម្មជន​បក្ស​របស់​ខ្លួន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស សង្ឃឹម​ថា ពួកគាត់​នឹង​ទទួល​បាន​យុត្តិធម៌​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨។ រី​ឯ​បក្ស​កាន់​អំណាច​តប​ថា ករណី​មន្ត្រី​បក្ស​ប្រឆាំង​ជាប់​ឃុំ គឺ​ដោយសារ​ពួកគេ​ធ្វើ​ខុស​នឹង​ច្បាប់ ហើយ​សូម​កុំ​សង្ឃឹម​រឿង​ឈ្នះ​ឆ្នោត​ច្រើន​ពេក។

ថ្លែង​នៅ​ពី​មុខ​ផ្លូវ​ចូល​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​បាន​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន និង​មន្ត្រី​បក្ស​ប្រមាណ ១៦​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា អ្នកស្រី មូរ សុខហួរ បាន​ពាំនាំ​សម្ដី​របស់​សកម្មជន និង​មន្ត្រី​របស់​ខ្លួន​ដែល​អ្នក​ខ្លះ​ជាប់​ឃុំឃាំង​ជាង ២​ឆ្នាំ​រួច​ទៅ​ហើយ​នោះ​ថា ពួកគេ​នៅ​តែ​មាន​ស្មារតី​រឹងមាំ និង​អាច​ស៊ូទ្រាំ​ជាប់​ក្នុង​គុក​បាន ប៉ុន្តែ​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស និង​មន្ត្រី​ទាំង​អស់​ចេះ​សាមគ្គី​គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​ជោគជ័យ ឬ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ​តាម​រយៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨«គាត់​និយាយ​ថា កុំ​យក​រឿង​របស់​គាត់​ទៅ​ដោះដូរ​ក្នុង​រឿង​នយោបាយ គឺ​គាត់​សង្ឃឹម​ទៅ​លើ​អ្នក​បោះឆ្នោត ហើយ​គាត់​ផ្តល់​សាជាថ្មី​ម្តង​ទៀត។ សូម​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​ដែល​មាន​ឈ្មោះ​បោះឆ្នោត ទៅ​ចូលរួម​បោះឆ្នោត​កុំ​បី​ខាន ប្រសិន​បើ​ចង់​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ពួក​គាត់»

​ទោះ​យ៉ាង​ណា​ក្តី អ្នកស្រី មូរ សុខហួរ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​កាន់​អំណាច​ជានិច្ច ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ផ្សេងៗ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ភ្លើង​ខៀវ​ណា​មួយ​ពី​បក្ស​កាន់​អំណាច​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ដែល​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ និយាយ​ថា កុំ​យក​ខ្លួន​ពួកគាត់​ធ្វើ​ជា​ថ្នូរ​នយោបាយ​នោះ មាន​ន័យ​ថា ពួកគាត់​យល់​ថា ករណី​របស់​ពួកគាត់​គឺ​ជា​រឿង​ផ្លូវ​ច្បាប់ មិន​មែន​ជា​រឿង​នយោបាយ ដូច្នេះ​មិន​អាច​អោយ​គណបក្ស​ទាំង​ពីរ​អង្គុយ​ចរចា​ដោះស្រាយ​សំណុំ​រឿង​នេះ​បាន​ទេ។

​ទន្ទឹម​គ្នា​នេះ លោក សុខ ឥសាន ចំអក​ថា មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង កំពុង​តែ​សង្ឃឹម និង​ចម្លង​វប្បធម៌​ពី​លោក សម រង្ស៊ី ដែល​ទន្ទេញ​រត់​មាត់​ថា នឹង​ឈ្នះ​ឆ្នោត ហើយ​មាន​ការ​ផ្លាស់ប្ដូរ​តាំង​ពី​ជាង ២០​ឆ្នាំ​មុន​មក ប៉ុន្តែ​ទីបំផុត​ទៅ​មិន​អាច​ទៅ​រួច​ឡើយ«មាន​ក្រឡា​អី​ឈ្នះ ពី​មុន​មក​សមាគម​អ្នក​ប្រជាធិបតេយ្យ ម៉ម សូណង់ដូ គាត់​ជួយ​បោះ​ជាង ១​លាន​នាក់ គណបក្ស​របស់​លោក សួន សេរីរដ្ឋា នៅ​អាមេរិក ជួយ​បោះ​មួយ​គំនរ ហើយ​ឥឡូវ​នេះ គេ​ចេញ​អស់​ទៅ​ហើយ​នោះ រហូត​ដល់​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡាក់ សុភាព ទៅ​បង្កើត​បក្ស​ថ្មី។ សួរ​ថា តើ​កម្លាំង​នៅ​ប្រមូល​ផ្តុំ​ទេ? កម្លាំង​ប្រមូល​ផ្តុំ​បាន​ត្រឹម​ត្រែ ៥៥​កៅអី ចុះ​ឥឡូវ​គេ​ចេញ​អស់​ហើយ? ខ្ញុំ​យល់​ថា បាន ១០​កៅអី​គ្រាន់​បើ​ហើយ​លើក​នេះ»

ជន​ជាប់​ឃុំ​ទាំង ១៦​នាក់ របស់​គណបក្ស​ប្រឆាំង​នោះ​រួម​មាន អតីត​សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ សមាជិក​រដ្ឋ​សភា លោក អ៊ុំ សំអាន អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា និន្នាការ​នៃ​ការ​ផ្លាស់ប្ដូរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ភាគរយ​ច្រើន ដោយសារ​ពលរដ្ឋ​ចង់​ឲ្យ​កម្ពុជា មាន​ដំណើរ​កា​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ច្រើន​ជាង​នេះ ដូច្នេះ​ប្រសិនបើ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ គឺ​គណបក្ស​ប្រឆាំង​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​ច្រើន«មិន​មាន​ការ​គំរាមកំហែង មិន​មាន​ការ​ទិញ​សន្លឹក​ឆ្នោត មិន​មាន​ការ​បង្ខិតបង្ខំ​ដោយ​រូបភាព​នានា ចឹង​ពលរដ្ឋ​អាច​សម្រេច​ជោគវាសនា​របស់​ខ្លួន​តាម​អ្វី​ដែល​ពួក​គាត់​ចង់​បាន។ ចំពោះ​តុលាការ​នៅ​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន មាន​ន័យ​ថា តំណាង​របស់​ពួក​គាត់​ត្រូវ​បាន​ជ្រើសរើស​ដោយ​ស្រប​តាម​ឆន្ទៈ នៅ​ពេល​នោះ​ហើយ តុលាការ​នឹង​មិន​ឋិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ ឬ​ក្រោម​គណបក្ស​ណា​មួយ​ទេ»

ការ​ឃុំឃាំង​សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​មាន​ចេតនា​នយោបាយ ហើយ​កន្លង​ទៅ​តែង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles