ប្រជាសហគមន៍មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មួយចំនួនធំ រីករាយក្រោយពេលរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធសម្រេចផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។ ទោះយ៉ាងនេះក្តី ប្រជាសហគមន៍ស្នើឲ្យអាជ្ញាធរផ្តល់ប្លង់ជូនពលរដ្ឋមួយចំនួនតូចដែលមិនទាន់ទទួលបានបន្ថែមទៀត។ អាជ្ញាធរខេត្តបញ្ជាក់ថា នេះជាកិច្ចការដែលនៅសេសសល់ នឹងពិនិត្យលទ្ធភាពដោះស្រាយនៅពេលបន្តបន្ទាប់។
អស់រយៈពេលជិត ១០ឆ្នាំមកហើយដែលប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅឃុំត្រមូង ទាមទារឲ្យមានដំណោះស្រាយដីធ្លី និងចង់បានប្លង់កម្មសិទ្ធិស្របច្បាប់ទទួលបានជោគជ័យ។
ភាពជោគជ័យក្រោយពេលរាជរដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីមួយចំនួនចេញពីក្រុមហ៊ុន ហើយប្រគល់ជូនពលរដ្ឋ និងចែកប្លង់កម្មសិទ្ធិស្របច្បាប់ជូនប្រជាសហគមន៍ជាង ៤០០គ្រួសារកាលពីថ្ងៃទី១២ មេសា។
ប្រជាពលរដ្ឋតាំងចិត្តថា នឹងបន្តរស់នៅលើដីដែលទាមទារបានតកូនតចៅ ព្រមទាំងអរគុណដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលបានជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់។
ពលរដ្ឋនៅភូមិខ្នងក្រពើកើត មួយរូប លោកស្រី ឈឺន រតនា ត្រេកអរក្រោយពេលរាជរដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីដែលមានជម្លោះ ហើយប្រគល់ប្លង់កម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ លោកស្រីបញ្ជាក់ថា ភាពរីករាយនេះនៅមិនទាន់ពេញលេញទេ ដោយសារក្នុងចំណោមពួកគាត់ដែលធ្លាប់តវ៉ា គឺមានមួយចំនួនតូច រាជរដ្ឋាភិបាលមិនទាន់សម្រេចផ្តល់ប្លង់កម្មសិទ្ធិនៅឡើយ៖ «ខ្ញុំគិតថាបើពួកគាត់ជួយដល់ប្រជាពលរដ្ឋដែលគ្នាអាស្រ័យផល និងអ្នកចំណីខ្នល់ហ្នឹង ខ្ញុំគិតថាប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ នឹងកាន់តែកើនឡើង»។
កាលពីខែកញ្ញា ឆ្នាំ២០១៦ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹង ដោយស្នើទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយអន្តរាគមន៍ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋចំនួនជាង ៦០០គ្រួសារ (៦៣៥នាក់) នៅលើដីរបស់រដ្ឋជាង ៥០ហិកតារ ដែលបានជួលឲ្យក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ហើយសម្រេចកាត់ជូនពលរដ្ឋទាំងនោះ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលយល់ព្រមផ្តល់កម្មសិទ្ធិជូនពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអតីតបុគ្គលិកក្រុមហ៊ុនជិត ៥០០គ្រួសារ (៤៦៦នាក់) ដែលមករស់នៅមុនពេលរដ្ឋធ្វើអវិនិយោគ និងពុំដែលទទួលបានសំណងពីមុនមក។ ចំណែកពលរដ្ឋជាង ១០០គ្រួសារទៀតដែលមករស់នៅក្រោយអវិនិយោគ រដ្ឋសម្រេចផ្តល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលប៉ុណ្ណោះ។
ពលរដ្ឋមួយរូបទៀតដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិពីរាជរដ្ឋាភិបាល លោកស្រី ជី លីហ៊ាង អះអាងថា បានរស់នៅជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែត្រូវបានអាជ្ញាធរបែងចែកថា គ្រួសារគាត់រស់នៅក្រោយអវិនិយោគទៅវិញ។ លោកស្រីស្នើឲ្យរាជរដ្ឋាភិបាល ផ្តល់យុត្តិធម៌ដល់ពលរដ្ឋដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិ៖ «ដាក់ខ្ញុំក្រោយអវិនិយោគ ប្រជាជនទាំងអស់គេបាន ប៉ុន្តែខ្ញុំ ១៣គ្រួសារអត់បាន។ ខ្ញុំមានការអាក់អន់ចិត្តដែរលោកពូ! ប៉ុន្តែខ្ញុំសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ និងរាជរដ្ឋាភិបាល នឹងជួយដោះស្រាយរកយុត្តិធម៌ឲ្យពួកខ្ញុំទាំងអស់គ្នា»។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី១៩ មេសា ថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត គឺជួយដោះស្រាយនូវអ្វីដែលពលរដ្ឋចង់បាន។ អាជ្ញាធរបានចែកប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋស្ទើរតែគ្រប់គ្នាទៅហើយក្នុងចំណោមពួកគាត់ជាង ៤០០គ្រួសារ។ ចំណែកពលរដ្ឋដែលនៅសេសសល់ អាជ្ញាធរនឹងពិនិត្យលទ្ធភាពដោះស្រាយបន្តទៀត៖ «គាត់ត្រូវជ្រើសរើស គាត់មានដីពីរកន្លែង អ៊ីចឹងមិនអាចជូនគាត់ទាំងពីរកន្លែងបានទេ»។
វិបត្តិដីធ្លីនេះ កើតឡើងតាំងពីឆ្នាំ២០០៨ ក្រោយពេលអតីតក្រុមហ៊ុនចម្ការកៅស៊ូរបស់រដ្ឋមួយនេះ បានធ្វើអវិនិយោគ ឬកែប្រែពីក្រុមហ៊ុនរបស់រដ្ឋទៅជាក្រុមហ៊ុនឯកជន ហើយតម្រូវឲ្យពលរដ្ឋដែលធ្លាប់នៅកន្លងមក ត្រូវទៅរស់នៅតំបន់ផ្សេង។
ការទាមទាររបស់ប្រជាជន គឺមានស្ទើរគ្រប់រូបភាពដូចជា ការដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ការតវ៉ាដោយបិទផ្លូវសាធារណៈ ការលើកគ្នាមកបោះតង់សម្រាន្តនៅមុខសាលាស្រុក។ ការលើកគ្នាមកតវ៉ានៅមុខសាលាខេត្ត ព្រមទាំងនាំគ្នាយកញត្តិទៅដាក់នៅស្ថាប័នជាតិធំៗនៅរាជធានីភ្នំពេញ និងស្កាត់ជួបលោកនាយករដ្ឋមន្ត្រី ជាដើម។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត យល់ថា ពលរដ្ឋទាំងនេះគឺស័ក្តិសមនឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ពីព្រោះពួកគាត់បានរស់នៅតាំងពីតំបន់នោះនៅមិនទាន់មានសន្តិសុខ។ បន្ថែមពីនេះ ពលរដ្ឋនាំគ្នាតស៊ូមតិជាច្រើនឆ្នាំណាស់មកហើយ និងត្រូវរស់នៅដោយភាពមិនស្ងប់ចិត្តរហូតមក។ ការផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាសហគមន៍ គឺបង្ហាញពីផលវិជ្ជមានទាំងពលរដ្ឋ ទាំងអាជ្ញាធរ ទាំងអង្គការសង្គមស៊ីវិល។ បន្ថែមពីនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ពិសេសរដ្ឋមន្ត្រីថ្មីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺលោក ជា សុផារ៉ា ដែលបានដោះស្រាយបញ្ហាប្រឈមជូនពួកគាត់៕