លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ មេសា អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់មាន ការអត់ធ្មត់ និងដោះស្រាយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសជម្លោះក្នុងប្រទេសស៊ីរី (Syria) និងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងតាមរយៈការចរចា។
ការថ្លែងរបស់លោក ហ៊ុន សែន នេះជួនចំពេលដែលសង្គ្រាមនៅក្នុងប្រទេសស៊ីរីកំពុងតែបង្កវាសនាកម្មធ្ងន់ធ្ងរដល់ពលរដ្ឋខ្លួន និងកាន់តែមានភាពតានតឹងខ្លាំងក្រោយពីសហរដ្ឋអាមេរិក បានបាញ់មីស៊ីលស្រោចលើប្រទេសស៊ីរីដោយចោទប្រកាន់ថារដ្ឋាភិបាលលោក បាស្សា អាល់ អាសាដ (Bashar al-Asad) ថាបានប្រើអាវុធគីមីដែលបានបណ្ដាលឲ្យជនស៊ីវិល ជា ពិសេសកុមារស្លាប់ជាច្រើន។ ក្នុងពេលជាមួយគ្នា បញ្ហានៅតំបន់ឧបទ្វីបកូរ៉េក៏កំពុងតែមាន ភាពតានតឹងខ្លាំង៖ «បើទោះបីថា ថ្ងៃនេះជាថ្ងៃចូលឆ្នាំក៏ដោយចុះ តែកម្ពុជាក្នុងឋានៈជារដ្ឋមួយនៃ សមាជិកអង្គការសហប្រជាជាតិសម្ដែងនូវការបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួនចំពោះសភាពការណ៍នៅមជ្ឈិមបូព៌ាជាពិសេសសភាពការណ៍នៅស៊ីរីនិងកូរ៉េខាងជើង»។
លោក ហ៊ុន សែន ថ្លែងថា ទង្វើបាញ់ប្រហារដោយប្រើអាវុធគីមីក្ដី ឬមីស៊ីល (Missile) ក្ដី សុទ្ធសឹងតែជា សោកនាដកម្ម ហើយលោកថាកម្ពុជាធ្លាប់ជាជនរងគ្រោះនៃអំពើបែបនេះរួចហើយ ហើយកម្ពុជាក៏យល់ច្បាស់អំពីការលំបាករបស់ប្រជាជននៃប្រទេសដែលកំពុងមានសង្គ្រាមហែកហួរ គ្នានេះ៕