Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រុម​យុវជន​នាំ​គ្នា​ផ្សព្វផ្សាយ​ពី​ប្រយោជន៍​នៃ​ទន្លេ​មេគង្គ​និង​ដាំ​ដើម​កោងកាង​នៅ​ខេត្ត​កំពត

$
0
0

ក្រុម​យុវជន​ចំនួន ១៥​នាក់​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ខេត្ត​កំពត រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ស្ដីពី​សកម្មភាព​យុវជន ដើម្បី​ទន្លេ​មេគង្គ ដែល​រៀបចំ​ដោយ​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម (CVS) ក្រោម​កិច្ច​ឧបត្ថម្ភ​ពី​អង្គការ​អុកស្វាម (Oxfam) ដើម្បី​ចងក្រង​យុវជន​សម្រាប់​សកម្មភាព​នៃ​ទន្លេ​មេគង្គ។

ដំណើរ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នេះ​មាន​គោល​បំណង​លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​យុវជន​ក្នុង​សកម្មភាព​ការពារ និង​ថែរក្សា​ទន្លេ​មេគង្គ​ប្រកប​ដោយ​និរន្តរភាព សមភាព និង​សមធម៌។

បុគ្គលិក​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម កញ្ញា ចាប កនិដ្ឋា បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៩ មេសា ថា ទស្សនកិច្ច​នេះ​មាន​ការ​ដាក់​តាំង​បង្ហាញ​រូបថត​មួយ​ចំនួន​ទាក់ទង​នឹង​ទន្លេ​មេគង្គ និង​ប្រកាស​លទ្ធផល​រូបថត​ដែល​មាន​អ្នក​ចូល​ចិត្ត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​ជាង​គេ។ រូបថត​ដែល​ត្រូវ​បាន​យក​មក​ប្រកួត​ប្រជែង និង​ដាក់​តាំង​បង្ហាញ​ទាំងនោះ មួយ​ចំនួន​បង្ហាញ​ពី​ជីវភាព​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្គ ការ​ប្រកប​របរ​នេសាទ និង​ខ្លះ​ទៀត​បង្ហាញ​ពី​ការ​បំពុល​ទឹក​តាម​រយៈ​ការ​បង្ហូរ​កាក​សំណល់​ចូល​ក្នុង​ទន្លេ។

កញ្ញា​បញ្ជាក់​ថា ដោយសារ​តែ​ទន្លេ​មេគង្គ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចនេះ​ទាមទារ​ឲ្យ​យុវជន​ត្រូវ​ចាប់​អារម្មណ៍ និង​ចូលរួម​ជួយ​ថែរក្សា​ទាំងអស់​គ្នា ព្រោះ​វា​ជា​អាយុ​ជីវិត​របស់​ពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ និង​អាស្រ័យ​ផល​ពី​ទន្លេ​នេះ«យុវជន​ជា​ផ្នែក​មួយ​នៃ​ការ​អាស្រ័យ​ការ​ប្រើប្រាស់​លើ​ទន្លេ​មេគង្គ ហើយ​ពួក​គាត់​សុទ្ធតែ​ជា​អ្នក​មាន​គំនិត និង​សមត្ថភាព​ក្នុង​ការ​ចូលរួម​ចំណែក​សម្រេច​ចិត្ត​ក្នុង​ការ​ការពារ និង​លើក​បង្ហាញ​ក្តី​កង្វល់​របស់​ពួក​គាត់​ទៅ​លើ​ទន្លេ​មេគង្គ។ បើ​សិន​ជា​បាត់បង់​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ពី​យុវជន វា​គួរ​ឲ្យ​សោកស្ដាយ​មែន​ទែន»

ក្រៅ​ពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​ទន្លេ​មេគង្គ ក្រុម​យុវជន​ក៏​បាន​ទៅ​ទស្សនា​ព្រៃ​កោងកាង​ក្នុង​សហគមន៍​ត្រពាំង​សង្កែ ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត ព្រម​ទាំង​រួម​គ្នា​ដាំ​ដើម​កោងកាង​ទៀត​ផង។ កញ្ញា ចាប កនិដ្ឋា បញ្ជាក់​ថា ការ​នាំ​យុវជន​មក​កាន់​តំបន់​មាត់​សមុទ្រ​នេះ គឺ​ដើម្បី​ឲ្យ​ពួក​គេ​បាន​សិក្សា​ពី​អ្វី​ដែល​ថ្មី និង​ប្លែក​ពី​ការ​សិក្សា​មុនៗ ហើយ​ដោយសារ​តែ​ទន្លេ និង​សមុទ្រ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ដូចនេះ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​រឿង​មួយ​ដ៏​ចាំបាច់«យើង​ចង់​ឲ្យ​យុវជន​បាន​សិក្សា​ថា តើ​ទឹក​សាប​នៃ​ទន្លេ​មេគង្គ វា​ទាក់ទង​គ្នា​យ៉ាង​ដូចម្តេច​ជាមួយ​ទឹក​សមុទ្រ​ហ្នឹង? ហើយ​ក៏​ចង់​ឲ្យ​យុវជន​ផ្លាស់ប្ដូរ​បទពិសោធន៍​មើល​ឃើញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ដង​ទន្លេ មក​មើល​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​រស់នៅ​លើ​ទឹក​ដូច​គ្នា គ្រាន់​តែ​ទឹក​ប្រៃ​នៅ​ក្នុង​ខេត្ត​កំពត នេះ»

កញ្ញា សេម បូរីន គឺ​ជា​និស្សិត​ផ្នែក​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ​មួយ​រូប​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ។ នាង​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ចុះ​សិក្សា​ដោយ​ផ្ទាល់ នាង​សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ កំពុង​ប្រឈម​បញ្ហា​ជាច្រើន​ដែល​កើត​ចេញ​មក​ពី​ការ​ខូចខាត​នៃ​ធនធាន​ទន្លេ​មេគង្គ។ នាង​យល់​ឃើញ​ថា ទន្លេ​មេគង្គ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង ដូចជា គមនាគមន៍ មច្ឆជាតិ និង​ផ្តល់​ទឹកសាប​សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ផល​ដំណាំ ដូច្នេះ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​វា​កុំ​ឲ្យ​រង​ការ​បំផ្លិចបំផ្លាញ​ត​ទៅ​មុខ​ទៀត«ទន្លេ​មេគង្គ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​ជា​ជីវិត​នៃ​ប្រជាជន​កម្ពុជា យើង សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន។ បើ​សិន​ជា​អត់​មាន​ទន្លេ ការ​រស់នៅ​របស់​យើង​អត់​មាន​ន័យ​ទេ។ សម្រាប់​ខ្ញុំ​ជា​យុវជន ខ្ញុំ​ចង់​ចែក​រំលែក​ព័ត៌មាន​នេះ​ឲ្យ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​បាន​សិក្សា​យល់​ដឹង និង​ជួយ​ការពារ​ទន្លេ ព្រោះ​វា​ជា​អាយុ​ជីវិត​របស់​យើង​ទាំងអស់​គ្នា»

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន ធ្លាប់​បាន​លើក​ឡើង​ថា ធនធាន​ក្នុង​ទន្លេ​មេគង្គ​បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​ហានិភ័យ​ពីរ​សំខាន់។ នោះ​គឺ​ជា​ការ​នេសាទ​ខុស​ច្បាប់ និង​គម្រោង​ទំនប់​វារីអគ្គិសនី​ជាច្រើន​កន្លែង​ដែល​អាច​បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ និង​ជីវចម្រុះ​នៅ​តាម​ដង​ទន្លេ​មេគង្គ។ អនុសាសន៍​ដែល​អ្នក​ជំនាញ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល គឺ​ការ​គិតគូរ​អំពី​ថាមពល​កើត​ឡើង​វិញ ដូចជា​បន្ទះ​សូឡា ឬ​ថាមពល​ខ្យល់ ជា​ជាង​ការ​ផ្ដោត​តែ​ទៅ​លើ​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ។ លើស​ពី​នេះ អ្នក​ជំនាញ​ក៏​ជំរុញ​ឲ្យ​យុវជន​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​ជួយ​ថែរក្សា​ធនធាន​ទន្លេ​មេគង្គ​ឲ្យ​បាន​គង់វង្ស​ផង​ដែរ ដ្បិត​ពួក​គេ​មាន​ចំណេះ​ដឹង និង​ថាមពល​ខ្លាំងក្លា ដែល​នឹង​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles