ក្រុមសហគមន៍បុរីកីឡា និងបឹងកក់ អះអាងថា ពួកគេសម្រេចផ្អាកការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមួយរយៈពេល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្តែនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីចប់ ពួកគេនឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឡើងវិញ ដើម្បីទាមទាររកយុត្តិធម៌។
តំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន និងតំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ មេសា ថា នៅរដូវបុណ្យចូលឆ្នាំពេលរដ្ឋរវល់ ហើយអ្នកខ្លះទៅស្រុកកំណើត ទើបពួកគេផ្អាកធ្វើយុទ្ធនាការនេះមួយរយៈ។
កន្លងទៅ ក្រុមសហគមន៍ដែលរងគ្រោះដោយបញ្ហាដីធ្លីទាំងពីរសហគមន៍នេះ តែងតែរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅស្ទើររៀងរាល់សប្ដាហ៍ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសមាគមអាដហុក (ADHOC) ៤រូប មន្ត្រីអគ្គលេខាធិការរង គ.ជ.ប ១រូប សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី អ្នកវិភាគនយោបាយវ័យក្មេង លោក គឹម សុខ និងទាមទារឲ្យស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ជាពិសេសក្រុមសហគមន៍ទាំងពីរនេះ ក៏ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ចប់បញ្ហាយកដីពួកគេទៅអភិវឌ្ឍដោយគ្មានផ្ដល់សំណងផងដែរ។
ចំណែកខាងសហគមន៍បឹងកក់ បញ្ជាក់ថា ប្រសិនបើអ្នកស្រី ទេព វន្នី មិនត្រូវបានរដ្ឋាភិបាលដោះលែងឲ្យបានមុនបុណ្យចូលឆ្នាំថ្មីនេះទេ ពួកគេនឹងធ្វើយុទ្ធនាការជាច្រើនផ្សេងទៀតនៅក្រោយពិធីបុណ្យចូលឆ្នាំ រហូតរដ្ឋាភិបាលសម្រេចដោះលែងតំណាងរបស់ពួកគេឲ្យមានសេរីភាពឡើងវិញ៕