Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណបក្ស​ប្រឆាំង​គ្រោង​ពិភាក្សា​គ្នា​ជុំវិញ​រឿង​ជ្រើសរើស​អនុប្រធាន​បក្ស​ទាំង​៣​រូប

$
0
0

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​ជុំវិញ​ការ​ជ្រើសរើស​អនុប្រធាន​ទាំង ៣​រូប ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ថា ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​បក្ស។ រីឯ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ខ្លួន​ស្វាគមន៍​ជានិច្ច ប្រសិន​បើ​បក្ស​ប្រឆាំង​ចង់​ជួប​ជជែក​គ្នា​ម្ដង​ទៀត ដើម្បី​ដោះស្រាយ​រឿង​លក្ខន្តិកៈ​បក្ស​នេះ។

ថ្វីត្បិតតែ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ហាក់​ស្ងប់ស្ងាត់​មិន​សូវ​វាយ​ប្រហារ​គ្នា​ធ្ងន់ៗ​ក្នុង​ឱកាស​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ក្ដី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ឧបសគ្គ​ត្រូវ​ពុះពារ ក្រោយ​ពី​ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​ទទួល​ស្គាល់​ការ​ជ្រើសរើស​អនុប្រធាន​បក្ស​ទាំង ៣​រូប និង​ទទួល​ស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​បក្ស។ ពាក់ព័ន្ធ​នឹង​រឿង​នេះ គណបក្ស​ប្រឆាំង​ថា​នឹង​កោះ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​ឡើយ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៩ មេសា ថា មូលហេតុ​ដែល​មិន​ទាន់​ដឹង​អំពី​ពេល​ជាក់លាក់ ដោយសារ​បច្ចុប្បន្ន ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​មិន​ទាន់​ជួបជុំ​គ្នា​នៅ​ឡើយ។ លោក​បន្ត​ថា ការ​សម្រេច​យ៉ាង​ណា នឹង​ដឹង​ក្រោយ​កិច្ច​ប្រជុំ​នា​ពេល​នោះ«ប្រជុំ​វា​មិន​មែន​មាន​តែ​មួយ​រឿង​ទេ វា​មាន​ច្រើន​រឿង អ៊ីចឹង​ដល់​ពេល​ប្រជុំ យើង​ក៏​អាច​លើក​រឿង​នេះ​ទៅ​ជជែក​គ្នា​ដែរ​ដើម្បី​ធ្វើ​អ្វី​ទៀត»

នៅ​ថ្ងៃ​ទី​៥ មេសា ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​ឆ្លើយតប​ទៅ​គណបក្ស​ប្រឆាំង បន្ទាប់​ពី​គណៈកម្មាធិការ​នាយក​គណបក្ស​នេះ កាល​ពី​ថ្ងៃ​ទី​២ មេសា បាន​រក្សា​ទុក​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​ឲ្យ​នៅ​ដដែល តែ​សម្រេច​លុប​ចោល​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច និង​ក្រសួង​មហាផ្ទៃ។ ក្នុង​លិខិត​ដដែល​នេះ ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​ការ​ជ្រើសរើស​អនុប្រធាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣​រូប ដែល​មាន​សមាសភាព​របស់​អ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា មូលហេតុ​ដែល​ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​សមាសភាព​អនុប្រធាន​បក្ស​ប្រឆាំង​ទាំង ៣​រូប​នោះ ដោយសារ​ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង​លើស​ពី ៣០​ថ្ងៃ បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​ប្រធាន​បក្ស​របស់​លោក សម រង្ស៊ី ដែល​ខុស​គ្នា​នឹង​លក្ខន្តិកៈ​គណបក្ស​នេះ​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។ លោក​បន្ថែម​ថា ក្រសួង​គ្មាន​សិទ្ធិ​អំណាច​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ធ្វើ​តាម​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ ក្រសួង​គ្រាន់​តែ​មាន​តួនាទី​ត្រួត​ពិនិត្យ​នូវ​អ្វី​ដែល​គណបក្ស​នោះ​និយាយ និង​ធ្វើ​ប៉ុណ្ណោះ«គាត់​ជ្រើសរើស​ថ្ងៃ​ទី​២ មីនា វា​ខុស​ទៅ​ហើយ ព្រោះ​លក្ខន្តិកៈ​មិន​តម្រូវ​ឲ្យ​ជ្រើសរើស ៣​នាក់​ទេ​ម្ដង​ហើយ។ ដល់​ពេល​គាត់​ធ្វើ​វិសោធនកម្ម​ជ្រើសរើស​ទៀត​ក្នុង​រយៈ ៣០​ថ្ងៃ ក្រោយ​ប្រធាន​លាលែង វា​រឹតតែ​ខុស​ទៀត ខុស​ជាន់​លើ​ខុស»

លោក ខៀវ សុភ័គ បញ្ជាក់​ថា ប្រសិន​បើ​មាន​សំណើ​ចង់​ជួប​ជជែក​គ្នា​ម្ដង​ទៀត ក្រសួង​នឹង​រៀបចំ​តាម​ការ​ចង់​បាន​របស់​បក្ស​ប្រឆាំង។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ក្រសួង​មហាផ្ទៃ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា​ម្ដង​រួច​មក​ហើយ បន្ទាប់​ពី​ក្រសួង​មិន​ទទួល​ស្គាល់​ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២ មីនា ដែល​មាន​ការ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​បក្ស​ឡើង​វិញ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​លាលែង​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ។

រឿងរ៉ាវ​ស្មុគស្មាញ​តាម​យាយី​បក្ស​ប្រឆាំង​មក​ដល់​ពេល​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី ដែល​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​នៅ​តុលាការ បាន​សម្រេច​លះបង់​តំណែង​ខ្ពស់​បំផុត​ក្នុង​បក្ស ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​គេ​រំលាយ​ចោល ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ប្រញាប់ប្រញាល់ ដែល​ការ​កែប្រែ​ច្បាប់​នេះ បាន​ផ្ដល់​សិទ្ធិ​ដ៏​ធំធេង​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ទៅ​រំលាយ​គណបក្ស​នយោបាយ​ចោល ប្រសិន​បើ​ប្រធាន ឬ​អនុប្រធាន​បក្ស​នោះ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ប្រព្រឹត្ត​បទល្មើស​ណា​មួយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែង​ឈ្នះ​ក្ដី​រាល់​សំណុំ​រឿង​ជាច្រើន​ជាមួយ​លោក សម រង្ស៊ី នៅ​តុលាការ​ក្រុង​ភ្នំពេញ ក្រៅ​ពី​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ លោក​ក៏​ព្រមាន​រឹប​អូស​យក​រាល់​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​លោក សម រង្ស៊ី ចាប់​តាំង​ពី​ផ្ទះ ដី រហូត​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ផង​ដែរ ដើម្បី​ធ្វើ​ជា​សំណង​សង​ថ្លៃ​ខូចខាត​មក​លើ​រូប​លោក។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការ​មិន​ទទួល​ស្គាល់​សមាសភាព​ថ្នាក់​ដឹកនាំ​អនុប្រធាន​បក្ស​ប្រឆាំង​ទាំង ៣​រូប មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុពលភាព​គណបក្ស​ប្រឆាំង​នោះ​ទេ ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា ប្រសិន​បើ​គណបក្ស​មួយ​គ្មាន​អនុប្រធាន​ច្បាស់លាស់ អាច​ធ្វើ​ឲ្យ​បក្ស​នោះ​ជួប​ភាព​លំបាក​មួយ​ចំនួន ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទៃក្នុង​បក្ស ព្រម​ទាំង​ការ​ស្វែងរក​ថវិកា ជាដើម«វា​មាន​ការ​រអាក់រអួល​ខ្លះ​ដែរ​ក្នុង​ការ​ចាត់ចែង គ្រប់គ្រង ចែក​គ្នា​គ្រប់គ្រង អនុប្រធាន​មួយៗ​ទទួល​បន្ទុក​ផ្នែក​រៀងៗ​ខ្លួន»

លោក សំ គន្ធាមី មើល​ឃើញ​ថា ការ​មិន​ទទួល​ស្គាល់​អនុប្រធាន​បក្ស​ទាំង ៣​រូប​របស់​បក្ស​ប្រឆាំង​ពី​សំណាក់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ហាក់​មិន​សូវ​ជា​ស្មុគស្មាញ​សោះ ព្រោះ​គណបក្ស​ប្រឆាំង​អាច​ជួប​ជជែក​គ្នា​ជាមួយ​ក្រសួង​មហាផ្ទៃ ម្ដង​ទៀត ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត​ពាក់ព័ន្ធ​នឹង​ឯកសារ​ច្បាប់ រួច​ហើយ​រៀបចំ​បែបបទ​បំពេញ​បន្ថែម​តាម​អ្វី​ដែល​ក្រសួង​មហាផ្ទៃ ចង់​បាន ដូច្នោះ​រឿង​នេះ​នឹង​ចប់​សព្វគ្រប់​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles