អ្នកឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នៅតែព្រួយបារម្ភពីដីព្រៃលិចទឹក ឬព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជរាប់ពាន់ហិកតារ នៅមូលដ្ឋានស្រុកព្រៃនប់ ឃុំទឹកថ្លា អាចនឹងត្រូវបំផ្លាញធ្វើជាកម្មសិទ្ធិឯកជន បើប្រមុខដឹកនាំរាជរដ្ឋាភិបាលមិនជួយទប់ស្កាត់ទេ។
ការព្រួយបារម្ភនេះ បានកើតមានជាថ្មីទៀត ដោយសង្កេតឃើញមានរថយន្តដឹកដីធំៗ និងគ្រឿងចក្របានដឹកដីចាក់លុបបរិវេណដីព្រៃកោងកាងទាំងនោះ ដោយមិនឃើញអាជ្ញាធរស្ថាប័នពាក់ព័ន្ធទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋរស់នៅឃុំទឹកថ្លា ខេត្តព្រះសីហនុ បារម្ភថា ដីព្រៃលិចទឹក ឬព្រៃកោងកាងដែលជាជម្រកត្រីសមុទ្របន្តពូជរាប់ពាន់ហិកតារ មានទីតាំងនៅឃុំទឹកថ្លា ស្រុកព្រៃនប់ នឹងត្រូវបំផ្លាញក្លាយជាកម្មសិទ្ធិបុគ្គល និងក្រុមហ៊ុន។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែរក្សាដីព្រៃលិចទឹកនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ឲ្យបានគង់វង្ស ព្រោះរាល់ថ្ងៃនេះ ឈ្មួញ និងបុគ្គលមានទ្រព្យនៅបន្តមានមហិច្ឆតាទន្ទ្រានកាន់កាប់បរិវេណដីព្រៃកោងកាងរាប់ពាន់ហិកតារនេះធ្វើជាកម្មសិទ្ធិឯកជន។
អ្នកស្រី សុធារី ក៏ស្នើដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យជួយទប់ស្កាត់សកម្មភាពចាក់ដីលុបព្រៃលិចទឹក ឬព្រៃកោងកាងរាប់ពាន់ហិកតារនៅមូលដ្ឋានឃុំទឹកថ្លា ឲ្យមានប្រសិទ្ធភាព ដើម្បីសង្គ្រោះជម្រកត្រីសមុទ្រពងកូននាមូលដ្ឋាននេះឲ្យបានគង់វង្ស។
អ្នកស្រី សុធារី សង្កេតឃើញថា រាល់ថ្ងៃនេះ ឈ្មួញ និងមន្ត្រីមានអំណាចមួយចំនួនមានមហិច្ឆតារំលោភដីបរិវេណព្រៃលិចទឹកនាមូលដ្ឋានខេត្តព្រះសីហនុ យកធ្វើកម្មសិទ្ធិឯកជន បានបន្តកើតមានជាបន្តបន្ទាប់។ ពួកគេដឹងថា ដីព្រៃលិចទឹកទាំងនោះជាដីសាធារណៈរបស់រដ្ឋបែបណាក្តី ក៏ប៉ុន្តែមានមន្ត្រីស្ថាប័នពាក់ព័ន្ធខ្លះកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ បានជួយសម្រួលឈានដល់ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់ប្រព័ន្ធ ជូនបុគ្គល និងក្រុមហ៊ុនឯកជនមួយចំនួនជាបន្តបន្ទាប់។
មន្ត្រីសមាគមអាដហុក អ្នកស្រី សុធារី ចាត់ទុកសកម្មភាពរបស់ឈ្មួញ និងបុគ្គលមានទ្រព្យ អាចបន្តធ្វើសកម្មភាពដឹកដីចាក់លុបព្រៃកោងកាងបន្តកើតមានជាបន្តបន្ទាប់នាមូលដ្ឋានឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថាបានអនុវត្តផ្ទុយ ឬផ្គើនទៅនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដាក់ឲ្យមន្ត្រីក្រោមឱវាទមានក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំខេត្តជាប់សមុទ្រទាំង ៤ មានខេត្តព្រះសីហនុ ជាដើម ឲ្យថែរក្សាការពារដីព្រៃលិចទឹក ឬព្រៃកោងកាងឲ្យបានគង់វង្សនោះ។
ចំណែកលោក ប៊ួន ណារិទ្ធិ អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ ហួសចិត្តកាលបើឃើញឈ្មួញ ឬមន្ត្រីមានអំណាចខ្លះ នៅបន្តចាក់ដីលុបបរិវេណដីមានដុះព្រៃកោងកាងមានដើមដុះល្អៗ និងមានកម្ពស់បួនប្រាំម៉ែត្រនៅឃុំទឹកថ្លា ប៉ុន្តែបែរជាអាជ្ញាធរស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រះសីហនុ គ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទៅវិញ។
អ្នកឃ្លាំមើលសង្គមរូបនេះ បង្ហាញទស្សនៈថា ដីព្រៃកោងកាងដែលជាជម្រកត្រីសមុទ្រគ្រប់ប្រភេទបន្តពូជ ទោះក្រោមរូបភាពណាក៏ដោយ មិនគួរមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ឈានដល់ជួយសម្រួលឯកសារច្បាប់ ឬអនុញ្ញាតច្បាប់ជូនបុគ្គលឯកជន ឬក្រុមហ៊ុនឲ្យមកបំផ្លាញធនធានធម្មជាតិដីព្រៃលិចទឹកចោលនោះទេ៖ «កន្លងមក ប្រជាពលរដ្ឋរស់នៅឃុំទឹកថ្លា តំណាងសហគមន៍ និងសង្គមស៊ីវិលយើងនាមូលដ្ឋានខេត្តព្រះសីហនុ ធ្លាប់បានជំទាស់ និងទាមទារឲ្យប្រមុខរាជរដ្ឋាភិបាលលោកទប់ស្កាត់កុំឲ្យមានការបំផ្លាញព្រៃកោងកាង ស្របតាមសម្ដេចនាយករដ្ឋមន្ត្រី ដែលសម្ដេចបានប្រកាសឲ្យថែរក្សាធនធានធម្មជាតិ និងឲ្យមោឃភាពប្លង់កម្មសិទ្ធិទាំងឡាយណានៅខេត្តជាប់ឆ្នេរសមុទ្រខេត្តទាំង៤ នេះ។ ប៉ុន្តែយើងសង្កេតឃើញថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរដែនដីហាក់ដូចជាមិនបានអនុវត្តទៅតាមសេចក្តីណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ»។
មន្ត្រីអង្គការលីកាដូ លោក ប៊ួន ណារិទ្ធិ ស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសង្គ្រោះបរិវេណដីព្រៃកោងកាងរាប់ពាន់ហិកតារនៅមូលដ្ឋានឃុំទឹកថ្លា ស្រុកព្រៃនប់ ឲ្យបានគង់វង្ស ព្រោះរាល់ថ្ងៃនេះកំពុងប្រឈមសកម្មភាពដឹកដីចាក់លុបធនធានធម្មជាតិទាំងនោះបំផ្លាញចោល។ ជាងនេះ ក៏ស្នើដល់ប្រមុខដឹកនាំឲ្យកោះអញ្ជើញមន្ត្រីជាប់ពាក់ព័ន្ធក្នុងការចេញប្លង់កម្មសិទ្ធិ ឬអនុញ្ញាតច្បាប់ទៅឲ្យបុគ្គលឯកជនទៅលើតំបន់ដីព្រៃលិចទឹក ជាជម្រកត្រីសមុទ្របន្តពូជ ដើម្បីឈានដល់ផ្ដន្ទាទោសតាមផ្លូវច្បាប់ បើរកឃើញកំហុសឆ្គង៖ «គម្រោងចាក់ដីលុបព្រៃកោងកាងនាមូលដ្ឋានឃុំទឹកថ្លា នេះ យើងឃើញថាមានក្រសួងពាក់ព័ន្ធមួយចំនួន ក៏បានទាមទារឲ្យក្រុមហ៊ុននេះធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ដាក់ជូនទៅក្រសួង ដើម្បីឲ្យក្រសួងសម្រេចថា តើក្រុមហ៊ុនគួរត្រូវអភិវឌ្ឍនៅតំបន់នេះ ឬមួយមិនត្រូវឲ្យអភិវឌ្ឍនៅតំបន់នោះ។ ប៉ុន្តែកន្លងមកនេះ ក្រុមហ៊ុនចាក់ដីលុបព្រៃកោងកាងនៅតំបន់ព្រៃលិចទឹកឃុំទឹកថ្លា នេះ មិនបានធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាននេះទេ ប៉ុន្តែបានចាក់ដីលុបព្រៃកោងកាង និងប៉ុនប៉ងអភិវឌ្ឍតំបន់នេះ ដោយមិនទាន់មានការយល់ព្រមពីរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាផលប៉ះពាល់ដែលរស់នៅសហគមន៍នោះនៅឡើយទេ»។
នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក នេន ចំរើន បានទទួលស្គាល់ថា កន្លងមកនេះ ពិតជាមានការចាក់ដីរានយកដីក្នុងតំបន់ព្រៃកោងកាងមួយចំនួនស្ថិតក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ នោះមែន។ ហើយករណីនេះ មន្ត្រីជំនាញស្ថាប័នលោក ក៏បានរាយការណ៍ជូនថ្នាក់ដឹកនាំថ្នាក់លើជួយមានវិធានការបន្ត និងស្នើឲ្យក្រុមហ៊ុន និងឈ្មួញ បញ្ឈប់សកម្មភាពរថយន្តដឹកដីចាក់លុបព្រៃកោងកាងនៅមូលដ្ឋាននេះជាបណ្ដោះអាសន្ន។
អភិបាលស្រុកព្រៃនប់ លោក ទិត្យ វុទ្ធី បញ្ជាក់ថា កន្លងមកពិតជាមានសកម្មភាពដឹកដីចាក់លុបព្រៃកោងកាង មានទីតាំងនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ប្រាកដមែន ដោយឈ្មួញដឹកដីចាក់លុបដីព្រៃកោងកាងទាំងនោះអះអាងថា ពួកគេមានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកព្រៃនប់ ព្រួយបារម្ភដែរថា បើព្រៃកោងកាងត្រូវបំផ្លាញអស់ នៅថ្ងៃអនាគត តំបន់នេះនឹងត្រូវរងនូវខ្យល់ព្យុះបោកបក់ខ្លាំង នាំឲ្យប៉ះពាល់ដល់ជម្រក និងការធ្វើរបរនេសាទរបស់ពួកគេ ដែលរស់ពឹងផ្អែកទៅលើការធ្វើរបរជាអ្នកនេសាទសមុទ្រតំណតាំងពីដូនតារៀងមក។ ប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ក៏ស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសង្គ្រោះដីព្រៃកោងកាងរាប់ពាន់ហិកតារនេះឲ្យបានគង់វង្ស ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតពឹងផ្អែកអាស្រ័យផលចិញ្ចឹមជីវិតបន្តទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី បានណែនាំលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ចំនួន ២ចំណុច គឺនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង៤ មានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង។
ទោះជាបែបនេះក្តី រាល់ថ្ងៃនេះគេសង្កេតឃើញថា បរិវេណដីព្រៃលិចទឹក ឬដីព្រៃកោងកាងរាប់ពាន់ហិកតារដុះនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួននាខេត្តកោះកុង និងខេត្តព្រះសីហនុ មានព្រៃកោងកាងដុះនៅឃុំទឹកថ្លា ជាដើមនេះ ត្រូវឈ្មួញ និងបុគ្គលមានទ្រព្យបន្តមានមហិច្ឆតាដឹកដីចាក់លុបព្រៃកោងកាងជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ដោយមិនខ្វល់នឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់រដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រនីមួយៗ ត្រូវថែរក្សាបរិវេណដីព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រទាំងនេះឲ្យបានគង់វង្សនោះទេ៕