Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​ខេត្ត​កំពត​កោះ​ហៅ​ពលរដ្ឋ​ម្នាក់​ចូល​បំភ្លឺ​រឿង​បរិហារ​កេរ្តិ៍​ឈ្មួញ​ទិញ​ដី

$
0
0

សាលា​ដំបូង​ខេត្ត​កំពត កោះ​ហៅ​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា ជុំវិញ​បណ្ដឹង​បរិហារ​កេរ្តិ៍​ដែល​ប្ដឹង​ដោយ​បុគ្គល​ម្នាក់ ដែល​ពលរដ្ឋ​ភូមិ​ព្រៃពាយ អះអាង​ថា​ជា​ឈ្មួញ​ទិញ​ដី និង​ជា​អ្នក​ដែល​តែង​បង្ក​ហិង្សា​លើ​ពលរដ្ឋ។ មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​បណ្ដឹង​បរិហារ​កេរ្តិ៍​នេះ ថា​ជា​ការ​គំរាម​កំហែង​ពលរដ្ឋ​កុំ​ឲ្យ​ងើប​តវ៉ា​រឿង​ដីធ្លី។

ប្រជាពលរដ្ឋ​ភូមិ​ព្រៃពាយ លោក ហេង មិត្ត សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សាលា​ដំបូង​ខេត្ត​កំពត ដែល​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ ជុំវិញ​ដំណើរ​រឿង​បរិហារ​កេរ្តិ៍​តាម​ពាក្យ​បណ្ដឹង​របស់​បុគ្គល​ម្នាក់​ឈ្មោះ ហ៊ាង គុន្ធី។

លោក ហេង មិត្ត សម្ដែង​ការ​ងឿងឆ្ងល់​ថា តើ​តុលាការ​ខេត្ត​កំពត បំពេញ​មុខងារ​របស់​ខ្លួន​យ៉ាង​ដូចម្តេច បាន​ជា​រូប​លោក​ដែល​ជា​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ក្រុម​បក្ខពួក​របស់​បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី កាល​ពី​ឆ្នាំ​២០១៦ នោះ បែរ​ជា​ក្លាយ​ខ្លួន​ជា​ជន​សង្ស័យ​រឿង​បរិហារ​កេរ្តិ៍​ទៅ​វិញ៖ «»

លោក ហេង មិត្ត អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ រូប​លោក​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ដី​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រុម​បក្ខពួក​របស់​បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី ដែល​មាន​គ្នា ៥ ទៅ ៦​នាក់ ព្រួត​គ្នា​វាយ​ដំ និង​ចង​បង្ខាំង​លោក​ជាច្រើន​ម៉ោង។ លោក​អះអាង​ថា មូលហេតុ​នៃ​អំពើ​ហិង្សា​នេះ ដោយសារ​បក្ខពួក​របស់​បុគ្គល ហ៊ាង គុន្ធី ចោទ​លោក​ថា​បាន​ទៅ​រស់នៅ និង​ដាំ​ដុះ​នៅ​លើ​ដី​របស់​ពួក​គេ។

ក្រោយ​ហេតុការណ៍​នេះ លោក ហេង មិត្ត បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក​មួយ​ចំនួន​ទៀត​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក។

លោក​បញ្ជាក់​ថា តុលាការ​ខេត្ត​កំពត បាន​កោះ​ហៅ​រូប​លោក​ទៅ​បំភ្លឺ​លើ​ពាក្យ​បណ្ដឹង​នេះ​ចំនួន ៣​លើក​រួច​មក​ហើយ ក៏ប៉ុន្តែ​ស្រាប់​តែ​នៅ​ចុង​ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​កំពត លោក ឯក ឆេងហួត បាន​ចេញ​ដីកា​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បរិហារ​កេរ្តិ៍​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ ហ៊ាង គុន្ធី ទៅ​វិញ។

មន្ត្រី​តុលាការ​ខេត្ត​កំពត មួយ​រូប​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បញ្ជាក់​ថា បញ្ហា​នេះ​ជា​ករណី​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ដោយ​ទី​មួយ​គឺ​បណ្ដឹង​ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​ដែល​ដើម​បណ្ដឹង គឺ​លោក ហេង មិត្ត ហើយ​ករណី​ទី​ពីរ គឺ​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​ឈ្មោះ ហ៊ាង គុន្ធី។

មន្ត្រី​តុលាការ​ដដែល​បន្ត​ថា ចំពោះ​បណ្ដឹង​ទី​មួយ តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ​រួច​ហើយ ចំណែក​ឯ​បណ្ដឹង​ទី​ពីរ​នេះ តុលាការ​កំពុង​ពិនិត្យ។ ទោះ​បី​ជា​យ៉ាង​ណា ប្រភព​ដដែល​អះអាង​ថា តុលាការ​នឹង​ពិនិត្យ​ពិចារណា​តាម​ផ្លូវ​ច្បាប់​ជុំវិញ​រឿង​នេះ ហើយ​ស្នើ​កុំ​ឲ្យ​លោក ហេង មិត្ត មាន​ការ​ព្រួយ​បារម្ភ​ទាក់ទង​ការ​កោះ​ហៅ​នេះ។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ បញ្ជាក់​ថា ករណី​បទល្មើស​ប្រើ​អំពើ​ហិង្សា​លើ​លោក ហេង មិត្ត ពិត​ជា​កើត​មាន​មែន ហើយ​សមាគម​អាដហុក បាន​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់ និង​មេធាវី​ដល់​ជន​រងគ្រោះ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ទៅ​តុលាការ ស្វែងរក​យុត្តិធម៌។ លោក ហេង ភារៈ អះអាង​ថា បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ក៏ដោយ ក៏​មក​ទល់​នឹង​ពេល​នេះ មិន​ឃើញ​មាន​ជន​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ៖ «»

ទាក់ទង​នឹង​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី វិញ លោក ហេង ភារៈ យល់​ឃើញ​ថា វា​គឺ​ជា​ការ​បំបាក់​ស្មារតី​របស់​ពលរដ្ឋ​ក្នុង​ការ​ទាមទារ​សិទ្ធិ​ដីធ្លី​ដែល​ពួក​គាត់​ធ្លាប់​កាន់​កាប់ និង​បង្កបង្កើនផល​ជា​យូរ​មក​ហើយ និង​កំពុង​រង់ចាំ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ពី​រដ្ឋ៖ «»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ដើម​បណ្ដឹង​ឈ្មោះ ហ៊ាង គុន្ធី និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ទេ​មក​ទល់​នឹង​ថ្ងៃ​ទី​៥ មេសា ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​អំពី​រឿង​នេះ។

បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក​នេះ​ហើយ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ចោទ​ថា​ជា​អ្នក​តែង​គំរាម​កំហែង និង​ប្រើ​ហិង្សា​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ពួក​គាត់។

អ្នក​ភូមិ​ក៏​អះអាង​ដែរ​ថា ពួក​គេ​នេះ​ហើយ​គឺ​ជា​ឈ្មួញ​ដី​នៅ​ពី​ក្រោយ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្បាល​ដី​ត្រូវ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ផ្ទុះ​ការ​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ជំនាញ​ចុះ​ដោះស្រាយ​បញ្ហា​នេះ​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​បាត់បង់​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles