ក្រសួងធនធានទឹក អះអាងថា ភ្លៀងនឹងបន្តធ្លាក់លើផ្ទៃប្រទេសកម្ពុជា រហូតដល់ថ្ងៃទី៩ មេសា។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ផ្សព្វផ្សាយនៅថ្ងៃទី២ មេសា ឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ជ្រលងសម្ពាធទាបដែលរុញមកពីផ្នែកខាងត្បូងនៃសមុទ្រចិនខាងត្បូង បានប្រសព្វគ្នាជាមួយនឹងជ្រលងសម្ពាធខ្ពស់ដែលរុញមកពីភាគខាងត្បូងនៃប្រទេសចិន ត្រង់តំបន់ដីសណ្ដទន្លេមេគង្គ។ ចំណុចប្រសព្វនេះ នឹងរំកិលមកលើកម្ពុជា នៅថ្ងៃទី៤ មេសា។
ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ស្ថានភាពបែបនេះនឹងបង្កឲ្យមានភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើន។ ក្រសួងធនធានទឹក បញ្ជាក់បន្ថែមថា បណ្ដាខេត្តមួយចំនួននៅតំបន់ទំនាបកណ្ដាលភាគខាងត្បូង តំបន់ខ្ពង់រាប ភាគឦសាន និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមេសា៕