Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខេត្ត​ប៉ៃលិន​បារម្ភ​គ្មាន​ទឹក​ប្រើប្រាស់​ដោយសារ​ទឹក​ស្ទឹង​ប្រែ​ល្អក់​ពណ៌​ក្រហម

$
0
0

ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន កំពុង​ព្រួយ​បារម្ភ​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយសារ​ក្រោយ​ពី​ភ្លៀង​ធំ​ជាប់​គ្នា​ពីរ​ថ្ងៃ​មក ធ្វើ​ឲ្យ​ទឹក​ស្ទឹង​ប៉ៃលិន​ឡើង​ល្អក់​ប្រែ​ពណ៌​ក្រហម ដែល​មិន​អាច​យក​ទៅ​ប្រើ​ការ​បាន។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន អះអាង​ថា បញ្ហា​នេះ​មាន​រយៈពេល​ខ្លី ប្រសិន​បើ​ពុំ​មាន​ភ្លៀង​បន្ត​ទៀត ទឹក​ស្ទឹង​នឹង​ប្រែ​ពណ៌​ទៅ​ជា​ធម្មតា​វិញ។

អស់​រយៈពេល ៣​ថ្ងៃ​ហើយ​ដែល​ទឹក​ស្ទឹង​ប៉ៃលិន​នៅ​មាន​សភាព​ល្អក់​ពណ៌​ក្រហម ដែល​ពលរដ្ឋ​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន លោក សុខ ស៊ីថា ឲ្យ​ដឹង​ថា តាំង​ពី​មាន​ភ្លៀង​ធំ​នៅ​ថ្ងៃ​ទី​៣១ មីនា មក គឺ​ទឹក​ស្ទឹង​ប៉ៃលិន​នៅ​តែ​មាន​ពណ៌​ក្រហម ហើយ​ពុំ​ទាន់​អាច​យក​ទៅ​ប្រើប្រាស់​បាន​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា ទឹក​ពី​ស្ទឹង​ប៉ៃលិន ជា​ប្រភព​ទឹក​សំខាន់​ដែល​គ្រួសារ​របស់​លោក និង​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ផ្សេង​ទៀត​តែងតែ​ដង​យក​ទៅ​ប្រើប្រាស់​ជា​ប្រចាំ៖ «បើ​យើង​យក​មកដាំ​បាយ ដាំ​មិន​កើត​ទេ វា​ទៅ​ជា​ពណ៌​ដូច​ទឹក​ក្រឡុក​ភក់​ទើប​កាយ​ថ្មីៗ ហើយ​ទឹក​បែប​នេះវា​មិន​ងាយ​រង​ទេ។ ខ្ញុំ​អាង​តែ​ទឹក​ស្ទឹងនេះ​ឯង​គ្រាន់​ប្រើ មិន​បានបូម​ទឹក​ស្តុក​ទុក​ប្រើ​ទេ»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក មុំ រ៉ី មាន​ប្រសាសន៍​ថា កាល​ពី​មុន​ភ្លៀង​មួយ​ថ្ងៃ លោក​បាន​បូម​ទឹក​ពី​ស្ទឹង​មួយ​នេះ​ដាក់​ពេញ​ពាង និង​អាង​ស្តុក​ទឹក​រួច​មក​ហើយ ធ្វើ​ឲ្យ​លោក​ពុំ​មាន​បញ្ហា​រឿង​ខ្វះ​ទឹក​ប្រើប្រាស់​ទេ​អំឡុង​ពេល​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា ទឹក​ទាំងអស់​នេះ​អាច​ប្រើ​បាន​ប្រមាណ ៥​ថ្ងៃ​ទៀត ហើយ​លោក​ថា​នៅ​ពេល​ដែល​អស់​ទឹក​ពី​ពាង​ទៅ ពុំ​ដឹង​បាន​ទឹក​ពី​ណា​យក​មក​ប្រើប្រាស់​បន្ត​ទៀត​ទេ ពីព្រោះ​ទឹក​នៅ​ក្នុង​ស្ទឹង​ល្អក់​ពណ៌​ក្រហម​មិន​អាច​យក​មក​ប្រើប្រាស់​បាន​នៅ​ឡើយ៖ «បើ​ល្អក់​រយៈពេល​យូរ គឺ​អ្នក​ប្រើប្រាស់ទឹក​ស្ទឹង​អត់​មាន​អី​ប្រើ​ទេ ទាល់​តែ​ទិញ​ទឹក​ឡាន​ទៀត។ បើ​ព្រឹក​មិញ​ខ្ញុំ​ចុះ​ទៅ​ផ្នែក​ខាង​លើ​រាង​រង​ខ្លះ បើ​ផ្នែក​ខាង​ក្រោម​នៅ​តែល្អក់​ខាប់​ជាតិ​ដី​ក្រហម។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​បើ​ទឹក​នៅ​តែ​ល្អក់​រហូត មាន​ទឹក​អី​ប្រើ ព្រោះ​ដូច​ផ្ទះ​ខ្ញុំ​អី អត់​បាន​ភ្ជាប់​ទឹក​ស្អាត​នឹង​គេ​ទេ គឺ​ខ្ញុំ​ប្រើ​ទឹក​ស្ទឹង»

អ្នក​ភូមិ​បន្ថែម​ថា កាល​ពី​ពេល​ភ្លៀង​ធំ​ថ្ងៃ​ដំបូង ទឹក​ស្ទឹង​ប៉ៃលិន​បាន​ប្រែ​ពណ៌​ក្រហម​មួយ​រំពេច ហើយ​ពេល​នោះ​ធ្វើ​ឲ្យ​ត្រី​ក្នុង​ស្ទឹង​មួយ​ចំនួន​បាន​ពុល​ងាប់ ដោយ​មិន​ដឹង​មូលហេតុ។ ចំណែក​អ្នក​ស្រុក​ក៏​មិន​ហ៊ាន​យក​ទឹក​ពី​ស្ទឹង​មួយ​នេះ​ទៅ​ប្រើប្រាស់​នោះ​ដែរ។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ប៉ៃលិន លោក គឹម សុខា មាន​ប្រសាសន៍​ថា ទឹក​ស្ទឹង​ឡើង​ពណ៌​ក្រហម​ដោយសារ​ទាហាន​កង​វិស្វកម្ម​កំពុង​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​នៅ​តំបន់​ខ្លះ​ជា​ដី​ក្រហម ហើយ​ចំ​ពេល​ដែល​មាន​ភ្លៀង​ធំ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ហូរ​ធ្លាក់​ស្ទឹង​ប៉ៃលិន ទើប​បណ្ដាល​ឲ្យ​ទឹក​ប្រែ​ពណ៌​ក្រហម។ លោក​អះអាង​ថា បើ​ទោះ​ជា​ទឹក​ស្ទឹង​ប្រែ​ពណ៌​ក្រហម​ក្ដី ប៉ុន្តែ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​នៅ​ឡើយ​ទេ៖ «ធម្មតា​គាត់​មិន​ប្រើ​ដោយ​ផ្ទាល់​ទេ ភាគច្រើន​គាត់​ជីក​ធ្វើ​ជា​អណ្ដូង​យក​ច្រោះ​យក​ទឹក​ប្រើ ព្រោះ​ដី​នៅ​ប៉ៃលិន ជា​ប្រភេទ​ដី​ថ្ម​លាយ​ខ្សាច់ ហើយ​ពេល​យើង​ជីក​អណ្ដូង វា​ទៅ​អាច​ច្រោះ​បាន​ទឹក​ប្រើប្រាស់​ហើយ»

លោក​បន្ថែម​ថា ប្រសិន​បើ​ពុំ​មាន​ភ្លៀង​ធំ​នៅ​តាម​ព្រំដែន​ខេត្ត​ប៉ៃលិន បន្ត​ទៀត គឺ​ប្រមាណ ៣​ថ្ងៃ​ខាង​មុខ ទឹក​ស្ទឹង​មួយ​នេះ​នឹង​ប្រែ​ពណ៌​ទៅ​ជា​ថ្លា ហើយ​ប្រជាពលរដ្ឋ​អាច​យក​ប្រើប្រាស់​បាន​ដូច​ធម្មតា​ឡើង​វិញ៖ «យើង​អត់​បាន​យក​ទឹក​ទៅ​សិក្សា​ទេ ប៉ុន្តែ​តាម​ទម្លាប់​អ្នក​ភ្នំ​យើង​មើល​ទៅ ដោយសារ​ដី​មិន​មានជាតិ​ពុល​ទេ ដូច្នេះ​វា​គ្រាន់​តែ​មាន​សភាព​ល្អក់​ប៉ុណ្ណឹង​ទេ។ បើ​ដី​មាន​ជាតិ​ពុល ទឹក​មាន​ជាតិ​ពុលតាំង​ពី​ដើមមក​ហើយ។ ដោយសារ​យើង​មើល​ទៅ​វា​ជា​ល្បាប់​ដី​ភក់​នៅ​លើ ដូច្នេះ​យើង​សន្និដ្ឋាន​ថា​ដី​នោះ​វា​មិន​មានជាតិ​ពុល​សំខាន់​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី និង​ជា​អ្នក​ឃ្លាំ​មើល​បរិស្ថាន លោក មៀច មាន ពន្យល់​ថា មាន​ករណី​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​ទឹក​ស្ទឹង​ប្រែ​ពណ៌​ល្អក់​ក្រហម​ខុស​ប្រក្រតី គឺ​បណ្ដាល​មក​ពី​ការ​ជីក​ដី​ទ្រង់ទ្រាយ​ធំ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង ដែល​ស្ថាន​ដី​នៅ​តំបន់​នោះ​មាន​ពណ៌​ក្រហម ហើយ​នៅ​ពេល​មាន​ភ្លៀង​ធំ ក៏​នាំ​ដី​ក្រហម​ហូរ​ចូល​មក​ស្ទឹង​តែ​ម្ដង។

លោក​សង្កត់​ធ្ងន់​ថា បញ្ហា​គ្រោះ​ធម្មជាតិ​មិន​បណ្ដាល​ឲ្យ​ទឹក​ពណ៌​ក្រហម​ឆាប់​រហ័ស​នោះ​ឡើយ៖ «ព្រោះ​អី​វា​ធ្វើ​ឲ្យ​ល្អក់​នាំ​ឲ្យ​ពិបាក​ប្រើប្រាស់​ទឹក ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​រាំង​ភ្លៀង។ ភ្លៀង​អស់​ទៅ វា​ហូរ​តែ​ម៉ាឆាវ​វាអស់​ហើយ។ តែ​បើ​សិន​ណា​សកម្មភាព​នឹង​ប្រព្រឹត្ត​ដោយ​មនុស្ស វា​អាច​បន្ត​រហូត​រាប់​អាទិត្យ​រាប់​ខែ​ឯណោះ ជួនកាល​រឿង​នេះ​អាជ្ញាធរ​អាច​ជួយ​បិទ​បាំង​ដែរ»

ចំណែក​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​នេះ លោក​អះអាង​ថា ប្រសិន​បើ​ទឹក​ហូរ​នាំ​ដី​ក្រហម​ធម្មជាតិ​ដែល​ពុំ​មាន​ជាតិ​គីមី​នៅ​ក្នុង​ដី​នោះ គឺ​ពុំ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ។ ប៉ុន្តែ​លោក​លើក​ឡើង​ថា ប្រសិន​មាន​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ក្នុង​ការ​ធ្វើ​កសិកម្ម​ផ្សេងៗ​ច្រើន​នៅ​តំបន់​នោះ ការ​ប្រើប្រាស់​ទឹក​ស្ទឹង​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស៖ «ដូច​ករណី​ស្ទឹងសែន ដែល​ហូរ​ចេញ​ពី​ព្រះវិហារ អី ហើយ​ការ​សង្ស័យ​របស់​សហគមន៍​វា​អាច​ត្រូវ ព្រោះ​អី​ធ្វើ​ឲ្យ​ត្រី​វា​ងាប់​ច្រើន។ តែ​ចំពោះ​ស្ទឹង​នៅ​ប៉ៃលិន ខ្ញុំ​ថា​ជា​ករណី​ដែល​ត្រី​នៅ​ក្នុងទឹក​ល្អក់​ធ្វើ​ឲ្យ​ត្រី​ខ្វះ​អុកស៊ីហ្សែន»

សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា បាន​បកស្រាយ​ថា ខណៈ​ភ្លៀង​ធ្លាក់​ចំ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ក្នុង​ចន្លោះ​បង្គោល​ឡាក់​៦៨ ឡាក់​៦៩ និង​ឡាក់​៧០ ក្នុង​ភូមិសាស្ត្រ​ចំណុច​អូរ​តាផៃ ធូរេន​ពីរ​ដើម អូរ​ត្រាវ អូរ​ដូង វាល​ស្បូវ និង​អន្លង់​ខៀវ បង្ក​ឲ្យ​បាក់​ច្រោះ​ដី និង​ទាញ​យក​សំណឹក​ពី​ការ​កកាយ​ដី​ផ្លូវ បាន​ហូរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អូរ ស្ទឹង កាល​ពី​យប់​ថ្ងៃ​ទី​៣០ មីនា។ ទឹក​ល្អក់​នេះ​អាច​នឹង​ហូរ​ឆ្លង​កាត់​ស្ទឹង​ក្រុង​ប៉ៃលិន ស្រុក​សាលាក្រៅ និង​អាច​ចាក់​ចូល​ទៅ​ដល់​ស្ទឹង​ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង។

លោក គឹម សុខា ឲ្យ​ដឹង​ទៀត​ថា ទឹក​ល្អក់​ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន ៧​ភូមិ នឹង​មាន​ពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា អ្នក​ប្រើប្រាស់​ទឹក​ស្ទឹង​ប៉ៃលិន មាន​រាប់​ពាន់​គ្រួសារ ហើយ​ប្រសិន​បើ​ទឹក​ស្ទឹង​មួយ​នេះ​នៅ​តែ​មិន​អាច​ប្រើ​ការ​បាន​ទៀត ពួក​គាត់​រាប់​ពាន់​គ្រួសារ នឹង​ត្រូវ​ចំណាយ​ថវិកា​ច្រើន ដើម្បី​ទិញ​ទឹក​ពី​គេ​ដឹក​តាម​ឡាន​យក​មក​ប្រើប្រាស់​ជំនួស ហើយ​បញ្ហា​នេះ​នឹង​ប៉ះពាល់​បន្ថែម​ទៀត​ដល់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles