Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​បុរីកីឡា​និង​បឹងកក់​សម្រេច​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៨

$
0
0

សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បុរីកីឡា សម្រេច​ផ្អាក​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) សម្រាប់​សប្ដាហ៍​ទី​៤៨ នៅ​ថ្ងៃ​ច័ន្ទ ទី​៣ មេសា។ តំណាង​សហគមន៍​ក៏​នៅ​មិន​ទាន់​ច្បាស់​ដែរ​សម្រាប់​យុទ្ធនាការ​នៅ​ថ្ងៃ​ច័ន្ទ បន្ទាប់​ទៀត។

តំណាង​អ្នក​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មេសា ថា លោកស្រី​នឹង​មិន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​៣ មេសា ពីព្រោះ​សមាជិក​របស់​សហគមន៍​ផ្សេង​ទៀត​ជាប់​រវល់​នាំ​គ្នា​ទៅ​ស្រុក​កំណើត សែន​ផ្នូរ​ដូនតា​តាម​ប្រពៃណី​ចិន៖ «ថ្ងៃ​ច័ន្ទ ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ទេ ដោយសារ​ពួក​គាត់ទៅ​ឆេងម៉េង​អស់។ អត់​មាន​អ្នក​ណា​នៅ​ផង»

ការ​ផ្អាក​នេះ គឺ​មាន​រយៈពេល​មួយ​សប្ដាហ៍ បន្ទាប់​ពី​លោកស្រី និង​សមាជិក​សហគមន៍​ម្នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​៧មករា ឃាត់​ខ្លួន​យក​ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​នោះ​ពេញ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២៧ មីនា ក្រោយ​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ សប្ដាហ៍​ទី​៤៧ នៅ​កន្លែង​ពួក​គាត់​រស់នៅ ក្នុង​អគារ​ចាស់​បុរីកីឡា​នោះ។

លោកស្រី សរ ស៊ន ឲ្យ​ដឹង​ទៀត​ថា ក្នុង​អំឡុង​ពេល​ឃាត់​ខ្លួន​នោះ អាជ្ញាធរ​ប្រាប់​លោកស្រី​ឲ្យ​ឈប់​ពាក់​អាវ​ខ្មៅ​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ ទៀត៖ «គេ​ឲ្យ​យើង​ឈប់​ពាក់​អាវ​ខ្មៅ​ថ្ងៃ​ច័ន្ទ ខុស​ពី​ថ្ងៃ​ច័ន្ទ ពាក់​ទៅ។ គេ​គ្រាន់​តែ​ដាក់​លក្ខខណ្ឌ​ឲ្យ​យើង​ឈប់​ពាក់​អាវ​ខ្មៅ។ ពី​មុន​គេ​អត់​ឲ្យ​យើង​ដើរ​ក្បួន អត់​ឲ្យ​លើក​បដា ធ្វើ​នៅ​នឹង​ផ្ទះ​ធ្វើ​ទៅដល់​ពេល​ឥឡូវ យើង​ធ្វើ​នៅ​នឹង​ផ្ទះ​ហ្នឹង គេ​ហាម​ឈប់​ឲ្យ​ពាក់​អាវ​ខ្មៅ​ទៅខ្ញុំ​សួរ​គេ​ថា បើ​ច្បាប់​មិន​មាន​ហាមឃាត់​អត់​ឲ្យ​ពាក់​អាវ​ខ្មៅ​ឯណា? គាត់​ថា​មិន​បាច់​និយាយ​ពី​ច្បាប់​អី​ទេ បើ​អាជ្ញាធរ​គេ​ហាម​ហើយ យើង​ស្ដាប់​ពី​អាជ្ញាធរ​ទៅ គាត់​ថា​អ៊ីចឹង»

លោកស្រី សរ ស៊ន ថ្លែង​ថា ស្ត្រី​សហគមន៍​បុរីកីឡា​ម្នាក់​ទៀត លោកស្រី ណាត ស្រីណាក់ ដែល​មាន​ផ្ទៃពោះ ៥​ខែ​ផង​នោះ បាន​ធូរស្រាល​ពី​អាការ​ឈឺ​ចាប់​វិញ​ហើយ ដោយ​ការ​ទទួល​ទាន​ថ្នាំ​រាល់​ថ្ងៃ។ លោកស្រី ណាក់ បាន​ប៉ះ​ទង្គិច​នឹង​ទ្វារ​ឡាន ពេល​ដែល​អាជ្ញាធរ​ចាប់​បញ្ចូល​ក្នុង​ឡាន ហើយ​បញ្ជូន​ទៅ​សាលា​ខណ្ឌ​៧មករា នោះ។

សហគមន៍​បុរីកីឡា និង​សហគមន៍​បឹងកក់ តែង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ រៀង​រាល់​ថ្ងៃ​ច័ន្ទ ដោយ​ស្លៀកពាក់​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ៦​រូប។ ក្នុង​នោះ គឺ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក (ADHOC) ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី។ មួយ​រូប​ទៀត​ជា​អគ្គលេខាធិការ​រង គ..ប គឺ​លោក នី ចរិយា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជាង ១១​ខែ​ហើយ ពី​បទ​ចោទ​ថា​បាន​សមគំនិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។ ចំណែក​អ្នក​ជាប់​ឃុំ​ម្នាក់​ទៀត គឺ​អ្នកស្រី ទេព វន្នី ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៧​ខែ​ហើយ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ហិង្សា​ពេល​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត​កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន។

ក្រៅ​ពី​នេះ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក៏​មាន​បំណង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​វិភាគ​លោក គឹម សុខ ចេញ​ពី​ពន្ធនាគារ និង​ទាមទារ​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​សព​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដែរ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា បាន​ប្រកាស​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ជា​បណ្ដោះអាសន្ន ចាប់​តាំង​ថ្ងៃ​ទី​១៩ ខែ​មីនា។ ក្រោយ​ការ​ផ្អាក​នេះ លោកស្រី​នៅ​មិន​ទាន់​មាន​ពេលវេលា​កំណត់​ជាក់លាក់​សម្រាប់​ការ​ចាប់​ផ្ដើម​ឡើង​វិញ​ទេ ដោយសារ​មួយ​រយៈ​នេះ ក្រុម​លោកស្រី​មាន​ការងារ​ចុះ​ទៅ​តាម​ខេត្ត​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles