មន្ត្រីរាជការដែលបានចូលរួមក្នុងពិធីសំណេះសំណាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យមន្ត្រីរាជការចុះមូលដ្ឋានជួយពង្រឹងគណបក្សប្រជាជនកម្ពុជា។ រីឯអ្នកវិភាគយល់ថា ការប្រើមន្ត្រីរាជការចុះមូលដ្ឋានដើម្បីប្រយោជន៍គណបក្សប្រជាជនកម្ពុជា នេះ គឺមិនមានប្រសិទ្ធភាព ហើយខុសនឹងច្បាប់។
បញ្ហាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាប្រធានបទដ៏សំខាន់មួយក្នុងជំនួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាង ៤ពាន់នាក់មកពីក្រសួងចំនួន៣ គឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី២ ខែមេសា។
អ្នកនាំពាក្យគណបក្សប្រជាកម្ពុជា លោក សុខ ឥសាន និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា លោកពុំបានចូលរួមក្នុងជំនួបនោះឡើយ ប៉ុន្តែលោកយល់ថា ជំនួបនោះ គឺមិនមានរឿងអ្វីចម្លែកឡើយ គ្រាន់តែជាការអបអរសាទរ និងជូនពរគ្នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ដោយឡែកសមាជិកគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យះយ៉ា អះអាងថា ក្នុងជំនួបនោះ គឺលោកនាយករដ្ឋមន្ត្រីបានពន្យល់ថា ប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតច្រើននៅពេលបោះឆ្នោតខាងមុខនោះ វានឹងប៉ះពាល់ដល់ព្រឹទ្ធសភា និងក្រុមប្រឹក្សាស្រុក និងរាជធានី-ខេត្តជាដើម។ ដូច្នេះហើយ ប្រមុខបក្សកាន់អំណាចជំរុញឲ្យមន្ត្រីរាជការ ជួយចុះមូលដ្ឋានពង្រឹងបក្ស និងណែនាំគ្រួសាររបស់ខ្លួនឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៖ «»។
មួយរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដើមយុទ្ធនាការជួបជាមួយមន្ត្រីរាជការគ្រប់ក្រសួងទាំងអស់ បន្ទាប់ពីបានធ្វើដំណើរតាមបណ្ដាខេត្តនៅទូទាំងប្រទេស។ កាលពីថ្ងៃទី២៦ ខែមីនា លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ បន្ទាប់មកទៀត លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការប្រមាណ ៣ពាន់នាក់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៣០ មីនា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ជំនួបនេះបានត្រឹមតែពង្រឹងនូវទំនាក់ទំនងមន្ត្រីរាជការ ឬមន្ត្រីដែលធ្វើការនៅក្នុងខ្សែបណ្តោយរបស់បក្សប៉ុណ្ណោះ ប៉ុន្តែការចង់ស្ដារឡើងវិញនូវចំនួនអ្នកគាំទ្រទូទៅក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺទំនងជាមិនអាចទៅរួចឡើយ ប្រសិនបើគ្មានការធ្វើកំណែទម្រង់ស៊ីជម្រៅទេនោះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមរូបនេះមើលឃើញទៀតថា ក្នុងអាណត្តិនេះ គណបក្សកាន់អំណាចកំពុងព្រួយបារម្ភខ្លាំងជាងពេលមុនៗ បន្ទាប់ពីមានបទពិសោធន៍ថយចុះកៅអីក្នុងរដ្ឋសភាក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣៖ «»។
រីឯអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ លោក ឆាំ ប៊ុនថេត ថ្លែងនៅក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃទី៣១ ខែមីនា ថា គណបក្សប្រជាជនកម្ពុជា មានការព្រួយបារម្ភខ្លាំងរឿងបាត់បង់អំណាចមូលដ្ឋាន ព្រោះសំឡេងឆ្នោតខាងមុខនេះអាចបានពាក់កណ្ដាលម្នាក់រវាងបក្សកាន់អំណាច និងបក្សប្រឆាំង។
លោក ឆាំ ប៊ុនថេត ពន្យល់ទៀតថា ប្រសិនបើគណបក្សណាមួយមានមេឃុំជាប់ឆ្នោតច្រើន មានសិទ្ធិជ្រើសរើសមេភូមិ ជ្រើសរើសគណៈកម្មការស្រុក គណៈកម្មការខេត្ត រហូតមានសិទ្ធិជ្រើសរើសតំណាងព្រឹទ្ធសភា ហើយប្រសិនឈ្នះខ្លាំងនោះ គឺអាចឡើងធ្វើប្រធានព្រឹទ្ធសភា និងអាចធ្វើប្រមុខរដ្ឋស្តីទីដែលមានតួនាទីស៊ីញេច្បាប់ទៀតផង។
ចំពោះការប្រើមន្ត្រីចុះមូលដ្ឋានដើម្បីពង្រឹងគណបក្សប្រជាជនកម្ពុជា នេះ លោកបណ្ឌិត មាស នី យល់ថា ប្រហែលជាមិនសូវមានប្រសិទ្ធភាពនោះទេ ហើយខុសនឹងច្បាប់ទៀតផង ព្រោះលោកថា ថ្វីត្បិតតែមន្ត្រីរាជការមានសិទ្ធិបោះឆ្នោតជូនគណបក្សដែលខ្លួនពេញចិត្តមែន ប៉ុន្តែពួកគេមិនអាចធ្វើជាសកម្មជន ដើរបំផុស ឬបង្ខំឲ្យអ្នកណាម្នាក់បោះឆ្នោតឲ្យគណបក្សខ្លួនពេញចិត្តនោះទេ៕