ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី២ មេសា ស្នើឲ្យពលរដ្ឋ និងអ្នកដឹកនាំជាអ្នកនយោបាយ អត់ឱនឲ្យគ្នាទៅវិញទៅមកនៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ។
លោក កឹម សុខា សរសេរនៅលើទំព័រហ្វេសប៊ុក (facebook) របស់លោកថា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់នេះ ចូរអ្នកទាំងអស់គ្នាគិតផងថា ឱកាសដែលអ្នកទទួលបាននូវសេចក្តីសុខសប្បាយជួបជុំគ្រួសារ ប្រពន្ធ កូនចៅ គ្មានអ្នកណារំលោភបំពាននោះ អ្នកដទៃក៏ប្រាថ្នាចង់បានដូចគ្នាដែរ។
លោក កឹម សុខា ស្នើឲ្យខ្មែរគ្រប់រូបមេត្តាអត់ឱនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសអ្នកដឹកនាំជាអ្នកនយោបាយ និងអ្នកបើកបរផងដែរ។ លោកថា នេះជាកុសលផលបុណ្យដ៏ធំធេងណាស់បើគេអាចធ្វើបានក្នុងឱកាសនេះ ហើយលោកក៏សូមចូលរួម និងសាទរនូវគុណធម៌នេះ។
ការបញ្ចេញទស្សនៈរបស់លោក កឹម សុខា លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននេះ ក្នុងពេលដែលមន្ត្រី សកម្មជនបក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងអ្នកវិភាគមួយចំនួន កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដែលគេមិនសង្ឃឹមថា អ្នកទាំងអស់នោះអាចត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពដើម្បីជួបជុំគ្រួសារក្នុងរដូវបុណ្យចូលឆ្នាំខ្មែរនោះទេ៕