ពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ នៅភូមិដាលវាលឡែង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បញ្ជាក់ថា ក្រុមហ៊ុនឯកជនដែលទៅរុករករ៉ែមាសនៅសហគមន៍របស់ពួកគាត់ មិនបានពិភាក្សា និងសួរយោបល់អ្នកភូមិនោះទេ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនអង្គរហ្គោល (Angkor Gold) ដែលកំពុងរុករករ៉ែមាសនៅទីនេះ អះអាងថា ខ្លួនតែងតែបានជជែកពិភាក្សាជាមួយប្រជាសហគមន៍។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា រាល់គម្រោងរុករក និងធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ ត្រូវតែឆ្លងការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន។ ក៏ប៉ុន្តែអ្នកជំនាញផ្នែកការឃ្លាំមើលការវិនិយោគលើធនធានធម្មជាតិ បង្ហាញគន្លឹះដោះស្រាយការខ្វែងគំនិតរវាងក្រុមហ៊ុន និងប្រជាជនមូលដ្ឋាន ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន និងសង្គមពីការធ្វើគម្រោងវិនិយោគធនធានរ៉ែ។
ក្រុមហ៊ុនអង្គរហ្គោល អះអាងថា រាល់គម្រោងរុករករ៉ែរបស់ខ្លួន គឺតែងជជែកពិភាក្សាជាមួយអ្នកភូមិដើម្បីយល់ដឹងពីតម្រូវការរបស់អ្នកភូមិ។ អ្នកស្រី ឌីលែន វីកស៍ (Delaye Weeks) បញ្ជាក់ថា នឹងផ្តល់ការងាររៀបចំប្រព័ន្ធទឹកស្អាត សាងសង់បង្គន់ ផ្តល់ការបង្រៀនភាសាអង់គ្លេស និងសេវាសុខភាពដល់សហគមន៍ដែលមានការវិនិយោគទៅដល់៖ «ពួកគាត់អាចមកធ្វើការជាមួយយើង ហើយក្រុមគ្រួសាររបស់ពួកគាត់មិនចាំបាច់ចំណាកស្រុកទេ។ នៅរាល់សហគមន៍ដែលយើងចូលទៅរុករករ៉ែ យើងបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ ដែលមានវត្តមានអ្នកភូមិ។ ប៉ុន្តែយើងមិនបង្ខំអ្នកភូមិទេ។ ប្រសិនបើពួកគាត់មិនចង់និយាយជាមួយយើង ជាការសម្រេចរបស់ពួកគាត់។ យើងធ្វើតាមច្បាប់ ហើយក៏មិនរំលោភសិទ្ធិអ្នកភូមិដែរ។ យើងគោរពសិទ្ធិពួកគាត់ គោរពច្បាប់ប្រទេសនេះ។ ប៉ុន្តែយើងមិនបង្ខំឲ្យអ្នកភូមិមករកយើងនោះទេ។ យើងដើរទៅរកពួកគាត់ ហើយយើងតាមដានដំណើរការនេះ ហើយប្រសិនបើអ្នកភូមិចង់សហការជាមួយយើង យើងនឹងធ្វើការងារជួយផ្នែកទឹកស្អាត អនាម័យ អប់រំ សុខភាព និងការអភិវឌ្ឍសេដ្ឋកិច្ច»។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព ឬ DPA ដែលធ្វើការងារផ្នែកគ្រប់គ្រងធនធានធម្មជាតិ លោក ម៉ម សម្បត្តិ សង្កេតឃើញថា ប្រជាជនភាគច្រើននៅកម្ពុជា ខកចិត្តជារឿយៗជាច្រើនឆ្នាំមកហើយ ដោយសារគម្រោងវិនិយោគ ដូចជាការបណ្ដេញចេញ និងការដណ្ដើមយកដីធ្លី។ លោកថា ប្រជាជនអស់សេចក្តីទុកចិត្តលើក្រុមហ៊ុន៖ «កាលណាមិនធ្វើតាមសន្យាទេ ធ្វើប្រជាជនបាត់បង់ជំនឿ ហើយមិនមែនជាដៃគូដែលរស់នៅជាមួយគ្នាពីកន្លែងធ្វើអាជីវកម្មរ៉ែ មិនមែន ១ឆ្នាំ ៥ឆ្នាំទេ ជួនកាល ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ រហូតដល់ ៥០ឆ្នាំ។ វាអាស្រ័យលើបរិមាណដែលរ៉ែនៅទីនោះមាន»។
លោកបន្ថែមថា ក្រុមហ៊ុនគួរធ្វើតាមអ្វីដែលបានសន្យាជាមួយប្រជាជន ក្នុងការធានាធ្វើឲ្យជីវភាពរបស់អ្នកភូមិប្រសើរឡើង ហើយធានាមិនប៉ះពាល់ដល់បរិស្ថាន ប្រពៃណីរបស់អ្នកភូមិ ប្រសិនបើក្រុមហ៊ុនចង់កសាងទំនុកចិត្តជាមួយប្រជាជនឡើងវិញ៖ «ដូច្នេះកន្លែងនេះ ខ្ញុំលើកទឹកចិត្តហើយលើកទឹកចិត្តទៀតថា ក្រុមហ៊ុនអាជីវកម្មរ៉ែ ត្រូវតែធ្វើគំរូល្អ។ គំរូល្អ ពីអនុម័តនូវការទទួលខុសត្រូវចំពោះសង្គម តាមរយៈសាងសង់ផ្លូវ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវតូច អាចឲ្យក្មេងៗទៅរៀនបាន ឲ្យក្មេងៗស្រីៗអាចប្រើទឹកស្អាតបាន មានការបង្រៀនប្រជាជន បណ្ដុះបណ្ដាលសមត្ថភាពយុវជនជនជាតិដើមភាគតិច ដើម្បីឲ្យគាត់ក្លាយជាផ្នែកសង្វាក់ផលិតកម្មក្នុងក្រុមហ៊ុន ពីព្រោះខ្ញុំឃើញថា វិស័យរ៉ែប្រើធនធានមនុស្សពីបរទេស ដោយរឿងបច្ចេកទេសខ្ពស់។ យើងទទួលស្គាល់ថា វាបច្ចេកទេសខ្ពស់ ទោះបីយ៉ាងណា យើងជឿជាក់ថាប្រជាជនជនជាតិដើមភាគតិច គាត់ឆ្លាតដែរ។ ដូច្នេះការបង្រៀន ការកសាងធនធានមនុស្សនៅក្នុងប្រទេស វាជាផ្នែកមួយបានល្អទាំងពីរ ពីការធ្វើការងារជាមួយនឹងក្រុមហ៊ុន ហើយក្រុមហ៊ុនក៏មានទំនាក់ទំនងល្អជាមួយសហគមន៍ដែរ។ នេះជាការកសាងទំនុកចិត្ត។ ហើយចុងក្រោយបំផុតនោះ គឺធ្វើឲ្យគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន មានចីរភាព ដោយសារភាគីទាំងឡាយសប្បាយចិត្តទាំងអស់គ្នា»។
ក្រុមហ៊ុនមេស្កូហ្គោល (Mesco Gold) ជាក្រុមហ៊ុនបរទេសមួយទៀតដែលបានទិញសិទ្ធិអភិវឌ្ឍន៍ និងជីកយករ៉ែមាសនៅទីតាំងមួយក្នុងខេត្តរតនគិរី ពីក្រុមហ៊ុនអង្គរហ្គោល កាលពីឆ្នាំ២០១៣។ ក្រុមហ៊ុនមេស្កូហ្គោល នៅឆ្នាំ២០១៦ ជាក្រុមហ៊ុនដំបូងគេដែលរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី។
នេះជាទីតាំងក្រុមហ៊ុនមេស្កូហ្គោល នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ឥឡូវក្រុមហ៊ុនមេស្កូហ្គោល កំពុងសាងសង់សំណង់ដើម្បីចុះទៅក្រោមដីយករ៉ែមាស ដើម្បីពិនិត្យ និងរ៉ែ ផលិតជាមាស។
នាយកប្រតិបត្តិក្រុមហ៊ុនមេស្កូហ្គោល (Mesco Gold) លោក ហ្គលវ៉ាដេ (Gulwade) បានបញ្ជាក់ថា ពួកគេមានទំនុកក្នុងការវិនិយោគនៅក្នុងតំបន់នេះ ដោយសារតែពួកគេបានធ្វើត្រឹមត្រូវ ដោយទទួលបានអាជ្ញាប័ណ្ណរុករក និងធ្វើអាជីវកម្មក្នុងតំបន់នេះ។ ហើយពួកគេបានអះអាងថា បានជជែក និងដោះស្រាយបញ្ហាសំណងជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៖ «វិស័យអាជីវកម្មរ៉ែនៅកម្ពុជា នឹងមានអនាគតល្អ។ យើងកំពុងទាញយកនៅទីនេះ និងរុករកនៅតំបន់ផ្សេងទៀត។ ប្រជាជននៅម្តុំនេះនឹងទទួលបានប្រយោជន៍ពីការវិនិយោគរបស់យើងមុនគេ ដោយការទទួលបានការងារធ្វើ។ តម្លៃមាសមានទីផ្សារល្អ។ តម្លៃវានៅថេរលើទីផ្សារអន្តរជាតិ។ យើងមិនព្រួយបារម្ភរឿងគ្មានទីផ្សារលក់មាសនោះទេ។ យើងអាចលក់នៅទីណាក៏បានដែរ។ ខ្ញុំមើលឃើញថា អនាគតល្អសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាននៅតំបន់នេះ ហើយរដ្ឋាភិបាលក៏នឹងបានប្រាក់ចំណូលពីយកពន្ធ»។
នៅទីតាំងនេះ ក្រុមហ៊ុននឹងជីកយករ៉ែមាសពីផ្ទៃដីទំហំមួយគីឡូម៉ែត្រការ៉េ។ លោក ហ្គលវ៉ាដេ ឲ្យដឹងថា ក្រុមហ៊ុនកំពុងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកដែលភាគច្រើនជាពលរដ្ឋក្នុងស្រុក។
អ្នកបកប្រែភាសានៅក្រុមហ៊ុន បានបង្ហាញយើងពីផែនទីនៃការជីកយករ៉ែមាស ដែលនឹងជីកលុងដីម្តងមួយដុំរាងចតុកោណកែង ទៅក្រោមដីជម្រៅពី ៣០ម៉ែត្រដល់ ១០០ម៉ែត្រ។
ទោះជាយ៉ាងណា នៅក្នុងភូមិពាក់ ស្រុកអូរយ៉ាដាវ ដែលក្រុមហ៊ុនមេស្កូហ្គោល កំពុងរៀបចំធ្វើអាជីវកម្មរ៉ែមាស អ្នកភូមិប្រាប់ថា ពួកគាត់ត្រូវបានក្រុមហ៊ុន និងអាជ្ញាធរបោកប្រាស់ ហើយត្រូវបានបង្ខំឲ្យទទួលយកគម្រោងវិនិយោគរ៉ែមាសរបស់ក្រុមហ៊ុនឯកជន។ ពួកគាត់បានថ្លែងថា ជីវភាពរបស់ពួកគាត់កាន់តែយ៉ាប់យ៉ឺនទៅ និងពិបាកជាងមុន នៅពេលដែលមានក្រុមហ៊ុនមកវិនិយោគនៅក្នុងតំបន់របស់ពួកគាត់ ជាពិសេសរ៉ែមាសដែលពួកគាត់ធ្លាប់ទៅរុករក ឥឡូវនេះមិនអាចរកបានទេ។
លោក រម៉ាស់ ហិន ធ្លាប់ជាតំណាងសហគមន៍។ លោកថា អាជ្ញាធរបានបោកប្រាស់អ្នកភូមិ ដោយឲ្យផ្ដិតមេដៃដើម្បីងាយស្រួលតាមដានសកម្មភាពអ្នកភូមិធ្វើដំណើរលើផ្លូវថ្នល់ ក៏ប៉ុន្តែក្រោយមក អាជ្ញាធរអះអាងថា អ្នកភូមិបានផ្ដិតមេដៃយល់ព្រមលក់ដីទៅឲ្យក្រុមហ៊ុន។ លោក រម៉ាស់ ហិន ឲ្យដឹងទៀតថា ក្រុមហ៊ុនបានយល់ព្រមផ្តល់សំណងឲ្យអ្នកភូមិចំនួន ២.៥០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងដីមួយហិកតារ។ តែលោកថា អ្នកភូមិទទួលបានតែ ១.៥០០ដុល្លារប៉ុណ្ណោះ៖ «ក្រុមហ៊ុននឹងចង់ធ្វើផ្ទះពេទ្យ សាលារៀន។ បើវាធ្វើចឹងហើយ សាលាក៏មាន ផ្ទះពេទ្យក៏មាន ធ្វើផ្លូវក៏ធ្វើឲ្យ តែមុននឹងធ្វើយ៉ាងម៉េច វាមិនអស់ដីយើង។ វាយកអស់រហូតចឹង»។
អ្នកភូមិម្នាក់ទៀត (អ្នកលក់អីវ៉ាន់សុំលាក់អត្តសញ្ញាណ) ឲ្យដឹងថា៖ «ខួងយក ៣០ឆ្នាំអី ចុះកូនចៅខ្ញុំបានអី? គេមិនដែលហៅយើងទៅធ្វើផង»។
យើងបានព្យាយាមទាក់ទងតំណាងសាលាខេត្តរតនគិរី ជាច្រើនលើកច្រើនសា ដើម្បីឆ្លើយបំភ្លឺការធ្វើអាជីវកម្មនៅក្នុងខេត្តនេះ ក៏ប៉ុន្តែយើងមិនអាចទាក់ទងបានទេ។
ទោះបីជាយ៉ាងណា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក ប៉េង ណាវុធ បានថ្លែងកាលពីដើមខែកុម្ភៈ នៅក្នុងវេទិកាសាធារណៈមួយនៅរាជធានីភ្នំពេញ ថាបើសិនជាមានផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ ទោះមានផលចំណេញប៉ុនណា ក៏ក្រសួងមិនផ្តល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មដែរ ហើយក្រសួងជំរុញការប្រើយន្តការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋានជាធំ៖ «ការបញ្ជ្រាបព័ត៌មានទៅប្រជាជន ទាំងផលវិជ្ជមាន និងអវិជ្ជមាននៃគម្រោងនោះ។ តើវាមានផលអវិជ្ជមានយ៉ាងម៉េចខ្លះ? នោះហើយដែលប្រជាជនត្រូវដឹង។ នៅពេលអនុញ្ញាតឲ្យធ្វើនៅកន្លែងរបស់ខ្លួន តើវាមានផលអវិជ្ជមានរបៀបម៉េច? ប៉ុន្តែត្រូវមានដំណោះស្រាយ។ ផ្នែកនៃដំណោះស្រាយ ជាផ្នែកសំខាន់។ ផលអវិជ្ជមាននេះ ត្រូវមានដំណោះស្រាយរបៀបម៉េច ដើម្បីឲ្យដំណើរការវាធ្វើទៅបាន»។
ទន្ទឹមគ្នានេះ លោកទទួលស្គាល់ថា ក្រសួងមិនទាន់បានចុះពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋានពេញលេញនៅឡើយ។
ក្រសួងរ៉ែ និងថាមពល ឲ្យដឹងថា ចំណូលពីវិស័យរ៉ែកំពុងកើនឡើង។ នៅឆ្នាំ២០១៣ រដ្ឋទទួលបានចំណូលប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០១៧ នេះ ចំណូលពីវិស័យរ៉ែនឹងកើនឡើងដល់ជាង ១២លានដុល្លារសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណា ព័ត៌មានលម្អិតស្ដីពីចំណូលពីវិស័យរ៉ែ នៅបិទបាំងនៅឡើយ បើទោះជាក្រសួងរ៉ែ ប្រកាសថានឹងដាក់បង្ហាញជាសាធារណៈក៏ដោយ។
ក្រុមហ៊ុនមេស្កូហ្គោល ឲ្យដឹងថា ខ្លួនបានបង្កើតការិយាល័យមួយនៅជិតទីតាំងធ្វើអាជីវកម្មរ៉ែមាសក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សម្រាប់តំណាងក្រុមហ៊ុន និងរដ្ឋាភិបាលធ្វើការពិនិត្យតាមដានវាយតម្លៃកំណត់យកពន្ធរ៉ែមាស ដែលនឹងយកបាន។ ក្រុមហ៊ុននេះពន្យល់ថា នៅពេលជីកកាយដីរ៉ែមាសហើយ នឹងយកកាកដីពីការចម្រាញ់យកមាសលាយនឹងស៊ីម៉ងត៍ ទៅចាក់បញ្ជិតរណ្ដៅដីដែលជីកកាយយករ៉ែវិញ។
ក៏ប៉ុន្តែលោក ម៉ម សម្បត្តិ ព្រួយបារម្ភថា ការប្រើជាតិគីមីដូចជាបារត និងជាតិគីមីផ្សេងទៀតដើម្បីលាងរ៉ែ ធ្វើឲ្យពុលដី ពុលទឹក ប៉ះពាល់សុខភាពប្រជាជន។ លោកថា បញ្ហាគ្រប់គ្រងជាតិគីមី គ្រប់គ្រងកាកសំណល់អាចម៍រ៉ែជារឿងសំខាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាជន៖ «ក្រុមហ៊ុនអាចអនុវត្តដោយចីរភាព ដោយសារភាគីទាំងឡាយសប្បាយចិត្តទាំងអស់គ្នា។ ក្រុមហ៊ុនបានអភិវឌ្ឍដោយចីរភាព មានលក្ខណៈត្រឹមត្រូវ សហគមន៍ក៏ទទួលបានប្រយោជន៍ពីការអភិវឌ្ឍនៅនឹងកន្លែងនោះផង ហើយរដ្ឋាភិបាលក៏សប្បាយចិត្តឃើញក្រុមហ៊ុនមានការទទួលខុសត្រូវលើរឿងសិទ្ធិមនុស្ស រឿងបរិស្ថាន។ នេះហើយជាការទាក់ទាញវិនិយោគិនពីប្រទេសដទៃទៀត មករកស៊ីនៅស្រុកខ្មែរតាមលំអានល្អបែបនេះឯង»។
ចំពោះការព្រួយបារម្ភនេះ ក្រុមហ៊ុនមេស្កូហ្គោល ឲ្យដឹងថា ក្រុមហ៊ុនគ្រោងសាងសង់អាងទឹកដាក់ជាតិគីមីសម្រាប់លាងរ៉ែច្រើនផ្សេងគ្នា ហើយមានកន្លែងស្តុកជាតិពុលពីការលាងរ៉ែដោយសុវត្ថិភាព មិនឲ្យសាយភាយប៉ះពាល់ដល់សុខភាព។ ចំពោះអាចម៍ដីដែលនៅសល់ពីការរែងរករ៉ែមាស ក្រុមហ៊ុននឹងលាយដីនោះជាមួយស៊ីម៉ងត៍ យកទៅបំពេញប្រហោងនៅបាតដីដែលបានកាយ។
លោក ក្លាន ពិល ថ្លែងដោយភ្នែកសម្លឹងមើលទៅថ្នល់ថា អ្នកភូមិនៅដាលវាលឡែង ដែលជនជាតិដើមភាគតិចចង់បានសិទ្ធិដូចប្រជាពលរដ្ឋកម្ពុជា ទូទៅដែរ៖ «ចង់ឲ្យរដ្ឋាភិបាលមុននឹងផ្តល់សិទ្ធិវិនិយោគ ឲ្យក្រុមហ៊ុនផ្សេងៗធ្វើម៉េចឲ្យគាត់ សិក្សាជាមួយជនជាតិដើមភាគតិច វាយតម្លៃផលប៉ះពាល់។ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្បែរតំបន់ហ្នឹង មានអីខ្លះ ទីមួយ។ ទីពីរ សំខាន់ឲ្យយើងជាជនជាតិភាគតិច ឲ្យយើងមានសិទ្ធិសម្រេចចិត្តប្រគល់ឲ្យគេ។ បើមិនចឹងទេ យើងនឹងស្វែងរកអង្គការដៃគូផ្សេងៗជួយយើង។ ធ្វើម៉េចឲ្យច្បាប់យើងអនុវត្តមានប្រសិទ្ធភាព ដូចច្បាប់ទូទៅ»៕