
អ្នកធ្វើការឃ្លាំមើលអំពើពុករលួយ និងអ្នកវិភាគសង្គម ផ្ដល់យោបល់ឲ្យរបបក្រុងភ្នំពេញ គួរដាក់បញ្ចូលសេវាធំៗបន្ថែមទៀត ចូលក្នុងការិយាល័យច្រកចេញចូលតែមួយ និងត្រូវពង្រីកការិយាល័យនេះ ឲ្យដល់ថ្នាក់ឃុំសង្កាត់ណា ដែលនៅតំបន់ដាច់ស្រយាល។ អ្នកវិភាគថា របបក្រុងភ្នំពេញត្រូវពង្រឹងគុណភាពសេវាកម្មច្រកនេះ បន្ថែមទៀត ព្រោះបច្ចុប្បន្នសេវាកម្មច្រកចេញចូលតែមួយ នៅតែរងការរអ៊ូពីពលរដ្ឋថា មានអំពើពុករលួយ។
សង្គមស៊ីវិលមើលឃើញថា ការបន្តពង្រីកសេវាការិយាល័យច្រកចេញចូលតែមួយ ឲ្យបានស្រុកខ្លះ គ្រប់ខេត្ត និងរាជធានីទូទាំងប្រទេស ជាការល្អ ប៉ុន្តែសេវានៅការិយាល័យនេះ នៅតែមានបញ្ហាខ្លះ ដែលរបបក្រុងភ្នំពេញ គួរតែពង្រឹងបន្ថែម។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា បើទោះជាក្នុងកាលៈទេសៈបច្ចុប្បន្ន សមត្ថភាពមន្ត្រីនៅថ្នាក់មូលដ្ឋានមិនទាន់ដល់កម្រិតល្អ ដែលអាចមានលទ្ធភាពដោះស្រាយរឿងធំៗ ក្នុងការិយាល័យច្រកចេញចូលតែមួយបាន តែច្រកនេះ គួរត្រូវបានទម្លាក់នៅថ្នាក់ឃុំ ឬសង្កាត់ណាដែលដាច់ស្រយាលពីសាលាស្រុក ព្រោះពលរដ្ឋត្រូវការសេវាបែបនេះ ជាចាំបាច់៖ «ព្រោះអីនៅខេត្តសោះពីភូមិទៅឃុំនឹងក៏ឆ្ងាយ ពីឃុំទៅ ស្រុកនឹងក៏វាឆ្ងាយ ក៏ប៉ុន្តែប្រសិនបើភូមិណា ឃុំណានៅចន្លោះកណ្ដាលខេត្តជិតគ្នាខ្ញុំគិតថាដូចជា មិន ចាំបាច់មានអីទេ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៩ មេសា បានចេញសេចក្ដីសម្រេចស្ដីពីការកំណត់ស្រុកគោលដៅសម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយ នៅតាមស្រុកចំនួន៣១កន្លែងបន្ថែមការិយាល័យដែលមានស្រាប់ចំនួន ៤០ស្រុកខណ្ឌ។
ខេត្តបាត់ដំបង ការិយាល័យច្រកចេញចូលតែមួយ ត្រូវបង្កើតឡើងនៅស្រុកបាណន់ ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុករតនមណ្ឌល ឯខេត្តកណ្តាល ត្រូវបានបង្កើតបន្ថែមនៅស្រុកអង្គស្នួល និងស្រុកកៀនស្វាយ។ ខេត្តសៀមរាប គឺ ស្រុកសូត្រនិគម និងស្រុកក្រឡាញ់ ខេត្តបន្ទាយមានជ័យ ត្រូវបង្កើតនៅ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ។ ខេត្តតាកែវ នៅស្រុកបាទី ខេត្តកំពង់ស្ពឺ នៅស្រុកសំរោងទង ខេត្តកំពង់ឆ្នាំង នៅស្រុកកំពង់ត្រឡាច ខេត្តពោធិ៍សាត់ នៅស្រុកបាកាន ខេត្តប៉ៃលិន នៅស្រុកសាលាក្រៅ ខេត្តត្បូងឃ្មុំ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមនៅស្រុកកំពង់សៀម ខេត្តកំពង់ធំ នៅស្រុកស្ទោង ខេត្តព្រះវិហារ នៅស្រុករវៀង ខេត្តមណ្ឌលគិរី នៅស្រុកកែវសីមា ខេត្តក្រចេះ នៅស្រុកស្នួល ខេត្តព្រៃវែង នៅស្រុកកំចាយមារ ខេត្តឧត្តរមានជ័យ នៅស្រុកបន្ទាយអំពិល ខេត្តព្រះសីហនុ នៅស្រុកស្ទឹងហាវ ខេត្តកោះកុង នៅស្រុកស្រែអំបិល ខេត្តស្ទឹងត្រែង នៅស្រុកសៀមប៉ាង ខេត្តរតនគិរី នៅស្រុកបរកែវ ខេត្តស្វាយរៀង នៅស្រុកស្វាយជ្រំ និង ខេត្តកែប នៅស្រុកដំណាក់ចង្អើរ។
ចំណែកសេវាកម្មនៃច្រកចេញចូលតែមួយ មាន១២សេវាកម្ម គឺការងារនីត្យានុកូលដ្ឋាន ការងារអត្រានុកូលដ្ឋាន វិស័យសូរិយោដី តម្លៃសេវាកម្មទាំង៣ប្រែប្រួលទៅតាមតំបន់។ ក្រៅពីនេះ មានវិស័យវប្បធម៌ និងវិចិត្រសិល្បះ វិស័យអប់រំ យុវជន និងកីឡា វិស័យទេសចរណ៍ សំណង់ ឧស្សាហកម្ម រ៉ែ និងថាមពល ពាណិជ្ជកម្ម សុខាភិបាល សាធារណការ និងដឹកជញ្ជូន កសិកម្ម។
លោកបណ្ឌិត កែម ឡី កាលនៅមានជីវិតបានលើកឡើងថា ក្រៅពីសេវាកម្មទាំងនេះ របបក្រុងភ្នំពេញ ត្រូវបញ្ចូលសេវាកម្មដទៃទៀត ជាមួយមន្ត្រីជំនាញ ឲ្យទៅប្រមូលផ្ដុំទៅដល់ថ្នាក់មូលដ្ឋាន គឺឃុំសង្កាត់ ហើយត្រូវកាត់បន្ថយសេវាកម្ម ក្រសួង និងមន្ត្រីនៅថ្នាក់ជាតិឲ្យទៅធ្វើការនៅថ្នាក់មូលដ្ឋាន។ ចំណែកគណបក្សសង្គ្រោះជាតិវិញ កាលពីកំឡុងឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ធ្លាប់ប្រកាសថា នៅពេលបក្សប្រឆាំងឈ្នះឆ្នោត នឹងទម្លាក់មន្ត្រីជំនាញ នៅក្រសួងអភិវឌ្ឍន៍ជនបទ ទៅថ្នាក់ឃុំ សង្កាត់ ដោយរំសាយក្រសួងនេះចោល ដើម្បីទម្លាក់សេវាកម្មទៅថ្នាក់ក្រោមជាតិ និងកាត់បន្ថយការចំណាយរបស់រដ្ឋ។
អ្នកវិភាគនយោបាយ លោក ហង្ស វិទូ គាំទ្រការលើកឡើងរបស់លោកបណ្ឌិត កែម ឡី ដោយណែនាំឲ្យក្រសួងមហាផ្ទៃ គួរពង្រីកសេវាកម្មច្រកចេញចូលតែមួយ ឲ្យបានដល់ឃុំសង្កាត់ ដូចគំនិតលោកបណ្ឌិត កែម ឡី។ អ្នកវិភាគរូបនេះ ពន្យល់ថា នៅតាមប្រទេសអភិវឌ្ឍន៍ជឿនលឿន គេបានទម្លាក់សេវាកម្មទាំងអស់ ឲ្យពលរដ្ឋនៅថ្នាក់មូលដ្ឋានអស់ហើយ។៖ «ប្រទេសដែលមានកាជឿនលឿនប្រព័ន្ធរដ្ឋបាលដ៏ឆ្លាតវៃ គឺចាំបាច់បង្កើតចាប់តាំង ពីខាងក្រោមមុនដំបូងគេបង្អស់ ព្រោះប្រជាពលរដ្ឋគាត់ជាអ្នកប្រើច្រើន ជាងក្រសួង មន្ទីរអីធំៗផង គាត់នៅមូលដ្ឋានគាត់ចាំបាច់ត្រូវប្រើមុនគេ។ អ៊ីចឹងខ្ញុំឧទាហរណ៍ ដូចជា ការធ្វើលិខិតឆ្លងដែន (Passport) រដ្ឋគួរតែដាក់នៅតាមខេត្តឲ្យបានច្រើនហើយតម្លៃថោកសមរម្យគ្មានអំពើពុករលួយ»។
ក្រោយការពង្រីក ច្រកចេញចូលតែមួយនឹងកើនឡើងដល់ ៧១ស្រុកខណ្ឌ នៅតាមខេត្តរាជធានី ប៉ុន្តែអ្នកវិភាគ និងសង្គមស៊ីវិលនៅមិនទាន់ជឿជាក់លើគុណភាពនៃសេវាកម្មច្រកចេញចូលតែមួយរបស់របបក្រុងភ្នំពេញ ថាគ្មានអំពើពុករលួយនោះទេ។ លោក សន ជ័យ លើកឡើងថា បើទោះជាវិស័យមួយចំនួន ត្រូវបានដាក់បញ្ចូលក្នុងច្រកចេញចូលតែមួយ ប៉ុន្តែសេវាកម្មធំៗក្នុងវិស័យទាំងនោះ មិនទាន់ត្រូវបានរបបក្រុងភ្នំពេញ អនុញ្ញាតឲ្យពលរដ្ឋអាចធ្វើបាននៅតាមច្រកចេញចូលតែមួយទេ ឧទាហរណ៍ ការស្នើសុំបើកផ្ទះសំណាក់ធំៗ ពលរដ្ឋត្រូវតែរត់ទៅកន្លែងផ្សេងដដែល។ សង្គមស៊ីវិល ស្នើសុំឲ្យរបបក្រុងភ្នំពេញ ពិចារណាសម្រេចដាក់សេវាកម្មធំៗ បញ្ចូលក្នុងច្រកចេញចូលតែមួយ ដើម្បីភាពងាយស្រួលរបស់ពលរដ្ឋ៕