
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ព្រមានថា លោកនឹងធ្វើយុទ្ធនាការការទូត ទាមទារឲ្យអង្គការសហប្រជាជាតិ ដកហូតយកអាសនៈកម្ពុជានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីកុំឲ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលថ្មីណាមួយ ដែលកើតចេញពីការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ប្រសិនបើពុំមានដំណោះស្រាយនយោបាយ និងពុំមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមនៅក្នុងការបោះឆ្នោតជាតិនេះទេ។
សារព្រមានរបស់លោក សម រង្ស៊ី លើកនេះ ធ្វើឡើងខណៈពេលដែលការបោះឆ្នោតជាតិ កាន់តែខិតជិតមកដល់ និងខណៈដែលរបបលោក ហ៊ុន សែន កំពុងតែបង្កើនយុទ្ធនាការ បន្តរៀបចំដំណើរការបោះឆ្នោតនេះ ដោយមិនខ្ចីអើពើ និងផ្គើននឹងការចរចារកដំណោះស្រាយ បញ្ចប់វិបត្តិនយោបាយ ឲ្យបាននូវមុនការបោះឆ្នោតមកដល់នោះ។
លោក សម រង្ស៊ី ក៏បានអះអាងដែរថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន និងប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ ទទួលបានជោគជ័យ ដោយលោកបានធ្វើឲ្យក្រុមអ្នកដឹកនាំប្រទេសទាំងនោះ កាន់តែយល់ច្បាស់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដែលលោក ហ៊ុន សែន បានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាជាស្ថាពរ។ លោក សម រង្ស៊ី គូសបញ្ជាក់ថា ប្រទេសប្រជាធិបតេយ្យទាំងពីរនេះ នឹងមិនសុខចិត្តឱបដៃ ឈរមើល បណ្ដោយឲ្យរបបលោក ហ៊ុន សែន បន្តធ្វើដូច្នេះបានឡើយ ដោយសារតែអន្តរជាតិ បានចំណាយពេលវេលា និងថវិកា អស់រាប់ពាន់លានដុល្លារ ដើម្បីឲ្យកម្ពុជាទទួលបានសន្តិភាព និងមានការអភិវឌ្ឍន៍សង្គមតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ហេតុដូច្នេះហើយ លោក សម រង្ស៊ី ថា ប្រទេសទាំងពីរនេះ នឹងធ្វើយ៉ាងណាធានាឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញនៅកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នាពេលខាងមុខនេះ។
ការដកហូត និងការដណ្ដើមយកអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ មកគ្រប់គ្រង តែងតែត្រូវបានអ្នកនយោបាយខ្មែរលើកយកមកធ្វើជាប្រធានបទ នៃការតទល់គ្នានៅលើឆាកអន្តរជាតិ នៅរៀងរាល់ពេលដែលកម្ពុជា ជួបវិបត្តិនយោបាយផ្ទៃក្នុងម្តងៗ ដែលដោះស្រាយមិនចេញ និងតម្រូវឲ្យមានការលូកដៃពីអន្តរជាតិ។ កាលពីក្នុងអំឡុងឆ្នាំ១៩៩៧ ក្រោយពេលដែលលោក ហ៊ុន សែន ដែលកាលណោះលោកធ្វើជានាយករដ្ឋមន្ត្រីទី២ បានដឹកនាំធ្វើរដ្ឋប្រហារបង្ហូរឈាមមួយនៅកណ្ដាលក្រុងភ្នំពេញ ដែលបានផ្ដាច់ផ្ដិលជីវិតមនុស្ស និងបណ្ដាលឲ្យរងរបួសអស់ជាច្រើនរយនាក់ អាសនៈរបស់កម្ពុជា ត្រូវបានទុកឲ្យនៅទំនេរចោល រហូតទាល់តែមានដំណោះស្រាយនយោបាយឡើងវិញ នៅក្រោយការបោះឆ្នោតសាកលឆ្នាំ១៩៩៨។ នៅក្នុងឆ្នាំ១៩៩០ អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិដដែលនេះ ក៏ធ្លាប់ត្រូវបានទុកឲ្យនៅទំនេរផងដែរ ក្រោយការបង្កើតឧត្ដមក្រុមប្រឹក្សាជាតិ ហៅកាត់ថា SNC ដែលកាលណោះមានសម្ដេច នរោត្តម សីហនុ ធ្វើជាប្រធាន។
សូមស្ដាប់បទសម្ភាសន៍ពិសេសរវាង លោក ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងលោក សម រង្ស៊ី ពីប្រទេសបារាំង ជុំវិញរឿងរ៉ាវនេះ ដូចតទៅ៖