នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា រយៈពេល ១៨ថ្ងៃគិតពីថ្ងៃទី១ ដល់ថ្ងៃទី១៨ មេសា គឺមុន និងក្រោយចូលឆ្នាំខ្មែរ មានចំនួនគ្រោះថ្នាក់ចរាចរណ៍ចំនួន ២១៨ករណីក្នុងនោះមានមនុស្សស្លាប់ចំនួន ១១៨នាក់ និងរបួសចំនួន ៣៤៣នាក់។
ចំនួននេះបានកើនឡើងចំនួន ៥៥ករណី លើសពីថ្ងៃធម្មតា ដែលជាថ្ងៃមិនមានពិធីបុណ្យ ដោយគិតក្នុងរយៈពេល ១៨ថ្ងៃដូចគ្នាកាលពីខែមីនាកន្លងទៅ គឺអ្នកស្លាប់បានកើនឡើង ២០នាក់ និងរបួសធ្ងន់ស្រាល កើនជាង ១រយនាក់។
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរចចរណ៍នេះដែរ កាលពីក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស មានចំនួន ៥៥ករណី ធ្វើឲ្យមនុស្សស្លាប់ ២៦នាក់ និងរបួសស្រាល និងធ្ងន់ ៨១នាក់។ ចំនួននេះបានថយចុះ បើប្រៀបធៀបទៅនឹងពិធីចូលឆ្នាំខ្មែរកាលពីឆ្នាំ២០១៧។
កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសគិតក្នុងរយៈពេលដូចគ្នាមានចំនួន ៩៥ករណី មនុស្សស្លាប់ ៤៣នាក់ និងរងរបួសស្រាលធ្ងន់ប្រមាណ ១៨០នាក់។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងនៅថ្ងៃទី១៦ មេសាថា មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិគ្នា ជែងគ្នា បើកបរទាំងភាពស្រវឹង មិនប្រកាន់ស្តាំ និងបើកបរទាំងងងុយដេកជាដើម។
របាយការណ៍ដដែល បានបង្ហាញថា រយៈពេល ១ឆ្នាំកាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន ៣.៥៣១ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១.៧៨០នាក់ និងរបួសចំនួន ៥.៥៣៩នាក់៕