
ព្រៃសហគមន៍ដែនជម្រកសត្វមានផ្ទៃដីជាង ៤ពាន់ហិកតារ ឋិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងទទួលរងការកាប់ទន្ទ្រានយកដីលក់យ៉ាងពេញទំហឹង ក្រោយពីកាប់យកឈើធ្វើអាជីវកម្មអស់ទាំងស្រុង។ សហគមន៍ថា គ្រឿងចក្រ ៥គ្រឿង បានឈូសឆាយហ៊ុមព័ទ្ធដីព្រៃសហគមន៍នោះ ដើម្បីបម្លែងជាដីកម្មសិទ្ធិជាង ១ខែមកហើយ នៅពុំទាន់មានអាជ្ញាធរណាចុះបង្ក្រាបនោះទេ។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ សម្ដែងក្តីកង្វល់ជាថ្មីទៀត ពីអនាគតព្រៃសហគមន៍ដែនជម្រកសត្វ កំពុងទទួលរងការកាប់ទន្ទ្រានយកដីធ្វើអាជីវកម្ម ជាប្រព័ន្ធ ដោយអ្នកមានអំណាច និងពលរដ្ឋចំណាកស្រុក។
សហគមន៍ថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច មិនបានបំពេញតួនាទីការពារព្រៃឈើនោះទេ បែរជាចាំយកលុយ ពីអ្នកកាប់ឈើ និងដឹកឈើតាមផ្លូវ។
ជនជាតិដើមភាគតិចកួយថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី១៩ មេសារ ថា គ្រឿងចក្រ ៥គ្រឿង បានឈូសឆាយព្រៃសហគមន៍អស់ ៣០ហិកតារថ្មីទៀត នៅចំណុចអូរតាលាស់ និងមានកម្មករចំណាកស្រុកច្រើនក្រុមបានបោះតង់ស្នាក់នៅ ដណ្ដើមគ្នាកាប់ព្រៃយកដីលក់កាន់តែខ្លាំងឡើង នៅបរិវេណដីព្រៃសហគមន៍ ដែលពុំមានអាជ្ញាធរណាចេញមុខទប់ស្កាត់នោះទេ។
លោកថា មកទល់ពេលនេះព្រៃសហគមន៍នោះ ត្រូវបានគេកាប់ទន្ទ្រានជាកម្មសិទ្ធិ អស់ប្រមាណជាង ៣ពាន់ហិកតារ ហើយកំពុងសម្រុកកាប់កាន់តែខ្លាំងឡើងនៅគ្រាដែល គណបក្សប្រឆាំងត្រូវរំសាយចោល៖ «ឥឡូវគេកំពុងដណ្ដើមដីគ្នាហើយ ជនចំណាកស្រុកខ្លះមកពីស្វាយរៀង និងខ្លះទៀតមកពីកំពង់ចាម មកដណ្ដើមគ្នាដូចឆ្កែទាញព្រ័ត្រ។ ខាងអាជ្ញាធរគាត់ឈឺឆ្អាលបន្តិចដែរ គឺល្ងាចឡើងគាត់បើកឡានមកយកលុយៗ»។
លោកបន្ថែមថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ គ្មានឆន្ទៈការពារព្រៃឈើ ឲ្យពលរដ្ឋកក់ក្ដៅឡើយ ថែមទាំងយកតួនាទីទទួលប្រយោជន៍ពីបទល្មើសដដែលៗ ដែលនាំឲ្យព្រៃអភិរក្សមួយនេះនៅតែទទួលរងគ្រោះធ្ងន់ធ្ងរ នឹងត្រូវរលាយទាំងស្រុងនៅពេលឆាប់ៗនេះ។
លោកស្ដីបន្ទោស ប្រធានសហគមន៍ និងគណៈកម្មការសហគមន៍នៅតែធូរលុងនៅឡើយ ក្នុងការចុះល្បាត និង អភិរក្សព្រៃសហគមន៍ ដែលបានចុះបញ្ជីជាព្រៃអភិរក្ស៖ «ខ្ញុំបារម្ភខ្លាំងមែនទែន ខាងការពារធនធានធម្មជាតិអត់បាន មន្ត្រីខិលខូចៗ រួមគំនិតជាមួយបទល្មើសបានលុយចែកគ្នា។ ពួកមន្ត្រីអស់ហ្នឹងមិនធ្វើដើម្បីជាតិទេ មន្ត្រីអស់ហ្នឹងជាន់ករាស្ត្រ ផ្ដាំផ្ញើទៅសម្ដេច ហ៊ុន សែន ផង។ គ្មានព្រៃជ្រកម្លប់ទេ ឥឡូវដើរជ្រកក្រោមដើមចន្ទី និង ក្រោមដើមចេកអីទេ»។
ព្រៃសហគមន៍ភ្នំជម្រកសត្វ ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានផ្ទៃដីចំនួនជាង ៤ពាន់ហិកតារ (៤.៤៤៦,១៦ហិកតារ) ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម នៅដើមឆ្នាំ២០១៧។
មេឃុំស្តីទី នៃឃុំសំអាង លោក គាំ សារាំ ទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតែជាក្តីបារម្ភ តែអាជ្ញាធរឃុំពុំមានវិធានការឲ្យប្រសើរណាមួយ ជួយទប់ស្កាត់បទល្មើសព្រៃឲ្យគ្រប់ជ្រុងជ្រោយទេ ហើយមន្ត្រីជំនាញតែងតែចុះបង្ក្រាបបទល្មើសច្រើនករណីនេះជាហូរហែ។ លោកថា អាជ្ញាធរឃុំនឹងមិនចុះហត្ថលេខា លើពាក្យស្នើសុំកាន់កាប់ដីធ្លីដែលឋិតក្នុងព្រៃអភិរក្សនោះដាច់ខាត៖ «យើងមិនដឹងមនុស្សដែល តែយើងនៅតែទប់ស្កាត់រហូត ជូនកាលវាលួចកាប់។ ខ្ញុំតែងតែសហការបង្ក្រាបរហូតទេ ដូចជាកម្លាំងប្រដាប់អាវុធ និងពង្រឹងសហគមន៍»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ដែលចុះអង្កេតរឿងនេះ ធ្លាប់លើកឡើងថា លោកពុំឃើញមានអាជ្ញាធរណាចុះចាប់ជនល្មើស ឲ្យមកទទួលខុសត្រូវ និងដាក់ទោសទណ្ឌតាមច្បាប់ដែរ។ រីឯជនល្មើស និងអ្នកមានឥទ្ធិពលនៅតែមានឱកាសកាប់ឈើ និងទន្ទ្រានព្រៃអភិរក្សយកដីជាបន្តទៀត៕