
សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំជុំទី២ របស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប គឺ លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និងលោក អ៊ួន ឈិន ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍ទី១៩ មេសានេះ។ មេធាវីការពារក្តីឲ្យអតីតអ្នករាយការណ៍អាស៊ីសេរី និងសង្គមស៊ីវិល យល់ថា ការបន្ដឃុំខ្លួនលោកទាំងពីរ ដោយទាំងរកមិនឃើញភស្តុតាងនេះ ជាការរំលោភសេរីភាព។
លោកមេធាវី កែវ វន្នី បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានសម្រេចបន្តឃុំខ្លួន លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា និង លោក អ៊ួន ឈិន ដោយលើកយកលេសថា ខ្លាចអ្នកទាំងពីររត់ចេញទៅក្រៅប្រទេស ដែលនាំឲ្យពិបាកដល់នីតិវិធីរបស់តុលាការ។
លោកមេធាវី កែវ វន្នី បន្ដថា ក្នុងសវនាការសាលាឧទ្ធរណ៍ចៅក្រមប្រឹក្សាបានប្រាប់ទៅអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរថា បទល្មើសរបស់អ្នកទាំងពីរជាបទល្មើសដែលប៉ះពាល់ដល់ប្រទេសជាតិធ្ងន់ធ្ងរ។ លោក កែវ វន្នី ប្រាប់ថា ក្នុងសវនាការក្រុមចៅក្រមបានលើកពីក្ដីបារម្ភរថា ដោយសារលោក យាង សុធារិន្ទ ជាខ្មែរក្រោម កើតនៅកម្ពុជាក្រោម ទើបចៅក្រមបារម្ភថា ប្រសិនបើមានការដោះលែង ខ្លាចលោក យាង សុធារិន្ទ រត់គេចទៅប្រទេសវៀតណាម។ «»
កាលពីថ្ងៃទី១៦ មីនា ក្នុងសវនាការតុលាការកំពូល លើបណ្ដឹងស្នើសុំនៅក្រៅឃុំជុំទី១ លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន បានឆ្លើយប្រាប់ក្រុមប្រឹក្សាជំនុំជម្រះយ៉ាងច្បាស់ថា លោកទាំងពីរមិនដែលបានផ្ញើព័ត៌មានសំងាត់របស់ជាតិណាមួយ ទៅឱ្យរដ្ឋបរទេសទេ គឺលោកបានឈប់ធ្វើការតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលវិទ្យុអាស៊ីសេរី រងសម្ពាធ បង្ខំចិត្តឱ្យបិទការិយាល័យនៅភ្នំពេញមកម្ល៉េះ។
កាលណោះ ក្នុងសវនាការតុលាការកំពូល ដែលតុលាការផ្ដល់ឱកាសឱ្យអ្នកទាំងពីរបំភ្លឺ លោក យាង សុធារិន្ទ ទាមទារឱ្យដោះលែងរូបលោក ព្រោះលោកបានផ្ដល់លេខកូដសំងាត់ទូរស័ព្ទដៃ ហ្វេសប៊ុក និងអ៊ីម៉ែល ឱ្យសមត្ថកិច្ចអស់ហើយ ប៉ុន្តែ រកមិនឃើញភស្តុតាងថា លោកបានលួចបញ្ជូនព័ត៌មានសំងាត់ឱ្យរដ្ឋបរទេសដូចការចោទប្រកាន់ទេ។ លោក យាង សុធារិន្ទ ក៏បានប្រគល់លិខិតឆ្លងដែន ឲ្យតុលាការថែមទៀត ជៀសវាងការសង្ស័យថា លោកមានចេតនាលួចរត់ចេញក្រៅប្រទេស។ ចំណែកលោក អ៊ួន ឈិន អះអាងថា បន្ទប់ជួលនៅក្នុងផ្ទះសំណាក់ ដែលសមត្ថកិច្ចចាប់ខ្លួនលោក ធ្វើឡើងដើម្បីបើកជាបន្ទប់ច្រៀងសិល្បៈលក្ខណៈគ្រួសារ ក្រោយពីលោកបានលាឈប់ពីវិទ្យុអាស៊ីសេរី។
លោកមេធាវី កែវ វន្នី យល់ថា ការបន្ដឃុំខ្លួន ដោយសំអាងថា កូនក្ដីលោកទាំងពីរបានប្រព្រឹត្តិបទល្មើសប៉ះពាល់ដល់ជាតិធ្ងន់ធ្ងរ គឺជារឿងអយុត្តិធម៌បំផុតសម្រាប់កូនក្ដីលោក ខណៈដែលតុលាការរកមិនឃើញភស្តុតាងណាបញ្ជាក់ថា កូនក្ដីរបស់លោក បានផ្ញើព័ត៌មានសំងាត់របស់ជាតិឲ្យរដ្ឋបរទេសដូចការចោទប្រកាន់ឡើយ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរឹបអូសយកទ្រព្យសម្បត្តិជាច្រើន ដូចជាកុំព្យូទ័រ ម៉ូតូជាច្រើនគ្រឿង កាលពីព្រលប់ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧។ គិតមកដល់ពេលនេះ អ្នកទាំងពីរត្រូវបានឃុំខ្លួន ជាង៥ខែ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្នើឲ្យរបបលោក ហ៊ុន សែន ដោះលែងអតីតអ្នករាយការណ៍អាស៊ីសេរី ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ អង្គការសិទ្ធិមនុស្សអន្តរជាតិចាត់ទុកអ្នកទាំងពីរជាអ្នកទោសនយោបាយ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ហេតុផលរបស់សាលាឧទ្ធរណ៍ក្នុងការបន្តឃុំខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរបន្តទៀតនេះ គឺមិនខុសពីការបន្តឃុំខ្លួនសកម្មជនផ្សេងៗកន្លងមកទេ គឺតុលាការបានប្រើប្រាស់ ហេតុផលមិនសមទំនង ក្នុងការបន្តឃុំខ្លួន ទាំងគ្មានរកឃើញភស្តុតាង។ សង្គមស៊ីវិលទាមទារឲ្យដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរ ដើម្បីផ្ដល់យុត្តិធម៌ជូនពួកគាត់ឡើងវិញ។ «»
លោកមេធាវី កែវ វន្នី ឲ្យដឹងថា លោកនឹងប្ដឹងសាទុក្ខរឿងនេះ ទៅតុលាការកំពូលនៅសប្ដាហ៍ក្រោយ ដើម្បីស្នើសុំឲ្យកូនក្ដីលោកនៅក្រៅឃុំជុំទី២៕