មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្ថែមសកម្មភាពចុះត្រួតពិនិត្យការដាក់លក់ម្សៅទឹកដោះគោគ្រប់ប្រភេទ សម្រាប់ជាអាហារបំប៉នដល់ទារកដែលអាជីវករដាក់លក់នៅលើទីផ្សារមួយចំនួន មានផ្សារពាណិជ្ជកម្ម និងផ្សារលើជាដើម ដើម្បីឲ្យប្រាកដថា បានអនុវត្តស្របតាមខ្លឹមសារអនុក្រឹត្យលេខ ១៣៣ ដែលអគ្គនាយកដ្ឋានកាំកុងត្រូលបានកំណត់។
អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ លោក ជា ប៉ិច មានប្រសាសន៍ថា អនុក្រឹត្យលេខ១៣៣ បានតម្រូវឲ្យក្រុមហ៊ុនផលិត ឬចែកចាយម្សៅទឹកដោះគោសម្រាប់ទារក ឬកុមារ ត្រូវតែមានគុណភាព។
លោក ជា ប៉ិច បានឲ្យដឹងថា សកម្មភាពចុះពិនិត្យម្សៅទឹកដោះគោបំប៉នសុខភាពទារកនៅតាមទីផ្សារមួយចំនួនរបស់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ក្រុមអាជីវករទទួលលក់ម្សៅទឹកដោះគោសម្រាប់កុមារភាគច្រើន បានសហការជាមួយមន្ត្រីជំនាញ និងប្ដេជ្ញាចូលរួមអនុវត្តតាមខ្លឹមសារអនុក្រឹត្យលេខ១៣៣ របស់អគ្គនាយកដ្ឋានកាំកុងត្រូលឲ្យបានទាំងអស់គ្នា។
ទោះជាបែបនេះក្ដី លោក ជា ប៉ិច បានណែនាំឲ្យមាតាគ្រប់រូបងាកមកបំបៅទឹកដោះម្ដាយផ្ទាល់ដល់កូន ឬទារក ដែលទើបប្រសូត រហូតដល់អាយុជាង ២ឆ្នាំ ឬច្រើនជាងនេះ ប្រសើរជាងឲ្យទារកបៅម្សៅទឹកដោះគោជំនួសទឹកដោះកំណើតរបស់ម្ដាយ។
មន្ត្រីជំនាញរូបនេះបង្ហាញអត្ថប្រយោជន៍ដែលទទួលបានពីការបំបៅទឹកដោះម្ដាយដល់ទារកថា អាចជួយការពារសុខភាពទារក ឬកុមារ រហូតដល់ធំដឹងក្ដី ជាពិសេសអាចជួយឲ្យប្រាជ្ញាស្មារតីបុត្រធីតាមានភាពឆ្លាតវៃ ជាងការបំបៅម្សៅទឹកដោះគោដល់ទារក៖ «កូនដែលយើងបំបៅដោយទឹកដោះម្ដាយហ្នឹងគឺអាចប្រឈមនឹងជំងឺទឹកនោមផ្អែម កុមារមានអាយុវែង និងជាពិសេសអាចទប់ទល់នឹងជំងឺផ្សេងៗទាំងឡាយ»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទូចដល់មន្ត្រីជំនាញចំណីអាហារគ្រប់ស្ថាប័ន ត្រូវបង្កើនសកម្មភាពចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទទាំងផលិតក្នុងស្រុក និងនាំចូលពីក្រៅប្រទេសឲ្យបានជាប្រចាំ។
អ្នកស្រី សុធារី កត់សម្គាល់ថា ទំនិញភាគច្រើនដែលដាក់លក់នៅលើទីផ្សារនានា ទូទាំងក្រុងព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសកម្ពុជា រួមមាន ត្រី សាច់ អាហារស្រស់ អាហារកំប៉ុង អាហារក្រៀម និងភេសជ្ជៈគ្រប់ប្រភេទ គឺភាគច្រើនប្រើសារធាតុគីមី ហើយផលិតផលខ្លះគ្មានដាក់កាលបរិច្ឆេទ ឬក្រុមហ៊ុនផលិតនោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះគាំទ្រសកម្មភាពមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមសាខាទូទាំងប្រទេស ជាពិសេសមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដែលតែងបានចុះត្រួតពិនិត្យគុណភាពទំនិញដាក់លក់នៅលើទីផ្សារជាបន្តបន្ទាប់៖ «វាជាការរួមចំណែកជួយការពារដល់សុខភាពកុមារដែលយើងទាំងអស់គ្នាគិតថា ពួកគាត់គឺជាទំពាំងស្នងឫស្សីនៅពេលអនាគត ហើយបើសិនជាមន្ត្រី ឬក្រុមអាជីវករម្នាក់ៗ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនបានយកចិត្តទុកដាក់ទៅលើការចូលរួមក្នុងការថែទាំសុខភាពកុមារទេ នឹងនាំឲ្យក្មេងៗស្រករក្រោយ ពួកគេមិនមានភាពរឹងមាំផ្នែកសុខភាពនោះទេ»។
ក្នុងនាមជាមាតាម្នាក់ អ្នកស្រី សុធារី ក៏ស្នើដល់មន្ត្រីគ្រប់ស្ថាប័នជំនាញ ដែលប្រចាំការនៅតាមច្រកព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ត្រូវពង្រឹងគុណភាពការងាររបស់ខ្លួនឲ្យបានប្រសើរឡើងវិញ។ អ្នកស្រីសំណូមពរថា គួរល្មមមន្ត្រីនៅតាមស្ថាប័នជំនាញមួយចំនួន មិនត្រូវអនុញ្ញាតឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ឬទំនិញផលិតគ្មានឈ្មោះក្រុមហ៊ុន និងមិនមានកំណត់កាលបរិច្ឆេទត្រឹមត្រូវនៅលើផលិតផលទាំងនោះ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរធ្ងន់ធ្ងរ។
អ្នកស្រី ជៀប សុធារី៖ «សំខាន់បំផុតយើងគួរតែរឹតបន្តឹងទៅលើការនាំចូលផលិតផលទាំងអស់តាមច្រកព្រំដែននានា ពីក្រៅប្រទេសឲ្យបានត្រឹមត្រូវ ព្រោះផលិតផលម្សៅទឹកដោះគោ និងទំនិញផ្សេងៗ គឺភាគច្រើនបាននាំចូលពីក្រៅប្រទេសចូលមកកម្ពុជា តាមច្រកព្រំដែន។ ដូច្នេះដើម្បីជួយការពារកុមារដែលប្រើប្រាស់ម្សៅទឹកដោះគោខូចគុណភាព សំខាន់ខាងមន្ត្រីជំនាញកាំកុងត្រូល និងមន្ត្រីគយ និងរដ្ឋាករជាដើម ប្រចាំការនៅតាមច្រកព្រំដែននីមួយៗ នៅពេលឈ្មួញនាំចូលម្សៅទឹកដោះគោទាំងនោះមក គឺត្រូវតែរឹតបន្តឹងទំនិញទាំងនោះឲ្យបានហ្មត់ចត់ ជាពិសេសអ្នកទទួលលក់ផលិតផលម្សៅទឹកដោះគោទាំងនោះ ដែលជាឈ្មួញកណ្ដាលហ្នឹង ត្រូវតែចូលរួមត្រួតពិនិត្យទាំងអស់គ្នាអំពីគុណភាពម្សៅទឹកដោះគោសម្រាប់ទារក ឬកុមារឲ្យបានទាំងអស់គ្នា»។
ទាក់ទិនបញ្ហានេះ លោក ទុំ សំណាង អនុប្រធាននាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា នាឱកាសចុះមកពង្រឹងគុណភាពការងារដល់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមីនា។ លោកបានស្នើឲ្យក្រុមអាជីវករទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារអនុក្រឹត្យលេខ១៣៣ របស់អគ្គនាយកដ្ឋានកាំកុងត្រូលឲ្យបានទាំងអស់គ្នា និងស្នើឲ្យអាជីវករទាំងអស់ត្រូវទទួលលក់ផលិតផលម្សៅទឹកដោះគោបំប៉នទារក គឺត្រូវពិនិត្យទៅលើការវេចខ្ចប់ និងគុណភាពភាពផលិតផលនីមួយៗ ឲ្យបានត្រឹមត្រូវ។
លោក ទុំ សំណាង ស្នើដល់អាណាព្យាបាល ឬម្ដាយគ្រប់ៗរូបត្រូវបំបៅទឹកដោះម្ដាយដល់កូនដែលទើបប្រសូតរហូតដល់មានអាយុ ២ឆ្នាំ ឬច្រើនជាងនេះ ដើម្បីសុខភាពកុមារ និងភាពវៃឆ្លាតរបស់កុមារពេលពួកគេធំដឹងក្តី៖ «យើងក៏មានការណែនាំទៅដល់អាជីវករលក់ទឹកដោះគោទាំងអស់ហ្នឹង ឲ្យពួកគាត់បានយល់ដឹងអំពីអនុក្រឹត្យលេខ១៣៣។ ក្នុងសកម្មភាពចុះត្រួតពិនិត្យមើលម្សៅទឹកដោះគោដែលត្រូវអាជីវករដាក់លក់នៅលើទីផ្សារមួយចំនួននាខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមីនា គឺមន្ត្រីជំនាញបានរកឃើញម្សៅទឹកដោះគោភាគច្រើនបានអនុលោមទៅតាមអនុក្រឹត្យលេខ១៣៣ ច្រើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែទន្ទឹមគ្នានេះ ក៏នៅមានក្រុមអាជីវករមួយចំនួនបាននាំយកផលិតផលម្សៅទឹកដោះគោសម្រាប់ទារក ឬកុមារមួយចំនួនដាក់លក់នៅលើទីផ្សារ មិនទាន់បានអនុលោម ឬអនុវត្តស្របតាមអនុក្រឹត្យលេខ១៣៣ ហើយករណីនេះ យើងក៏បានណែនាំដល់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ ឲ្យបន្តចុះអប់រំក្រុមអាជីវករ និងតាមដានការអនុវត្តអនុក្រឹត្យលេខ១៣៣ ជាបន្តទៀតនៅថ្ងៃខាងមុខ»។
បន្ថែមលើនេះ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ក៏បានរំលឹកដល់អាណាព្យាបាល ឬមាតាគ្រប់ៗរូប មិនត្រូវជឿទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មលក់ផលិតផលម្សៅទឹកដោះគោសម្រាប់ទារករបស់ក្រុមហ៊ុនលក់ផលិតផលនីមួយៗ ដែលផ្សាយអួតអាងជ្រុលហួសហេតុ លើកតម្កើងពីគុណភាពផលិតផលដើម្បីបោកបញ្ឆោតលក់ផលិតផលបានច្រើន។
មន្ត្រីជំនាញចំណីអាហាររូបនេះ ក៏ព្រមានក្រុមហ៊ុនទាំងឡាយណាដែលបន្តផ្សព្វផ្សាយពាណិជ្ជកម្មអួតអាងអំពីគុណភាពម្សៅទឹកដោះគោរបស់ខ្លួនតាមរបៀបបោកប្រាស់ដែលលោកថា ជាការអនុវត្តផ្ទុយពីខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ហើយអ្នកជាប់ពាក់ព័ន្ធ ឬក្រុមហ៊ុនទាំងនោះនឹងត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសតាមច្បាប់កំណត់៕