Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​មិន​ចាប់​អារម្មណ៍​នឹង​បទ​វិភាគ​របស់​អ.ស.ប​ស្ដីពី​វិសោធនកម្ម​ច្បាប់

$
0
0

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (..) បាន​ចេញ​បទ​វិភាគ​របស់​ខ្លួន​មួយ ទាក់ទង​នឹង​ភាព​ស្រពិចស្រពិល​នៃ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​សភា​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាប់​អារម្មណ៍​ការ​វិភាគ​នោះ​ទេ។

តំណាងរាស្ត្រ និង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា សេចក្ដី​វិភាគ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​ថា ច្បាប់​គណបក្ស​នយោបាយ​មាន​ភាព​មិន​ច្បាស់លាស់​នោះ គ្រាន់​តែ​ជា​ទស្សនៈ​យល់​ឃើញ​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ ប៉ុណ្ណោះ៖ «ការ​ដែល​គាត់​ចង់​ចង្អុល​បង្ហាញ​ថា​ឲ្យ​កែ​ត្រង់​នេះ​ត្រង់​នោះ អា​ហ្នឹង​ជា​រឿង​គាត់​ទេ។ ច្បាប់​កាលណា​អនុម័ត​ហើយ ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើប្រាស់​ហើយ គឺ​យើង​អនុវត្ត​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​ណា​មួយ​ជា​កំណត់ ១០​ឆ្នាំ ឬ ២០​ឆ្នាំ វា​នឹង​លេច​ឡើង​បញ្ហា​មួយ​ចំនួន​ថា តើ​គួរ​កែ ឬ​មិន​គួរ? អា​ហ្នឹង​បាន​គេ​ផ្ដើម​គំនិត​រៀបចំ​ធ្វើ​វិសោធនកម្ម»

សេចក្ដី​វិភាគ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​មាន​ចំនួន ៣២​ទំព័រ បាន​ចង្អុល​បង្ហាញ​នូវ​បទបញ្ញត្តិ​ជាច្រើន​នៅ​ក្នុង​ចំណុច​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ថា​មិន​បាន​ចែង​ច្បាស់លាស់។ មាន​ជាអាទិ៍ បទបញ្ញត្តិ​នៅ​ក្នុង​មាត្រា​៦ ទាក់ទង​នឹង​ខ្លឹមសារ​នៃ​ពាក្យ​បំបែក​បំបាក់​ឯកភាព​ជាតិ សន្តិសុខ​ជាតិ និង​កំហុស​ធ្ងន់ធ្ងរ ជាដើម ដែល​មិន​បាន​ផ្ដល់​និយមន័យ​ច្បាស់លាស់។ លោក សុខ ឥសាន ថ្លែង​បញ្ជាក់​ថា មូលហេតុ​ដែល​មិន​បញ្ជាក់​នេះ ព្រោះ​យោង​ទៅ​ក្រមព្រហ្មទណ្ឌ​រួច​ហើយ៖ «ចំពោះ​ពាក្យ​មួយ​ចំនួន ដូចជា​ពាក្យ​បែកបាក់​ជាតិ ដូចជា​បញ្ហា​អី​ដូច​មាន​ចែង​ក្នុង​មាត្រា​៦ ហ្នឹង អា​ហ្នឹង គឺ​ថា​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​រួច​ហើយ។ អ៊ីចឹង​បាន​ជា​ច្បាប់​ហ្នឹង​គេ​មិន​ឲ្យ​និយមន័យ​នៅ​ក្នុង​ច្បាប់​ហ្នឹង​តែ​ម្ដង​ទេ នាំ​តែ​វែង ពីព្រោះ​បញ្ហា​អបគមន៍ បញ្ហា​បែងចែក​ទឹក​ដី បញ្ហា​ដែល​ធ្វើ​ឲ្យ​បែកបាក់​ជាតិ​នោះ វា​មាន​ន័យ​គ្រប់គ្រាន់​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​រួច​ហើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​មាន​ប្រសាសន៍​បន្ត​ថា ច្បាប់​ដែល​បាន​អនុម័ត​ហើយ គឺ​ត្រូវ​តែ​អនុវត្ត ហើយ​នៅ​ពេល​បាន​អនុវត្ត​ក្នុង​រយៈពេល​ណា​មួយ ដែល​មើល​ឃើញ​ថា​មាន​ការ​ចាំបាច់ ទើប​គេ​អាច​ធ្វើ​វិសោធនកម្ម​ដូចជា​ពេល​នេះ។

ដូច​គ្នា​នេះ​ដែរ នៅ​ក្នុង​សេចក្ដី​វិភាគ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​សរសេរ​ថា សេចក្ដី​វិភាគ ៣២​ទំព័រ​នេះ​មាន​គោល​បំណង​ចូលរួម​ចំណែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ សម្រាប់​ពិចារណា​ត្រង់​ចំណុច​ដែល​ត្រូវ​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម។ ប៉ុន្តែ​ដោយសារ​តែ​ច្បាប់​ធ្វើ​វិសោធនកម្ម​នេះ ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ការ​ប្រញាប់​មុន​បទ​វិភាគ​នេះ​បញ្ចប់ ទើប​បទ​វិភាគ​នេះ​មិន​អាច​ចូលរួម​ចំណែក​សម្រាប់​ពិចារណា​ត្រង់​ចំណុច​ដែល​ត្រូវ​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​នោះ​ទេ។

លោក សុខ ឥសាន ថ្លែង​ថា ការ​អនុម័ត​ច្បាប់​នេះ​មិន​ប្រញាប់​ទេ។

ការ​វិភាគ​របស់​ការិយាល័យ​នេះ គឺ​ទាញ​យក​ពី​បទបញ្ញត្តិ​នានា​នៃ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ចែង​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម​កិច្ចការ​សង្គម សេរីភាព​បញ្ចេញ​មតិ សេរីភាព​ប្រមូល​ផ្ដុំ និង​សមាគម។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចេញ​បទ​វិភាគ​នៅ​ពេល​នេះ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា សង្ឃឹម​ថា អាច​ទុក​សម្រាប់​ឱកាស​លើក​ក្រោយ ដើម្បី​ធ្វើ​ច្បាប់​ឲ្យ​អនុលោម​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles