
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ ដែលកំពុងរស់នៅក្រៅប្រទេសនៅបន្តធ្វើយុទ្ធនាការថ្ងៃអាទិត្យពណ៌ស ដើម្បីឲ្យមានការដោះលែងលោក កឹម សុខា។ ការទាមទារនេះ ខណៈសហគមន៍អន្តរជាតិ មានវិធានការជាបន្តបន្ទាប់ ប្រាប់ទៅរបបលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ឲ្យមានសេរីភាពវិញ។
យុទ្ធនាការថ្ងៃអាទិត្យពណ៌ស ដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើនេះ គឺរាប់ចំនួនថ្ងៃនៃការឃុំខ្លួនលោក កឹម សុខា ចាប់តាំងពីថ្ងៃដំបូងនៃការចាប់ខ្លួនលោក កឹម សុខា ទាំងបំពានច្បាប់នោះមក។
កាលពីថ្ងៃអាទិត្យទី២៥ ខែមីនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា បន្តពាក់អាវពណ៌ស ដែលជាយុទ្ធនាការរបស់លោក ហើយបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ២០៤ ថ្ងៃ នៃការឃុ៓ឃា៓ងដោយអយុត្តិធម៌ និងខុសច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ដូច្នេះលោកសូមឲ្យមហាជនចូលរួមក្នុងយុទ្ធនាការ ថ្ងៃអាទិត្យពណ៌ស»នេះឲ្យបានច្រើន ដើម្បីឱ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ដោយពាក់អាវពណ៌ «ស» ទាំងអស់គ្នានៅរៀងរាល់ថ្ងៃអាទិត្យ៖ «នៅក្នុងការតស៊ូនេះយើងកំពុងតស៊ូជាមួយអន្តរជាតិដែរដើម្បីឲ្យអន្តរជាតិគេគាំទ្រយើង»។
ទន្ទឹមនឹងលោក សួន រីដា ដែលតែងតែងធ្វើយុទ្ធនាការថ្ងៃអាទិត្យពណ៌ស តាមរយៈបណ្តាញសង្គមហ្វេសប៊ុក(Facebook) របស់លោក ក៏មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបង្ហាញការគាំទ្រយុទ្ធនាការនេះ។ អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ សេង គឹមចេង បានបញ្ចេញមតិ ឬខមមិន(Comment) នៅលើហ្វេសប៊ុកលោក សួន រីដា ដោយបង្ហោះរូបថត លោក កឹម សុខា និងការទាមទារឲ្យដោះលែងលោក កឹម សុខា។
ទាក់ទងនឹងការធ្វើយុទ្ធនាការណ៍ថ្ងៃអាទិត្យពណ៌ស របស់តំណាងរាស្ត្របក្សប្រឆាំងនៅពេលនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា រដ្ឋាភិបាលនឹងមានវិធានការលើអង្គការសង្គមស៊ីវិល និងបុគ្គលរូបដែលធ្វើយុទ្ធនាការណ៍ថ្ងៃអាទិត្យពណ៌ស ដែលទាមទារឲ្យដោះលែងលោក កឹម សុខា។
ប៉ុន្តែ លោក សួន រីដា យល់ថា ការទាមទាររបស់លោកមិនខុសទៅនឹងច្បាប់ទេ ព្រោះនេះសិទ្ធិសេរីភាពរបស់លោក៖ «អត់ត្រឹមត្រូវទេ ព្រោះការតស៊ូគ្រាន់តែយើងពាក់អាវពណ៌ស អង្គុយនៅស្ងៀមចោទថា ធ្វើបដិវត្តន៍ពណ៌ នេះជារឿងមួយមិនត្រឹមត្រូវ»។
ទាក់ទងនឹងសំពាធនយោបាយពីអន្តរជាតិជុំវិញករណីលោក កឹម សុខា នេះដែរ ព្រឹទ្ធសភាអាមេរិក ដែលទើបតែអនុម័ត កញ្ចប់ថវិកាថ្មី ដែលមានទំហំទឹកប្រាក់ ១.៣ ទ្រីលានដុល្លារ មិនបញ្ចូលខ្ទង់ថវិកាណាមួយ ដើម្បីជួយដល់របបលោក ហ៊ុន សែន នោះទេ។
ឯកសារកញ្ចប់ថវិកា ដែលព្រឹទ្ធសភាអាមេរិក ទើបបានអនុម័តនេះ កំណត់លក្ខខណ្ឌ ថាការបន្តផ្តល់ជំនួយដល់កម្ពុជា អាចធ្វើទៅបាន តែក្នុងករណីរបបលោក ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអ្នកសារព័ត៌មាន មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងជាមុនសិន។
ចំណែក ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជាដែរនោះ ក៏បានឆក់ឱកាសល្អនេះ ដើរតួនាទីជាអ្នកសម្របសម្រួលនយោបាយ ចង់ឲ្យមេដឹកនាំខ្មែរដោះស្រាយជម្លោះនយោបាយដោយ វិលចូលតុចរចាគ្នា ដើម្បីបញ្ចប់វិបត្តិនយោបាយ ជម្លោះរវាងខ្មែរ និងខ្មែរនេះ។
លោក ហ៊ុន សែន បង្ហាញជំហរទាត់ចោលសំណើរបស់ជប៉ុនបែបនេះ ចំណែកប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ឥឡូវនេះ ពេលវេលាសម្រាប់ការសន្ទនាដើម្បីអាចឈានទៅរកដំណោះស្រាយនយោបាយប្រកបដោយការសម្បទានទៅវិញទៅមករវាងភាគីទាំងពីរគឺនៅសល់តែ ៣សប្តាហ៍ទៀតប៉ុណ្ណោះ បើពន្យាដល់ ៥ សប្តាហ៍ទៀតគឺយឺតពេល។ ប៉ុន្តែលោកមិនបានពន្យល់ ថា ហេតុអ្វីបានហួសពេលនោះទេ លោកបន្តថា ក្នុងពេលនេះ មិត្តជប៉ុនបានចេញមុខជួយធ្វើមេអណ្តើកដើម្បីសម្របសម្រួលឱ្យមានការសន្ទនានយោបាយនេះបានកើតឡើងទាន់ពេលវេលា។
អ្នកវិភាគអះអាងថា របបក្រុងភ្នំពេញ នឹងរងទណ្ឌកម្មអន្តរជាតិកាន់តែធ្ងន់ធ្ងរ បើសិនជា លោក ហ៊ុន សែន មិនវិលមកតុចរចាជាមួយបក្សប្រឆាំងតាមសំណើរបស់ជប៉ុននោះទេ៕