ប្រជាសហគមន៍ និងក្រុមយុវជនដែលធ្លាប់ទៅលេងតំបន់នោះ យល់ថាការសម្រេចនេះធ្វើឱ្យប៉ះពាល់ប្រយោជន៍ពលរដ្ឋយ៉ាងច្រើន។ តើស្នាក់ការសហគមន៍ស្ទឹងអារ៉ែងនៅឃុំជំនាប់ បានផ្តល់ប្រយោជន៍អ្វីខ្លះដល់ពលរដ្ឋ និង យុវជនដែលទៅលេងតំបន់នោះ?
ប្រជាសហគមន៍ និងយុវជន ស្នើសុំឱ្យអាជ្ញាធរឃុំពិចារណាឡើងវិញ ចំពោះការសម្រេចឱ្យពួកគាត់រុះរើទីស្នាក់ការសហគមន៍ស្ទឹងអារ៉ែង ចេញពីទីតាំងដីរបស់ឃុំ។ បន្ថែមពីនេះ ប្រជាសហគមន៍ ស្នើសុំឱ្យអាជ្ញាធរផ្តល់ដីបរិវេណសាងសង់ទីស្នាក់ការនោះ ឱ្យពួកគាត់គ្រប់គ្រងតែម្តង ដើម្បីជៀសវាងការបង្គាប់ឱ្យរុះរើចេញភ្លាមៗ ដោយមិនបានពិភាក្សា ឬគិតគូរពីប្រយោជន៍របស់សហគមន៍បែបនេះ។
អនុប្រធានសហគមន៍ស្ទឹងអារ៉ែងជនជាតិដើមភាគតិចជង នៅឃុំជំនាប់ លោក ហ៊ឹង ពៅ មានប្រសាសន៍ថា លោកហាក់មិនយល់ពីទឹកចិត្តរបស់អាជ្ញាធរឃុំសោះឡើយ ថា ហេតុអ្វីបានជាមកទើសនឹងទីស្នាក់ការរបស់សហគមន៍ទៅវិញ។ លោកបន្តថា ទីស្នាក់ការរបស់សហគមន៍បានកសាងលើដីរបស់ឃុំពិតមែន ដោយកាលណោះ ពួកគាត់បានស្នើសុំផ្ទាល់មាត់ទៅអាជ្ញាធរឃុំ និងស្រុក ហើយអាជ្ញាធរក៏បានយល់ព្រមឱ្យកសាងដែរ ប៉ុន្តែឱ្យកសាងនៅផ្នែកម្ខាងដីរបស់ឃុំ មិនឱ្យចំកណ្តាលឡើយ ហើយសហគមន៍ក៏កសាងទៅតាមការណែនាំនោះ។ លោកបន្ថែមថា ផ្ទៃដីរបស់ឃុំ នៅមានទំហំធំទៀត បើគ្រាន់តែកសាងអគាររដ្ឋបាលសាលាឃុំក៏មិនអស់ផង។ សហគមន៍រូបនេះ សោកស្ដាយចំពោះការសម្រេចរបស់អាជ្ញាធរឃុំឱ្យរុះរើទីស្នាក់ការសហគមន៍ពេលនេះ ព្រោះទីស្នាក់ការនោះ បម្រើផលប្រយោជន៍សម្រាប់ពលរដ្ឋបីឃុំ គឺឃុំ ជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ៖ «ជួបការលំបាកព្រោះឥវ៉ាន់នៅហ្នឹងច្រើន មិនដឹងយកទៅដាក់នៅកន្លែងណា។ តែយើងមិនទាន់បានប្រជុំគ្នា ទាល់តែថ្ងៃអាទិត្យបានយើងប្រជុំគ្នាសមាជិកហ្នឹងថាតើធ្វើបែបម៉េច? ហើយអីវ៉ាន់ទាំងនោះមិនមែនជារបស់សហគមន៍ឃុំជំនាប់មួយទេ»។
ស្នាក់ការសហគមន៍ស្ទឹងអារ៉ែង កសាងឡើងកាលពីឆ្នាំ ២០១៥ ដោយចំណាយទឹកប្រាក់ប្រមាណ ៨លានរៀល ឬ ស្មើប្រមាណ២ពាន់ ដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាសន្សំរបស់សហគមន៍ និងសប្បុរសជនផង។ ស្នាក់ការនេះ មានទំហំទទឹង១២ម៉ែត្រ និងបណ្ដោយ៧ម៉ែត្រ កសាងលើទំហំដីប្រមាណ៣០ម៉ែត្រការ៉េ។
ដោយសារស្នាក់ការសហគមន៍នេះហើយ ធ្វើឱ្យអតីតប្រធានសហគមន៍ជនជាតិដើមភាគតិចជងឃុំជំនាប់លោក វ៉ែន វ៉ន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែតុលាឆ្នាំ២០១៥ ហើយតុលាការកាត់ទោសលោក ឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ ពីបទប្រមូលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ប៉ុន្តែទោសនេះត្រូវបានព្យួរ។ យ៉ាងណាក៏ដោយ លោក វ៉ែន វ៉ន ធ្លាប់បដិសេធថាលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ហើយឈើទាំងនោះ លោកប្រមូលទិញមកធ្វើស្នាក់ការសហគមន៍ដើម្បីបម្រើប្រយោជន៍សាធារណៈតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២១ មីនា រដ្ឋបាលសាលាឃុំ ជំនាប់បានចេញលិខិតជូនដំណឹងដល់តំណាងសហគមន៍ស្ទឹងអារ៉ែង នៅភូមិច្រកឫស្សី ឃុំជំនាប់ ឱ្យរុះរើស្នាក់ការសហគមន៍របស់ខ្លួនចេញឱ្យបានមុនថ្ងៃទី ២៥ មេសា ឆ្នាំ២០១៨ជាកំហិត។ លិខិតនោះបញ្ជាក់ថា ដោយសារអាជ្ញាធរត្រូវការដីសម្រាប់សាងសង់អគាររដ្ឋបាលសាលាឃុំស្តង់ដារនៅពេលខាងមុខសម្រាប់បម្រើសេវាជូនពលរដ្ឋក្នុងឃុំ។ បន្ថែមពីនេះអាជ្ញាធរព្រមានថា នឹងចាត់វិធានការតាមច្បាប់ ប្រសិនបើប្រជាសហគមន៍មិនព្រមរុះរើទីស្នាក់ការរបស់ខ្លួននោះទេ។
មេឃុំជំនាប់ លោក មាស ជ្រាយ មានប្រសាសន៍ថាអាជ្ញាធរមិនអាចសម្រេចកាត់ផ្ទៃដីរបស់ឃុំចំណុចស្នាក់ការជូនសហគមន៍បានឡើយ ព្រោះប្លង់កម្មសិទ្ធិដីធ្លីរបស់ឃុំទទួលស្គាល់ពីថ្នាក់ជាតិរួចទៅហើយ។ លោកបញ្ជាក់ថា ដីរបស់ឃុំដែលសហគមន៍សាងសង់ស្នាក់ការមានទំហំទទឹងជាង មួយរយម៉ែត្រ(១២០ ម៉ែត្រ) និងបណ្តោយជាង ៥០ម៉ែត្រ ហើយពេលសាងសង់កាលណោះលោកមិនបានយល់ព្រមទេ។ ចំពោះបញ្ហាប្រឈមនិងការខាតប្រយោជន៍របស់ពលរដ្ឋមូលដ្ឋាននៅពេលរុះរើទីស្នាក់ការរបស់សហគមន៍ លោក មាស ជ្រាយ មិនទាន់បានពិភាក្សាគ្នានៅឡើយទេ៖ «នេះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ខ្ញុំពិបាកក្នុងការដោះស្រាយនិងការវែកញែកគ្នា»។
រយៈពេលជិត ៤ អាណត្តិនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មកទល់បច្ចុប្បន្ន ឃុំជំនាប់មិនមានអគាររដ្ឋបាលសម្រាប់ធ្វើការងារទេ។ លោក មាស ជ្រាយ អះអាងថាការបំពេញការងារកន្លងមក គឺធ្វើការនៅផ្ទះមេឃុំ ឬ សមាជិកក្រុមប្រឹក្សាឃុំតែប៉ុណ្ណោះ។ យ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាលមួយ បានប្រគល់ស្នាក់ការរបស់ខ្លួនជូន អាជ្ញាធរឃុំសម្រាប់ធ្វើការបណ្ដោះអាសន្ន ។ មេឃុំដដែល ឱ្យដឹងថាមូលហេតុមិនទាន់អគារសាលាឃុំ ដោយសារគ្មានប្រាក់សាងសង់ ហើយនៅពេលអាជ្ញាធរសម្រេចបញ្ជាឱ្យសហគមន៍រុះរើស្នាក់ការរបស់ខ្លួនចេញ ពួកគេ ក៏មិនទាន់មានប្រាក់សម្រាប់សាងសង់សាលាឃុំដដែល។
យុវជនដែលតែងតែចុះធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិចជងនៅឃុំជំនាប់ លោក ម៉ូត គឹមរី មើលឃើញថា នៅពេលស្នាក់ការត្រូវបានរុះរើចេញ ពលរដ្ឋនឹងបាត់បង់ប្រយោជន៍ច្រើន ដូចជាបាត់បង់កន្លែងជួបប្រជុំគ្នា ដើម្បីធ្វើការងារ បាត់បង់ប្រាក់ចំណូលតាមរយៈជូនភ្ញៀវទេសចរណ៍ដើរកម្សាន្ត ឬ លក់ចំណីចំណុក និងសម្ភារៈផ្សេងឱ្យភ្ញៀវជាដើម។ លោកយល់ថា ការសម្រេចរបស់អាជ្ញាធរឃុំពេលនេះ អាចជាការបំបាក់ស្មារតីរបស់ប្រជាសហគមន៍តែម្តង៖ «វាហាក់បីដូចជាចង់លុបបំបាត់សកម្មភាពទេសចរណ៍នៅតំបន់នោះហ្មង។ សម្រាប់សហគមន៍ ព្រះគាត់ពឹងទីស្នាក់ការហ្នឹងហើយ ដើម្បីនាំភ្ញៀវ ឬឱ្យភ្ញៀវស្នាក់កន្លែងហ្នឹង»។
តំបន់អារ៉ែង មានផ្ទៃដីរាប់ម៉ឺនហិកតារ លាតសន្ធឹងលើផ្ទៃដីនៃឃុំចំនួនបួន ក្នុងស្រុកថ្មបាំង ខេត្តកោះកុង រួមមានឃុំចំណារ ឃុំប្រឡាយ ឃុំជំនាប់ និងឃុំថ្មដូនពៅ។ តំបន់នេះពោរពេញទៅដោយធនធានធម្មជាតិសម្បូរបែប ដូចជា ព្រៃឈើ សត្វព្រៃកម្រ និងទឹកធ្លាក់ជាច្រើនកន្លែង ដែលអំណោយផលដល់វិស័យទេសចរណ៍។ អ្នកដែលធ្លាប់ទៅដល់តំបន់នោះ តែងពោលសរសើរមិនដាច់ពីមាត់ថា តំបន់អារ៉ែង គឺជាតំបន់ទេសចរណ៍ធម្មជាតិល្អផ្តាច់គេនៅកម្ពុជា។
កញ្ញាសុង ស្រីលាភ ដែលបានធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់អារ៉ែង និង បានស្នាក់នៅស្នាក់ការរបស់សហគមន៍មុនពេលអាជ្ញាធរចេញលិខិតឱ្យរុះរើកាលពីថ្ងៃទី ២១ មីនា បញ្ជាក់ថា កញ្ញាសោកស្ដាយក្រោយដឹងថាអាជ្ញាធរឃុំបង្គាប់ឱ្យរុះរើស្នាក់ការនោះចេញដើម្បីយកដីសម្រាប់សាងសង់អគារសាលាឃុំ។ កញ្ញាបន្តថា ការសម្រេចរបស់អាជ្ញាធរពេលនេះវាមិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យទំនាក់ទំនងរវាងពលរដ្ឋនិងអាជ្ញាធរប្រែជាល្អក់កករទៀតផង៖ «ក្នុងនោះដែរវាធ្វើឱ្យខាតប្រយោជន៍រួម។ ចុះបើពួកគាត់ចង់ធ្វើសាលាឃុំក៏ធ្វើទៅ ហើយពួកគាត់ទុកទីស្នាក់ការហ្នឹង កន្លែងហ្នឹងជាកន្លែងផលប្រយោជន៍រួមសហគមន៍ វាជារឿងមួយដែលនាំឱ្យពលរដ្ឋកើនចំណូល ហើយពួកគាត់ជាអាជ្ញាធរឃុំហ្នឹងក៏មានកិត្តិយស និងមានកេរ្តិ៍ឈ្មោះជាមួយប្រជាពលរដ្ឋដែរ»។
មិនខុសគ្នានេះ ភ្ញៀវទេសចរមួយរូបទៀត កញ្ញា ចេង ស្រី វណ្ណ លើកឡើងថាស្នាក់ការសហគមន៍ស្ទឹងអារ៉ែង គឺផ្តល់ប្រយោជន៍ច្រើនដល់អ្នកទេសចរ ដូចជាផ្តល់កន្លែងស្នាក់នៅមួយត្រឹមត្រូវ និងអាចស្នាក់នៅជុំគ្នាបាន ព្រមទាំងមានសុវត្ថិភាពទៀតផង។ លើសពីនេះ ទីតាំងស្នាក់ការងាយស្រួលដល់ភ្ញៀវស្វែងរក ហើយប្រសិនបើទីស្នាក់ការសហគមន៍ត្រូវបានគេរុះរើ ភ្ញៀវទេសចរនឹងជួបការលំបាកមិនខាន៖ «ខ្ញុំមានយោបល់តែមួយគត់ គឺសុំឱ្យគាត់យកកន្លែងផ្សេងដើម្បីធ្វើស្នាក់ការសាលាឃុំវិញអីទៅ ក្នុងនាមខ្ញុំជាអ្នកចូលចិត្តទៅទេសចរណ៍តំបន់ហ្នឹង»។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អ៊ិន គង់ជិត យល់ថាករណីនេះ កើតឡើងអាចដោយសារមានទំនាស់ផលប្រយោជន៍រវាងសហគមន៍ជាមួយអាជ្ញាធរ។ លោកបន្ថែមថាសហគមន៍នៅតំបន់នោះមានចំនួនពីរ គឺសហគមន៍អេកូទេសចរណ៍មួយគាំទ្រដោយអាជ្ញាធរ ហើយអាចផ្តល់ប្រយោជន៍ដល់អាជ្ញាធរ ប៉ុន្តែសហគមន៍មួយទៀតដែលដឹកនាំដោយលោក វ៉ែន វ៉ន កាលពីកន្លងមកមិនបានផ្តល់ប្រយោជន៍ដល់អាជ្ញាធរ។ លោកមើលឃើញរូបភាពបែបនេះថា បង្ហាញពីការរើសអើងចំពោះប្រជាសហគមន៍ ពីសំណាក់អាជ្ញាធរមូលដ្ឋាន៖ «ដោយសារសហគមន៍ហ្នឹងគាត់មានការតស៊ូមតិកន្លងមកបានជោគជ័យ ដូចជាបានបញ្ចៀសផុតតំបន់គាត់ហ្នឹងពីគម្រោងទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងពីរ»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ដើម្បីជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅតំបន់នោះពិតប្រាកដ អាជ្ញាធរគប្បីសម្បទាននូវចំណែកដីរបស់ឃុំ ដែលសង់ទីស្នាក់ការជូនសហគមន៍តែម្តង ហើយមួយចំណែកដីទៀត អាជ្ញាធរក៏អាចសាងសង់សាលាឃុំបានដែរ។ មួយវិញទៀត អាជ្ញាធរអាចឱ្យសហគមន៍ខ្ចីដីនោះបន្តទៀត ឬរកដីតំបន់ណាផ្សេងជូនសហគមន៍ ជៀសវាងការកំណត់ឱ្យរើចេញភ្លាមៗ ដោយមិនបានគិតគូរពីបញ្ហាប្រឈមរបស់ពួកគាត់ជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។