របាយការណ៍នេះ ឲ្យដឹងដែរថា និន្នាការដូចគ្នានេះ ក៏កំពុងនឹងកើតមានឡើងដែរ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍស្ទើរតែទាំងអស់ នៅទូទាំងពិភពលោកនេះ។
សម្រាប់ឆ្នាំ២០១៨នេះ លទ្ធផលនៃការសិក្សាស្រាវជ្រាវរកឃើញថា ប្រព័ន្ធប្រជាធិបតេយ្យ សេដ្ឋកិច្ចទីផ្សារសេរី និងប្រព័ន្ធអភិបាលកិច្ច នៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល ១៥ឆ្នាំ កន្លងមកនេះ។
ជារួម មូលនិធិនេះ ដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ឲ្យជាប់លេខ ១០៣ ក្នុងចំណោម១២៩ ប្រទេស ដែលមូលនិធិនេះ បានធ្វើការសិក្សា និងវាយតម្លៃ។ ពិន្ទុសរុបដែលកម្ពុជា ទទួលបាន គឺ ៤ ពិន្ទុ ដែល ០ ជាពិន្ទុអាក្រក់បំផុត និង ១០ជាពិន្ទុល្អបំផុត។ ការដាក់ចំណាត់ថ្នាក់នេះ ធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ សេដ្ឋកិច្ចទីផ្សារសេរី និងអភិបាលកិច្ចរបស់កម្ពុជា នៅអន់ឆ្ងាយ និងអាក្រក់ជាងប្រទេសភូមិផងរបងជាមួយគ្នាក្នុងតំបន់ រួមមាន វៀតណាម ថៃ និងម៉ាឡេស៊ី ឬស្ទើរតែមិនអាចប្រៀបបានជាមួយប្រទេសសិង្ហបុរី ឬហ្វីលីពីន ជាដើម។ ដោយឡែក ប្រទេសដែលជាប់លេខអាក្រក់ជាងកម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសឡាវជាប់លេខ ១០៦ និងមីយ៉ាន់ម៉ា ឬភូមា ជាប់លេខ ១១១។
នេះជាលើកទី ៨ ហើយដែលមូលនិធិរបស់អាល្លឺម៉ង់មួយនេះ ចេញផ្សាយរបាយការណ៍ប្រៀបធៀបសន្ទស្សន៍អំពីបម្រែបម្រួល ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងអភិបាលកិច្ច របស់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១២៩ ប្រទេស ក្នុងនោះរួមទាំងកម្ពុជាផងដែរ។ សន្ទស្សន៍ ដែលចេញផ្សាយរយៈពេល ២ឆ្នាំម្តងនេះ សម្រាប់ឆ្នាំ២០១៨នេះ គ្របដណ្តប់ពីរយៈពេលដែលបានកើតឡើងក្នុងប្រទេសនីមួយៗ ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ដល់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លទ្ធផលនៃការវាយតម្លៃស្តីពីសន្ទស្សន៍នៃបម្រែបម្រួលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងអភិបាលកិច្ច សម្រាប់ឆ្នាំ២០១៨ នេះ ធ្វើឡើងតាមរយៈកិច្ចសហការ និងការវិភាគជាលក្ខណៈអន្តរជាតិ របស់ក្រុមអ្នកជំនាញការកំពូលៗ ចំនួន ៣០០នាក់ ធ្វើការក្នុងវិស័យអប់រំ នៅទូទាំងពិភពលោក និងក្រុមអ្នកសារព័ត៌មានមកពីតាមបណ្តាប្រទេសគោលដៅទាំងនេះ។
មូលនិធិនេះ ធ្វើការសិក្សាអំពីបម្រែបម្រួល ឬកំណែទម្រង់លើប្រព័ន្ធសំខាន់ៗចំនួនបី គឺ ប្រព័ន្ធនយោបាយតាមបែបប្រជាធិបតេយ្យ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងអភិបាលកិច្ច។ សម្រាប់ប្រព័ន្ធប្រជាធិបតេយ្យ សូចនាករសំខាន់ៗ ដែលត្រូវធ្វើការវាយតម្លៃរួមមាន ការគ្រប់គ្រងរដ្ឋ ការចូលរួមក្នុងវិស័យនយោបាយ ការគោរពច្បាប់ ឬនីតិរដ្ឋ សេ្ថរភាពស្ថាប័នប្រជាធិបតេយ្យ និងការធ្វើសមាហរណកម្មនយោបាយ និងសង្គម។ ដោយឡែកសម្រាប់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី សូចនាករដែលត្រូវយកមកសិក្សាវាយតម្លៃរួមមាន កម្រិតនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ការរៀបចំទីផ្សារ និងការប្រកួតប្រជែង សេ្ថរភាពរូបិយវត្ថុ និងតម្លៃ ទ្រព្យសម្បត្តិវិស័យឯកជន របបសុខុមាលភាព លទ្ធផលនៃកំណើនសេដ្ឋកិច្ច និងនិរន្តរភាព។ ជាចុងក្រោយ សម្រាប់ប្រព័ន្ធអភិបាលកិច្ចវិញ សូចនាករដែលត្រូវវាយតម្លៃរួមមាន កម្រិតនៃភាពស្មុគ្រស្មាញ សមត្ថភាពនៃការដឹកនាំ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានរដ្ឋ ការកសាងប្រព័ន្ធសម្រេចចិត្តបែបឯកច្ឆ័ន្ធ និងទំនាក់ទំនងអន្តរជាតិ។
ការសិក្សាស្រាវជ្រាវនេះ រកឃើញថា ការបង្រួមលំហរប្រជាធិបតេយ្យ សម្រាប់ក្រុមអ្នកនយោបាយប្រឆាំង និងអង្គការសង្គមស៊ីវិល រួមទាំងកំណែរទម្រង់វិស័យសេដ្ឋកិច្ចជាប្រចាំ បានបន្ទុចបង្អាក់ និងធ្វើឲ្យធ្លាក់ចុះលទ្ធផលនៃការគ្រប់គ្រងរបស់របបក្រុងភ្នំពេញ ដែលបានបណ្តាលឲ្យពិន្ទុកម្ពុជាធ្លាក់ចុះ និងអន់ជាងការសិក្សានាពេលអតីតកាល ពាក់ព័ន្ធនឹងការវាយតម្លៃសន្ទស្សន៍ស្តីពីបម្រែបម្រួលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងអភិបាលកិច្ច របស់មូលនិធិ Bertelsmann Stiftung នេះ។
លោកបណ្ឌិត Markus Karbaum អ្នកនិពន្ធ ជំពូកនៃការសិក្សាស្រាវជ្រាវ និងលទ្ធផលវាយតម្លៃទៅលើរបកគំហើញសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិនេះ ថា កម្ពុជា ស្ថិតក្នុងចំណោមក្រុមប្រទេសគ្រប់គ្រងតាមបែបផ្តាច់ការនិយម ដែលមានលក្ខណៈរឹងរូស និងមាននិន្នាការអវិជ្ជមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រព័ន្ធគ្រប់គ្រងនយោបាយបែបនេះ ក៏ធ្វើឲ្យមានឥទ្ធិពលប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលលោកអះអាងថា ទំនងជាមានភាពជោគជ័យតែពីសម្បកខាងក្រៅតែប៉ុណ្ណោះ។ លោកគូសបញ្ជាក់ថា ដរាបណាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីរបស់កម្ពុជា មិនមានដំណើរការជាមូលដ្ឋាន នោះកំណើនសេដ្ឋកិច្ចក្នុងប្រទេសនេះ នឹងមិនមានចេរភាពឡើយ ប្រសិនបើពុំមានការពឹងផ្អែកលើជំនួយរបស់បរទេសនោះ។
ការសិក្សារបស់មូលនិធិនេះ រកឃើញថា ប្រទេសកម្ពុជា មិនមែនជាករណីតែមួយប្លែកពីគេឡើយ ដោយសារតែមាននិន្នាការទូទៅនៃការគ្រប់គ្រងតាមបែបផ្តាច់ការនិយម នៅទូទាំងពិភពលោក។ សន្ទស្សន៍ដដែលនេះ លាតត្រដាងឲ្យដឹងថា គុណភាពលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងអភិបាលកិច្ច ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនធំ ក៏ជួបនឹងរឿងរ៉ាវនៃការធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមកដែរ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។ របកគំហើញនៃសន្ទស្សន៍ដដែលនេះ រកឃើញថា ពិភពលោកទាំងមូល កំពុងជួបប្រទះនូវការកើនឡើងនៃអស្ថេរភាពនយោបាយ និងការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃការមិនទទួលយកស្ថាប័នប្រជាធិបតេយ្យ។ ក្រុមមេដឹកនាំក្នុងបណ្តាប្រទេសកាន់តែច្រើនឡើងៗ កំពុងតែធ្វើឲ្យគោលការណ៍នៃការគ្រប់គ្រងប្រព័ន្ធរដ្ឋតាមបែបត្រួតពិនិត្យ និងការធ្វើឲ្យមានតុល្យភាព (Checks and Balances) ចុះទន់ខ្សោយដោយចេតនា ដែលប្រព័ន្ធនេះ ត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យស្ថាប័ននីតិប្រតិបត្តិ មានការទទួលខុសត្រូវ។ ហេតុដូច្នេះហើយ ការអនុវត្តដូច្នេះ មិនត្រឹមតែធានានូវអំណាចរបស់ក្រុមមេដឹកនាំទាំងនោះទេ តែថែមទាំងបង្កើតនូវប្រព័ន្ធនៃបរិបាលកិច្ចតាមបែបប្រទានយស្តិក្តិមួយ និងសមត្ថភាពក្នុងការបង្វែធនធានរដ្ឋ សម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុមមេដឹកនាំទាំងនោះ ខណៈដែលក្នុងពេលជាមួយគ្នានេះ ការតវ៉ាប្រឆាំងនឹងវិសមភាពសង្គម ការគ្រប់គ្រងមិនត្រឹមត្រូវ និងអំពើពុករលួយ ក៏កាន់តែកើនឡើងខ្លាំង។
លោកបណ្ឌិត Markus Karbaum ពន្យល់ថា របកគំហើញស្នូលនៃការសិក្សានេះ គឺថា ការអនុវត្តន៍ជារួមនៃលទ្ធិប្រជាធិបតេយ្យ ពិតជាមានលក្ខណៈប្រសើរជាងរបបផ្តាច់ការ។ ជាពិសេស ប្រជាធិបតេយ្យផ្តល់នូវតម្លាភាពច្រើន និងការចូលរួមក្នុងសង្គមរបស់ពលរដ្ឋ ប្រសើរជាងប្រព័ន្ធគ្រប់គ្រងបែបផ្តាច់ការនិយម។ លោកគូសបញ្ជាក់ថា ជាលទ្ធផល វាជាការពិតណាស់ដែលថា កំណែទម្រង់ជាមូលដ្ឋាន ក្នុងប្រទេសកម្ពុជា អាចកើតមានឡើងក្នុងបរិយាកាសប្រជាធិបតេយ្យមួយ ដែលបច្ចុប្បន្ននេះ មិនទាន់កើតមានឡើងនៅឡើយទេ។ ក្នុងពេលជាមួយគ្នានេះដែរ លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ កំពុងទទួលរងនូវសម្ពាធកាន់តែខ្លាំងជាងពេលណាៗ ទាំងអស់ ខណៈដែលមានការកើនឡើងការរឹតត្បិត និងការបែកបាក់ផ្នែកនយោបាយកាន់តែខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។