Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រទេស ៤៥ ថ្កោលទោសរបបលោក ហ៊ុន សែន ជុំវិញ​បញ្ហា​រំលោភ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស

$
0
0

ប្រទេសទាំង ៤៥ នេះព្រមាន​ថា ការ​បោះឆ្នោត​អាច​ចាត់ទុកថា សេរី ត្រឹមត្រូវ និង យុត្តិធម៌បាន ទាល់តែរបបលោក ហ៊ុន សែន បញ្ឈប់ការ​ធ្វើ​ទុក្ខ​បុកម្នេញ លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​។ ប៉ុន្តែ មន្រ្តីរដ្ឋាភិបាល ចាត់ទុកសេចក្តី​ថ្លែងការណ៍បែបនេះ ថា​ជាការ​ជ្រៀតជ្រែកកិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា។

ប្រទេស ៤៥ ប្រទេស​​បារាំង​ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម បានទាមទារពីរចំណុចធំៗ ទីមួយគឺ ទាមទារ​ឲ្យ​ផ្តល់នីតិសម្បទា​ ជូន​​មន្រ្តីជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិទាំងអស់ឡើងវិញ រួមមាន​សមាជិកសភា និង​សមាជិកក្រុមប្រឹក្សា​ឃុំ-សង្កាត់នៅទូទាំង​ប្រទេស។ ទីពីរ ទាមទារ​ឲ្យ​លុបចោល វិសោធនកម្មច្បាប់​ ស្តីពី​គណបក្ស​នយោបាយ ដែល​ជាដើមហេតុ​នាំឲ្យ​រម្លាយ​គណបក្សសង្គ្រោះជាតិនោះ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍រួមមួយកាលពីថ្ងៃទី ២១ ខែ មីនា ម្សិលមិញនេះ ប្រទេស​ទាំង ៤៥ បាន​អំពាវនាវឲ្យ​របប​លោក ហ៊ុន សែន ប្រញាប់​ចាត់​វិធានការ​ចាំបាច់​នានា ឲ្យ​បាន​ប្រញាប់ មុននឹង​អ្វីៗត្រូវ​ហួសពេល សម្រាប់​ការ​បោះឆ្នោត​ជាតិ​នាខែ កក្កដា ឆ្នាំ ២០១៨ ខាង​មុខនេះ។

សេចក្តីថ្លែងការណ៍​ដដែល ក៏បាន​សង្កត់​ធ្ងន់​ថា ក្នុង​រយៈពេល​ ២៥ ឆ្នាំកន្លងមកនេះ សហគមន៍អន្តរជាតិ មាន​សុទិដ្ឋិនិយមយ៉ាង​ច្រើន ទៅលើ​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សហគមន៍អន្តរជាតិ ដែលបាន​ជួយ​ជ្រោមជ្រែងប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង ដើម្បីកសាង​លទ្ធិប្រជាធិបតេយ្យមួយ។ ជាលទ្ធផល រដ្ឋ​ធម្មនុញ្ញ​កម្ពុជា បាន​ចែង​កំណត់​យ៉ាង​ច្បាស់​ អំពី​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ការ​ត្រូវ​ប្រកាន់ខ្ជាប់ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស។ សហគមន៍​អន្តរជាតិ ត្រេកអរ​ចំពោះ​ការ​វិវឌ្ឍល្អជាច្រើន​ក្រោយ​កិច្ច​ព្រមព្រៀងនោះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍បន្តថា គួរ​ឲ្យ​សោកស្តាយ នៅពេល​ការ​បោះឆ្នោត​ជាតិនាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ កាន់តែ​ខិត​ជិត​ចូល​មក​ដល់​សហគមន៍​អន្តរជាតិ បែរជា​បាត់បង់នៅក្តី​សង្ឃឹម និង ការ​ត្រេកអរនោះអស់ ដោយ​ជំនួសមកវិញ​នូវ​ទុក្ខ​ព្រួយ ដោយសារ​តែ​របប​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​ទៅលើសិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ តាមរយៈ​ការ​ចាប់​ប្រធានគណបក្សសង្គ្រោះជាតិ និង សកម្មជន​បក្សប្រឆាំង​ជាច្រើន​រូប​ទៀត ដាក់ពន្ធនាគារ ការ​រម្លាយ​​គណបក្ស​​សង្គ្រោះ​ជាតិ និង​បណ្តេញ​​អង្គការ​សង្គម​ស៊ីវិល និង បង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

ទោះជាយ៉ាងនេះក្តី​ តំណាងរបបលោក ហ៊ុន សែន នៅអង្គការ​សហប្រជាជាតិ ការ​ពារ​ចំណាត់ការ​របស់​របបនេះ និង ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​សេចក្តីថ្លែងការណ៍រួមនេះ។ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការ​សហ​​ប្រជាជាតិ និងអង្គការអន្តរជាតិនានា ក្នុងទីក្រុងហ្សឺណែវ​ ចាត់ទុកថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ កាលថ្ងៃពុធថា រៀបចំឡើងដើម្បីវាយប្រហារលើប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោក ណី សំអុល បានប្រកាសប្រឆាំងដាច់ អហង្កា​រាល់​កិច្ច​ប៉ុនប៉ង​ខុស​បែប​បទ ក្នុងការរៀបចំឱ្យមានការពិភាក្សាអន្តរកិច្ចប្រជុំ ពាក់ព័ន្ធនឹងប្រទេសកម្ពុជា នៅមុនកិច្ចប្រជុំ ទៀងទាត់ ក្នុងខែមិថុនា។ លោកចាត់ទុកកិច្ចប្រជុំនេះធ្វើឡើងខុស របៀបវារៈ និង​ខុស​ពី​ការ​គ្រោង​ទុក។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ​ធ្វើ​ឡើង​ត្រឹម​ត្រូវ​ស្រប​តាម​កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ខណៈកម្ពុជាមានការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យ៖ «ប្រទេសកម្ពុជាយើង​ ជាប់​ជំពាក់នឹង​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។ នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចែងថា ក្នុងករណី​មានការ​រំលោភយ៉ាងធ្ងន់ធ្ងរ លើ​សិទ្ធិមនុស្ស​នៅកម្ពុជា ភាគី​នៅ​ក្នុង​កិច្ច​ព្រមព្រៀង ត្រូវ​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ទប់​ស្កាត់ការ​រំលោភនេះ។ ដូច្នេះកិច្ច​ប្រជុំនេះ​ ធ្វើ​ត្រឹមត្រូវ​ចំពេលហើយ​»។​

ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនេះ ក៏បានទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និងដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ។

សេចក្តីថ្លែងការណ៍រួម ដែលមាន​ទាំងប្រទេសអូស្រ្តាលីផងនេះ បញ្ជាក់ច្បាស់​អំពី​ជំហរ​ប្រទេស​អូស្រ្តាលី ចំពោះ​របបលោក ហ៊ុន សែន ពាក់ព័ន្ធនឹង​នឹង​បញ្ហា​រំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅកម្ពុជា ទោះបី​លោក ហ៊ុន សែន​ បាន​អះអាងផ្ទុយពីនេះ នៅក្រោយ​ដំណើរទស្សនកិច្ច​ ទៅចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី នៅទីក្រុងស៊ីដនី កាល​ពី​​ចុង​សប្តាហ៍កន្លង​ទៅនេះ​ យ៉ាង​ណាក្តី។

រហូតមកដល់ពេលនេះ សម្ពាធ​ពី​សហគមន៍អឺរ៉ុប និង សហរដ្ឋ​អាមេរិក កាន់តែកើនឡើង​សន្ធាប់​ជាង​មុន ទៅលើ​របបលោក ហ៊ុន​ សែន។ ប្រទេស​កម្ពុជា​ ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅលើ​ជំនួយ​បរទេស និង​ការ​អនុគ្រោះពន្ធ​ផ្នែក​ពាណិជ្ជកម្មពី​អន្តរជាតិ។ ប៉ុន្តែ ដោយសារ​ស្ថានភាព​រំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ កាន់តែ​រីករាលដាលនេះ ធ្វើឲ្យ​អន្តរជាតិ ត្រូវ​ពិចារណា​ឡើងវិញ ចំពោះ​ជំនួយ និង កិច្ច​សហប្រតិបត្តិការជាមួយកម្ពុជា។ កាលពីថ្ងៃទី​១៩ ខែ​មីនា ខាង​តំណាង​ក្រុមហ៊ុនធំៗ របស់​អន្តរជាតិ ដែល​ទិញ​ទំនិញ​ពីកម្ពុជា ក៏បាន​ព្រមាន​របបលោក ហ៊ុន សែន អំពី​ការ​ធ្លាក់ចុះ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស ដែល​ប៉ះពាល់ដល់​ការ​សម្រេចិត្ត ក្នុង​ការ​បន្ត​អនុគ្រោះពន្ធ​នាំចេញ​សម្លៀកបំពាក់​ និង​ទំនិញ​អនុគ្រោះពន្ធ​​ដទៃ​ទៀត​ទៅ​ទីផ្សារ​អន្តរជាតិ​នេះដែរ។ បច្ចុប្បន្នអាមេរិក និង​អឺរ៉ុបបានលុបចោលជំនួយសម្រាប់ការបោះឆ្នោតទាំងស្រុង។ ដោយឡែកអាមេរិកបានហាមឃាត់ទិដ្ឋាការមន្រ្តីរបបលោក ហ៊ុន សែន មិនឲ្យមកជាន់ទឹកដីអាមេរិកផងដែរ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុក ការទាមទាររបស់ក្រុមប្រឹក្សានេះ ដើម្បីឲ្យរបបក្រុងភ្នំពេញស្តារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស​ និងដោះលែងអ្នកទោសនយោបាយនោះ ថាជាការត្រឹមត្រូវដោយសារ កម្ពុជាប្រព្រឹត្តិកំហុសទាំងអស់នេះមែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles