
ពលរដ្ឋមានជម្លោះដីធ្លីជាមួយម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច នៅតំបន់បុរីកីឡា អះអាងថា មន្ត្រីក្រសួងមហាផ្ទៃ បានកោះហៅអ្នកស្រីទៅគំរាមឲ្យបញ្ឈប់សកម្មភាពតវ៉ាទាមទារដីធ្លី ពីមុខភូមិគ្រឹះរបស់ឈ្មួញដីក្នុងរបបលោក ហ៊ុន សែន តទៅទៀត ព្រោះការធ្វើបែបនេះ ជាការអុកឡុក បាត់បង់សណ្ដាប់ធ្នាប់ និងធ្វើឲ្យបាត់បង់ភ្ញៀវទេសចរណ៍។ សង្គមស៊ីវិល ហៅការកោះហៅ ជនរងគ្រោះដីធ្លី ជាការគំរាមកំហែងតាមផ្លូវច្បាប់។
ពលរដ្ឋម្នាក់ដែលអះអាងថា មិនទាន់ទទួលបានសំណងពីការឈូសកម្ទេចផ្ទះ គឺអ្នកស្រី ភោគ សុភីន ប្រាប់ថា មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌរបស់ក្រសួងមហាផ្ទៃ ដែលមិនព្រមប្រាប់ឈ្មោះ បានព្រមានឃុំខ្លួនអ្នកស្រី បើនៅបន្តការតវ៉ាស្វែងរកដំណោះស្រាយ៖ «ស្រែកឲ្យគាត់ តវ៉ាឲ្យគាត់ចេញមកដោះស្រាយឲ្យខ្ញុំ។ ខ្ញុំគ្មានទៅអុកឡុក បាត់បង់សណ្ដាប់ធ្នាប់ ភ្ញៀវទេសចរណ៍ ដូចគេចោទខ្ញុំហ្នឹងណា។ គេថា ឲ្យខ្ញុំ បងឯងធ្វើអ៊ីចឹងដឹងខុសច្បាប់ទេ ប្រទេសយើងកំពុងជឿនលឿន ធ្វើអ៊ីចឹងភ្ញៀវទេសចរណ៍មើលមក គេមើលមកមិនសមរម្យ ស្អីៗអ៊ីចឹងណា។ គេថា ឲ្យខ្ញុំច្រើនណាស់អូន គេស្ដីគេថាឲ្យខ្ញុំ។ ប៉ុន្តែ ដល់ពេលខ្ញុំបកទៅវិញ ខ្ញុំគ្មានថាអីនិយាយច្រើនទេ គ្រាន់តែថា ខ្ញុំធ្វើហ្នឹង តើខ្ញុំខុសមែន បាត់បង់សណ្ដាប់ធ្នាប់មែន ចុះលោកឯងទៅឈូសផ្ទះខ្ញុំមិនខ្លាចបាត់បង់សណ្ដាប់ធ្នាប់ទេអី? ផ្ទះខ្ញុំនៅសុខៗទៅឈូសឡើងគគំនរអីវ៉ាន់ខ្ញុំ មិនឲ្យទៅរើសទៀត យកអាអិច ទៅចូកទៀត ទាល់តែខ្ញុំឡើងលើអាអិចហ្នឹង ឲ្យចូក ចូកទាំងខ្ញុំទៅ ទើបខ្ញុំរើសអីវ៉ាន់បានខ្លះ។ តាមពិតចូកឡើងខ្ទេចហ្មងផ្ទះខ្ញុំ»។
ម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច គឺអ្នកស្រី ស៊ុយ សុផាន ដែលពលរដ្ឋតែងស្រែកជេរ ដាក់បណ្ដាសារាល់សប្ដាហ៍ ដោយសារតែពួកគេចោទថា ជាឈ្មួញទុច្ចរិតប្លន់ដី និងកម្ទេចផ្ទះរបស់ពួកគេ។ ពួកគេអះអាងថា អ្នកស្រី ស៊ុយ សុផាន បានប្ដឹងសកម្មជនដីធ្លីនៅសហគមន៍បុរីកីឡាម្នាក់ គឺ អ្នកស្រី ភោគ សុភីន អាយុ ៤៥ឆ្នាំ។
ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ លោក សុខ ខេមរិន្ទ បានចេញលិខិតកោះហៅ លោកស្រី ភោគ សុភីន។ ក្នុងលិខិតកោះរបស់លោក សុខ ខេមរិន្ទ មិនបានបញ្ជាក់ថា ពលរដ្ឋមានជម្លោះដីធ្លីនៅបុរីកីឡា ត្រូវបានប្ដឹងពីបទអ្វីទេ ដោយគ្រាន់បង្គាប់ឲ្យ អ្នកស្រី ភោគ សុភីន ចូលខ្លួនតាមពេលកំណត់។
ក្នុងពេលដែលអ្នកស្រី ភោគ សុភីន ចូលទៅឆ្លើយបំភ្លឺ នៅក្នុងនាយកដ្ឋានព្រហ្មទណ្ឌ មានសកម្មជនដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡា ជាច្រើននាក់ នៅក្រៅក្រសួងមហាផ្ទៃ ដើម្បីគាំទ្រអ្នកមានជម្លោះដីធ្លីដូចគ្នា។ អ្នកស្រី ភោគ សុភីន ប្រាប់ថា មន្ត្រីក្រសួងមហាផ្ទៃ បានស្ដីឲ្យអ្នកស្រី ថា បានដឹកនាំកម្លាំងទៅតវ៉ាមុខក្រសួងមហាផ្ទៃ៖ «គេថាបងឯង នាំកម្លាំងមកធ្វើបាតុកម្មមុខក្រសួងមហាផ្ទៃទៀត បងឯងដឹងខុសទេ ថាអ៊ីចឹងណា ថាខ្ញុំនឹងនាំកម្លាំងមក គេហៅម្នាក់ឯង គេហៅម្នាក់ឯងបែរជាខ្ញុំនឹងនាំកម្លាំងមកធ្វើបាតុកម្ម នៅក្រសួងមហាផ្ទៃទៀត។ ខ្ញុំថា យីខ្ញុំមិននាំកម្លាំងទេ គេមកគាំទ្រខ្ញុំ អ្នករងគ្រោះដូចគ្នា ដីធ្លីដូចគ្នា បឹងកក់ បុរីកីឡាហ្នឹង គេមកគាំទ្រខ្ញុំទេ ខ្ញុំមិននាំកម្លាំងមកធ្វើបាតុកម្មមុនក្រសួងមហាផ្ទៃទេ ហៅម្នាក់ឯងមែន ប៉ុន្តែលើលោកនោះវាមានទេ ឈូសផ្ទះខ្ញុំហើយ មកប្ដឹងខ្ញុំដាក់ទោសព្រហ្មទណ្ឌ។ លោកឯងដេកលើច្បាប់ អង្គុយលើច្បាប់ លោកឯងមានដែរឬអី តើទោសព្រហ្មទណ្ឌហ្នឹង តើខ្ញុំទៅប្លន់អ្នកណា ខ្ញុំសួរអ៊ីចឹងទៅ ថាឲ្យវិញ មួយពីរ ៗ គេក៏ឲ្យខ្ញុំចេញមក»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ហៅការកោះហៅអ្នកមានជម្លោះដីធ្លី ជារូបភាពនៃការគំរាមកំហែង ដល់ពលរដ្ឋនៅបុរីកីឡា។ មន្ត្រីសង្គមស៊ីវិលរូបនេះ ទទូចឲ្យអាជ្ញាធរ និងម្ចាស់ក្រុមហ៊ុន ផាន អ៊ីមិច ដែលរងការចោទថា ដណ្ដើមដីពលរដ្ឋ ដោះស្រាយដោយសន្តិវិធី និងព្យាយាមបញ្ចប់ដើម្បីទំនាស់ឲ្យបានឆាប់។ លោក វណ្ណ សូផាត យល់ថា បើពលរដ្ឋទទួលបានសំណងសមរម្យ ដែលអាចទទួលយកបាន ពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីរកស៊ី ហើយគ្មានពេលឯណាទៅរករឿងម្ចាស់ក្រុមហ៊ុនទេ៖ «រឿងហ្នឹងគឺជាការគំរាមកំហែង តាមរយៈការកោះហៅ អាហ្នឹងជាការគំរាមកំហែងតាមផ្លូវច្បាប់។ ពីដើមមកក៏មានអ៊ីចឹងដែរ សូម្បីតែសាលារាជធានីភ្នំពេញ ក៏បានព្រមានអ៊ីចឹងដែរ ថាបើគាត់មិនព្រមទទួលយកដំណោះស្រាយ មិនព្រមទទួលយកអីហ្នឹង គេនឹងចាត់វិធានការរដ្ឋបាល អាហ្នឹងវាសុទ្ធតែជាការព្រមានគាត់ហើយ មិនអាចយើងថា អាហ្នឹងជាការដោះស្រាយដោយសន្តិវិធីបានទេអាហ្នឹង។ អ៊ីចឹងពីដើមមក គឺថា គោលបំណងរបស់អាជ្ញាធរ នឹងប្រជាពលរដ្ឋ យើងត្រូវដោះស្រាយតាមសន្តិវិធី កុំឲ្យមានការគំរាមកំហែង កុំឲ្យមានការប្រើអំពីហិង្សាអីដាក់គ្នាតទៅទៀត។ ប៉ុ ដែរហូតមកដល់បច្ចុប្បន្ននេះ ការដោះស្រាយមិនទាន់ចប់ បែរជាមានការប្រើប្រព័ន្ធតុលាការ ឬមួយក៏ការកោះហៅ កោះអីនេះ»។
បើទោះជាមានការគំរាមកំហែង ថា នឹងចាប់ខ្លួន ឬបញ្ជូនទៅតុលាការ ប៉ុន្តែពលរដ្ឋមានជម្លោះដីធ្លីនៅបុរីកីឡា អះអាងថា នៅតែបន្ដទៅតវ៉ាមុខភូមិគ្រឹះអ្នកស្រី ស៊ុយ សុផាន ជាបន្ត ដោយមិនខ្លាច ព្រោះពួកគេ យល់ថា អ្នកដែលឈូសកម្ទេចផ្ទះ និងដណ្ដើមដីរបស់ពួកគេ ទើបជាអ្នកខុសច្បាប់។ ពលរដ្ឋនៅបុរីកីឡា អស់សំណើចនឹងអាជ្ញាធរ ដែលចោទថា ការទាមទារដីមកវិញ ពីសំណាក់ពលរដ្ឋ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ និងបាត់បង់ភ្ញៀវទេសចរណ៍។ ពួកគាត់ចោទសួរថា តើការឈូសកម្ទេចផ្ទះ ពួកគាត់ជារូបភាពល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឬ?៕