ក្រុមអង្គការសង្គមស៊ីវិលដែលជាសមាជិករបស់បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ អំពាវនាវឲ្យមហាជនផ្ដល់វិភាគទានបន្ថែម ស្របពេលខ្លួននៅខ្វះថវិកាប្រហែល ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងការយកទៅជ្រើសរើសក្រុមអ្នកសង្កេតការណ៍ឲ្យបានគ្រប់ចំនួនប្រហែលជាង ២ម៉ឺននាក់ (២២.១៤៨នាក់) ដើម្បីដាក់ពង្រាយឲ្យបានម្នាក់ក្នុងមួយការិយាល័យ។
បណ្ដុំអង្គការសង្គមស៊ីវិលចំនួន៣៨ មានដូចជា អង្គការសង់ត្រាល់ (CENTRAL) អង្គការលីកាដូ (LICADHO) អង្គការសីលការ អង្គការ វ៉ាយ.អ.ឌី.ភី (YRDP) និងអង្គការខុមហ្វ្រែល (COMFREL) ជាដើម ដែលបង្កើតបន្ទប់ស្ថានការណ៍ (Electoral Reform Association) ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ បង្ហាញជំនឿថា ប្រសិនបើពួកគេអាចមានអ្នកសង្កេតការណ៍ឯករាជ្យគ្រប់ចំនួនសរុបទាំងអស់ជាង ២ម៉ឺននាក់ ដើម្បីដាក់ពង្រាយឲ្យបានម្នាក់ក្នុងមួយការិយាល័យបោះឆ្នោត គឺជារឿងដ៏ប្រសើរមួយ ព្រោះអាចជួយឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ ធ្វើឡើងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ហើយកុំឲ្យគណបក្សនយោបាយឈ្លោះប្រកែកគ្នាទៀតបន្ទាប់ពីការរាប់សន្លឹកឆ្នោត។
ថ្លែងនៅក្នុងសន្និសីទស្ដីពីការចាប់ផ្ដើមដំណើរការបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វ៉េ (SUNWAY) នាថ្ងៃទី២៨ មីនា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែងថា ដើម្បីឲ្យការបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នា គឺច្បាប់បោះឆ្នោតត្រូវធ្វើឡើងមានលក្ខណៈវិជ្ជមាន គណបក្សនយោបាយមានសិទ្ធិស្មើភាពក្នុងការប្រកួតប្រជែង ហើយសិទ្ធិពលរដ្ឋដែលជាម្ចាស់ឆ្នោតត្រូវបានគោរពមិនគំរាមកំហែង ជាដើម។
លោកបន្តថា ដើម្បីធ្វើឲ្យការបោះឆ្នោតមានសេរី និងយុត្តិធម៌ ក៏ត្រូវមានការចូលរួមពីអង្គការសង្គមស៊ីវិល ដូច្នេះហើយទើបអង្គការសង្គមស៊ីវិលទាំង៣៨ សម្រេចបង្កើតបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឡើង ដើម្បីធ្វើជាវេទិកាខ្វល់ខ្វាយអំពីដំណើរការបោះឆ្នោត និងលទ្ធផលបោះឆ្នោត៖ «បន្ទប់ស្ថានការណ៍ហ្នឹង ដើម្បីចូលរួមចំណែកធ្វើឲ្យការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ ហើយការចូលរួមយើងនេះ គឺទាល់តែមានការចូលរួម និងទទួលខុសត្រូវរបស់អាជ្ញាធរ គ.ជ.ប រដ្ឋាភិបាល និងគណបក្សនយោបាយផងដែរ»។
បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧ ត្រូវបានបង្កើតឡើងនៅអំឡុងខែកុម្ភៈ និងបញ្ចប់ទៅវិញនៅពេលបញ្ចប់ការរាប់សន្លឹកឆ្នោតសព្វគ្រប់ក្នុងអំឡុងខែកក្កដា។ បន្ទប់ស្ថានការណ៍នេះ គឺជាការប្រមូលផ្ដុំនៃសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត អង្គការសង្គមស៊ីវិលឯករាជ្យ និងអ្នកជំនាញ ដើម្បីប្រមូលធនធាន បង្កើនសមត្ថភាព និងការដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងស្រុកនៅថ្ងៃបោះឆ្នោត ឬការផ្ដល់វេទិកាសហការអព្យាក្រឹតមួយ ដែលមានការចែករំលែក ការធ្វើបច្ចុប្បន្នភាព ការវាយតម្លៃ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត និងការធ្វើអន្តរាគមន៍ចំពោះអសន្ដិសុខ និងការរំខានយាយីដែលធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត ជាដើម។
សមាជិកនៃបន្ទប់ស្ថានការណ៍ គឺមានក្រុមវិភាគសិក្សាផ្នែកច្បាប់ និងការបោះឆ្នោត និងក្រុមអន្តរាគមន៍ អង្កេតពាក្យបណ្ដឹង និងបេសកកម្មស្វែងរកការពិត។
ទោះជាយ៉ាងណា នាយកប្រតិបត្តិអង្គការ វ៉ាយ.អ.ឌី.ភី លោក ជាង សុខា ថ្លែងថា អ្វីដែលជាការរំពឹងទុកខ្ពស់របស់បន្ទប់ស្ថានការណ៍ គឺចង់បានអ្នកសង្កេតការណ៍ឲ្យបានជាង ២ម៉ឺននាក់ ដើម្បីដាក់ពង្រាយឲ្យបានគ្រប់ការិយាល័យ តែបច្ចុប្បន្នអ្នកសង្កេតការណ៍ជាង ១ម៉ឺននាក់ប៉ុណ្ណោះដែលបានចុះឈ្មោះជាបណ្ដើរៗ និងទទួលការបណ្ដុះបណ្ដាលស្ដីពីការចុះសង្កេតការណ៍បោះឆ្នោត៖ «អំពាវនាវឲ្យពលរដ្ឋចូលរួមចំណែកក្នុងការគាំទ្រអ្នកសង្កេតការណ៍ ដើម្បីផ្ដល់ទឹកប្រាក់ ២២ដុល្លារសម្រាប់អ្នកសង្កេតការណ៍ម្នាក់»។
លោកបន្តថា បច្ចុប្បន្ននៅខ្វះអ្នកសង្កេតការណ៍ជាង ៩ពាន់នាក់ទៀត ដូច្នោះលោកអំពាវនាវឲ្យសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមផ្ដល់វិភាគទានចំនួន ២២ដុល្លារសម្រាប់អ្នកសង្កេតការណ៍ម្នាក់ ហើយដើម្បីអាចផ្ដល់វិភាគទាននេះបាន គឺចូលទៅសួរនាំព័ត៌មានក្នុងគេហទំព័ររបស់អង្គការខុមហ្វ្រែល។
ការជ្រើសរើសក្រុមសង្កេតការណ៍ គឺជ្រើសយកទាំងប្រុស និងស្រី និងត្រូវមានអាយុអាចបោះឆ្នោតបាន ហើយការជ្រើសរើសនេះ នឹងផុតកំណត់នៅអំឡុងខែឧសភា ព្រោះជាពេលដែល គ.ជ.ប នឹងចុះបញ្ជីឈ្មោះអ្នកសង្កេតការណ៍។
ទឹកប្រាក់ ២២ដុល្លារសម្រាប់អ្នកសង្កេតការណ៍ម្នាក់ គឺបែងចែកជាបីកញ្ចប់។ ទឹកប្រាក់ ១០ដុល្លារសម្រាប់វគ្គបណ្ដុះបណ្ដាល និងការទិញអាវយឺត និងមួក។ ទឹកប្រាក់ ១០ដុល្លារទៀត គឺផ្ដល់ឲ្យនៅពេលអ្នកសង្កេតការណ៍ចុះទៅតាមដាននៅថ្ងៃបោះឆ្នោតសម្រាប់ទុកទិញអាហារ និងកាតទូរស័ព្ទ។ ចំណែកនៅសល់ ២ដុល្លារ គឺសម្រាប់គ្រូ ការត្រួតពិនិត្យគុណភាព និងសម្ភារៈ។
ក្រៅពីនេះ បន្ទប់ស្ថានការណ៍ក៏មានអ្នកសង្កេតការណ៍រយៈពេលវែងចំនួន ៣០០នាក់ ដើម្បីដាក់ពង្រាយតាមស្រុក-ខណ្ឌទាំង១៩៧ ក្នុងការសង្កេតទៅលើការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលឆ្នោតនៅតាមការិយាល័យបោះឆ្នោត។
នាយិកាអង្គការសីលការ អ្នកស្រី ធីតា ឃឹះ អំពាវនាវឲ្យស្ត្រីចូលរួមធ្វើជាអ្នកសង្កេតការណ៍ឲ្យបានច្រើនផងដែរ។
ចំណែកប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ថា នៅពេលមានការរារាំង និងគំរាមកំហែងនៅពេលចុះបំពេញការងារជាអ្នកសង្កេតការណ៍ គឺអ្នកសង្កេតការណ៍អាចប្រាប់ទៅមន្ត្រី គ.ជ.ប អាជ្ញាធរ អ្នកសង្កេតការណ៍បរទេស ឬអ្នកសារព័ត៌មានជាដើម។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នឹងធ្វើឡើងនៅថ្ងៃទី៤ មិថុនា ហើយ គ.ជ.ប ក៏បានជ្រើសរើសមនុស្សដើម្បីចុះសង្កេតការណ៍បោះឆ្នោតនេះជាង ៩ម៉ឺននាក់ដែរ៕