Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ថា​អភិបាល​ក្រុង​ភ្នំពេញ​សន្យា​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​មិន​ឲ្យ​បាត់បង់​ផ្ទះ​ពលរដ្ឋ​ទេ

$
0
0

ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា អភិបាល​រាជធានី​ភ្នំពេញ​អះអាង​ប្រាប់​ពួក​គេ​ថា ការ​អភិវឌ្ឍ​ដែល​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​ពង្រីក​ឲ្យ​ធំ​ជាង​មុន​នោះ មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​លំនៅឋាន​ទេ។ ក្រុម​ពលរដ្ឋ​ដែល​ជួប​ប្រជុំ​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា និយាយ​ថា លោក​អភិបាល​សន្យា​នឹង​ធ្វើ​វេទិកា​សាធារណៈ​មួយ​ជាមួយ​ក្រុម​ពលរដ្ឋ​រង​ការ​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ការ​ឲ្យ​ដឹង​ពី​ការ​សម្រេច​ចិត្ត​ផ្តល់​ជម្រើស​បែប​នេះ​ពី​សំណាក់​អភិបាល​រាជធានី​ភ្នំពេញ​ដល់​ក្រុម​ពលរដ្ឋ ក្រោយ​ពេល​ប្រជា​សហគមន៍​ចំនួន​៦ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រមាណ ១០០​នាក់ ឈរ​ស្រែក​ទាមទារ​លើក​បដា និង​ច្រៀង​ចម្រៀង​ពី​គ្រោះថ្នាក់​នៃ​ការ​អភិវឌ្ឍ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ចូល​ជួប​អភិបាល​ក្រុង​ភ្នំពេញ គឺ​លោកស្រី មាស ស្រីមុំ ប្រាប់​អាស៊ីសេរី​ថា គោលការណ៍​អភិវឌ្ឍន៍​ម្តង​នេះ លោក​អភិបាល​ក្រុង​សន្យា​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង ដោយ​មិន​ឲ្យ​ពលរដ្ឋ​ទ្រហោ​យំ​ព្រោះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទេ។ លោកស្រី​បន្ត​ថា លោក​អភិបាល​សន្យា​ទៀត​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​រហូត​បាត់បង់​ផ្ទះ​សម្បែង​ព្រោះ​ការ​ពង្រីក​ផ្លូវ សាលា​ក្រុង​នឹង​ផ្តល់​ដី​សង់​ផ្ទះ​ទំហំ ៤​គុណ ៩​ម៉ែត្រ៖ «គាត់ (លោក ប៉ា សុជាតិវង្ស) ឲ្យ​ប្រជាពលរដ្ឋ​ស្ងៀមស្ងាត់​កុំ​មាន​ការ​ជ្រួល​ច្របល់ ធ្វើ​អ្វី​មាន​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​ហ៊ាន​សន្យា​ថា​មិន​ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នោះ​ទេ»

ចំណែក​ពលរដ្ឋ​មួយ​រូប​ដែល​បាន​ជួប​អភិបាល​ក្រុង​ដែរ​នោះ លោក នូ សារិន ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ជឿ​លើ​ការ​សន្យា​របស់​លោក ប៉ា សុជាតិវង្ស ទាំងស្រុង​នោះ​ទេ។ លោក​ថា លោក និង​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​តែ​តាមដាន​ការ​អភិវឌ្ឍ​នេះ ហើយ​បើ​សាលា​ក្រុង​ធ្វើ​មិន​ដូច​សន្យា​នោះ​ទេ ក្រុម​ពលរដ្ឋ​នៅ​តែ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ដដែល៖ «ខ្ញុំ​នឹង​ស្តាប់​សារព័ត៌មាន​រាល់​ពេល​រាល់​វេលា​នៅ​ពេល​ណា​គាត់ (អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស) ធ្វើ​អ្វី​ដែល​ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន ខ្ញុំ​នឹង​មក​តវ៉ា​ជា​បន្ត​ទៀត»

ក្នុង​លិខិត​ស្នើសុំ​របស់​ពលរដ្ឋ​ដែល​កាន់​យក​ទៅ​ប្រគល់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ជំនួប​នោះ ក្រុម​ពលរដ្ឋ​ស្នើសុំ​សាលា​ក្រុង​ធ្វើ​ផ្លូវ​ត្រឹម ១៤​ម៉ែត្រ ដោយ​មាន​ទ្រូង​ផ្លូវ ៦​ម៉ែត្រ​សងខាង និង​មាន​ចិញ្ចើម​ផ្លូវ ១​ម៉ែត្រ ស្នើសុំ​ប្លង់​កម្មសិទ្ធិ និង​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ឬ​ប្ដូរ​ទីតាំង​ពី ២ ទៅ ៣​គីឡូម៉ែត្រ ក្នុង​ករណី​មិន​អាច​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ប្រាប់​ថា សាលា​ក្រុង​មិន​ទាន់​ឆ្លើយតប​សំណើ​ក្រុម​ពលរដ្ឋ​ទេ ព្រោះ​ពេល​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ។

នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី យល់​ថា ប្រសិន​ជា​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​ជា​សម្ដី​របស់​អភិបាល​រាជធានី​ភ្នំពេញ ដែល​សន្យា​មែន​នោះ គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​លោក​យល់​ថា ភាគី​សាលា​ក្រុង និង​ពលរដ្ឋ គួរ​ជួប​ជជែក​គ្នា​ឲ្យ​ញឹកញាប់ ហើយ​ជាង​នេះ​ទៅ​ទៀត សាលា​ក្រុង​ត្រូវ​ប្រាប់​ពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​ក្រុម​ពលរដ្ឋ៖ «ឲ្យ​មាន​ការ​ជជែក​គ្នា​បន្ត​ទៀត ហើយ​កំណត់​ពេលវេលា និង​ជម្រើស​ហ្នឹង​ឲ្យ​បាន​ជាក់លាក់។ អ៊ីចឹង​យើង​នឹង​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ»

ទោះ​ជា​យ៉ាង​ណា អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ពលរដ្ឋ​ដូចនេះ​ជា​សម្ដី​របស់​លោក ប៉ា សុជាតិវង្ស ឬ​យ៉ាង​ណា​នោះ​ទេ៖ «ខ្ញុំ​មិន​អាច​បញ្ជាក់​ពី​លើ​អ្វី​ដែល​ឯកឧត្តម​អភិបាល​បាន​លើក​ឡើង​នោះ​ទេ»

ទាក់ទង​ការ​សាងសង់​ផ្លូវ​នេះ​ដែរ អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថា ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​តាម​ផ្លូវ​រថភ្លើង​ដែល​ចាស់​ទ្រុឌទ្រោម មិន​មាន​ដំណើរការ​ចាប់​ពី​ផ្លូវ​លេខ​៧០ ដល់​ផ្លូវ​ជាតិ​លេខ​៥ គម្រោង​ស្ថាបនា​ផ្លូវ​នេះ គឺ​ចាប់​ពី​គីឡូម៉ែត្រ​លេខ​៦ រហូត​ដល់​ផ្លូវ​ទំនប់​៧០ ប្រវែង ៤.៥១០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ​សងខាង មាន​សួន និង​បង្គោល​ភ្លើង​កណ្ដាល ប្រើ​រយៈពេល​ប្រមាណ​ជា ៥​ខែ។

សព្វថ្ងៃ​នេះ ក្រុម​ការងារ​សាលា​ក្រុង​ភ្នំពេញ កំពុង​ឈូស​ឆាយ​លើក​ឆ្អឹង​ដែក​ដែល​ជា​ផ្លូវ​រថភ្លើង​ចេញ​ជា​បណ្ដើរៗ​ហើយ ចំណែក​ក្រុម​ពលរដ្ឋ​ក៏​តែងតែ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ ដើម្បី​ចង់​បាន​ចម្លើយ​ពី​ការ​អភិវឌ្ឍ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles