Clik here to view.

ពលរដ្ឋតវ៉ាជម្លោះដីធ្លីនៅខេត្តក្រចេះ ត្រូវរបួសគ្រាប់កាំភ្លើង ទោះបីជាអាជ្ញាធររបបលោក ហ៊ុន សែន អះអាងថា សមត្ថកិច្ចបានបាញ់រះទៅលើមេឃប៉ុណ្ណោះ ក្នុងពេលបង្ក្រាបក្រុមពលរដ្ឋដែលតវ៉ាជម្លោះដីធ្លីរ៉ាំរ៉ៃនៅស្រុកស្នួល ខែត្រក្រចេះ កាលពីថ្ងៃទី០៨ ខែមីនា កន្លងទៅនេះ។ មិនត្រឹមតែមានពលរដ្ឋ ត្រូវរបួសដោយគ្រាប់កាំភ្លើងប៉ុណ្ណោះទេ សាក្សីរស់ដែលឃើញព្រឹត្តិការណ៍បាញ់ប្រហារនេះ អះអាងថា ពិតជាមានមនុស្សស្លាប់។
រូបភាពនៃអ្នកត្រូវរបួស ដោយគ្រាប់កាំភ្លើង ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចែកចាយជាបន្តបន្ទាប់ តាំងពីក្រោយកើតហេតុ ដែលកងកម្លាំងប្រដាប់អាវុធ បាញ់បង្ក្រាបពលរដ្ឋតវ៉ាបិទផ្លូវនៅស្រុកស្នួលនោះ។ ជនរងគ្រោះទាំងនោះ រួមមានអ្នកត្រូវគ្រាប់ក្រហូងជ្រៅលើភ្លៅខាងឆ្វេង ផ្នែកខាងក្រោយក្រោមកំប៉េះគូទ ជនរងគ្រោះត្រូវរបួសមុតក្រហូងជ្រៅលើកំប៉េះគូទខាងឆ្វេង និងជនរងគ្រោះ ត្រូវរបួសលើភ្លៅខាងស្ដាំ ក្បែរក្រលៀន ជាដើម។
មិនតែប៉ុណ្ណោះ ពលរដ្ឋអ្នកតវ៉ា នៅតែអះអាងថា ពិតជាមានមនុស្សស្លាប់ ដោយសារគ្រាប់កាំភ្លើងបាញ់រះ ទៅលើពួកគាត់ពិតមែន។ លោកថែមទាំងអះអាង ថា យ៉ាងហោចណាស់ ក៏លោកបានឃើញពលរដ្ឋពីរនាក់ ត្រូវគ្រាប់កាំភ្លើងចំពោះធ្លាយដល់ខ្នង ហើយម្នាក់ទៀតត្រូវគ្រាប់កាំភ្លើង ចំគល់ដោះ ធ្លាយដល់ខ្នងដែរ ដែលបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង ក្នុងថ្ងៃកើតហេតុនោះ។ ពលរដ្ឋដដែល រស់នៅភូមិជើងឃ្លេ ឃុំពីរធ្នូ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថ្លែងថា អ្នកតវ៉ាមិនហានចូលជួយនោះទេ ព្រោះបារម្ភពីសុវត្ថិភាព និងបានរត់គេចរៀងៗខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ក៏លោកអះអាងថា បានឃើញមនុស្ស ៦នាក់ផ្សេងទៀត ស្លាប់នៅគ្រាបញ្ជូនទៅមន្ទីរពេទ្យ៖ «វាដូចថា គេបាញ់ទៅ ម្នាក់ហ្នឹងចំពោះទឹក ធ្លាយមកក្រោយហ្នឹង ហើយម្នាក់ទៀតហ្នឹងត្រូវក្រោមសាច់ដោះខាងស្ដាំ លេចមកខាងឆ្វេង រួចហើយដាច់ផ្ងារតូងនៅត្រង់ហ្នឹង។ ពេលហ្នឹងក្រុមខ្ញុំចង់នាំគ្នាទៅលើក ប៉ុន្តែលើកមិនកើតទេបង ព្រោះគ្រាប់កាំភ្លើងបាញ់រះរហូត នាំគ្នារត់គេច។ ហើយខាងសមត្ថកិច្ចគាត់ស្រែកថា ចាំគាត់យកទៅពេទ្យ។ ប៉ុន្តែ ដល់ពេលពួកខ្ញុំទៅក្នុង មកវិញបាត់អ្នកទាំងអស់នោះអស់រលីង។ ហើយខ្ញុំថាពីរនាក់ស្លាប់ហើយ ព្រោះត្រូវរបួសធ្ងន់ ម្នាក់ត្រូវក្រោមឆ្អឹងជំនីខាងស្ដាំ លេចទៅក្រោយ មិនអាចរស់បានទេ»។
ទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលនេះ ខាងអាជ្ញាធរនៅតែអះអាងថា គ្មានមនុស្សស្លាប់នៅក្នុងការបង្ក្រាបដ៏ហិង្សានោះទេ គឺមានតែពលរដ្ឋអ្នកតវ៉ារបួសពីរនាក់ ខាងកម្លាំងសមត្ថកិច្ចរបួស ៧នាក់។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍បង្ក្រាប រហូតឈានដល់ការប្រើប្រាស់ កម្លាំងប្រដាប់អាវុធ ទៅលើពលរដ្ឋស៊ីវិលបែបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចាត់ទុកជារឿងតូចតាចប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលធ្លាប់ព្រមានពលរដ្ឋ ថានឹងវាយបំបែកធ្មេញ បើអ្នកណាហ៊ានតវ៉ារឿងលទ្ធផលបោះឆ្នោត ត្រូវបានសារព័ត៌មានក្នុងស្រុក ដកស្រង់សម្ដី ថា ដោយសាររដូវកាលនេះ ជារដូវកាលជិតបោះឆ្នោត គឺរឿងតូច គេយកជារឿងធំ ដើម្បីវាយប្រហារបក្សកាន់អំណាច។ លោក ទៀ បាញ់ ថែមទាំងទម្លាក់កំហុស ទៅលើពលរដ្ឋអ្នកតវ៉ា ដែលឈានដល់ការបាញ់ប្រហារនេះ។
មកទល់ពេលនេះ ក្រុមសង្គមស៊ីវិល ដែលចុះអង្កេតព្រឹត្តិការណ៍អំពើហិង្សានៅខេត្តក្រចេះនេះ នៅមិនទាន់អាចបញ្ជាក់ទិន្នន័យច្បាស់លាស់ អំពីចំនួនអ្នកស្លាប់ និងអ្នករបួសបាននៅឡើយទេ ព្រោះអាជ្ញាធរ មិនត្រូវបានអនុញ្ញាត ពួកគេអោយចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុនោះឡើយ។ សូម្បីតែមន្ត្រីអង្គការសហប្រជាជាតិ ក៏ត្រូវបានហាមឃាត់ មិនឲ្យចូលទៅតំបន់ជម្លោះនោះដែរ។ ទោះជាយ៉ាងនេះក្តី ក្រសួងមហាផ្ទៃ អះអាងថា បានចាត់ក្រុមការងារ ឲ្យចុះស៊ើបអង្កេត ក្នុងរឿងនេះហើយ គ្រាន់តែមិនទាន់បានលទ្ធផលយ៉ាងណានៅឡើយ។
ពាក់ព័ន្ធនឹងលទ្ធផលនៃការស៊ើបអង្កេត ដែលគ្មានការចូលរួមពីស្ថាប័នឯករាជ្យបែបនេះ ត្រូវបាននាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកថាធ្វើឲ្យតែបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះតាមពិតទៅ អាជ្ញាធររបបលោក ហ៊ុន សែន គ្មានប្រវត្តិបើកការស៊ើបអង្កេតណាមួយដែលឯករាជ្យ និង គួរឲ្យជឿទុកចិត្តបាននោះឡើយ៕