Clik here to view.

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សន្យាថា នឹងបើកការស៊ើបអង្កេតបន្ថែមលើកករណីផ្ទុះអំពើហិង្សា រហូតបណ្តាលឲ្យមានការផ្ទុះអាវុធ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានដកស្រង់សម្ដីលោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិរបស់ក្រសួងមហាផ្ទៃ ចុះផ្សាយកាលពីថ្ងៃ១២ ខែមីនា ថា លោក ស ខេង បានទទួលរបាយការណ៍បឋមមួយចំនួន អំពីព្រឹត្តិការណ៍នៅខេត្តក្រចេះដែរ ប៉ុន្ដែលោកបានចាត់ក្រុមការងារពីក្រសួងមហាផ្ទៃចុះធ្វើការស្រាវជ្រាវបន្ថែម ទៅលើករណីដែលកើតឡើងនៅក្នុងខេត្តនេះ ហើយមកដល់ពេលនេះលោក ស ខេង ក៏នៅមិនទាន់ទទួលបានរបាយការណ៍ពីក្រុមការងារដែលលោកបានបញ្ជូនទៅនោះទេ។
កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ក្រុមយោធាខេត្តក្រចេះបាននាំបាញ់រះទៅលើក្រុមប្រជាពលរដ្ឋដែលនាំគ្នាធ្វើបាតុកម្មបិទផ្លូវជាតិលេខ៧៦A នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីតវ៉ាករណីជម្លោះដីធ្លីរវាងក្រុមហ៊ុនចំការកៅស៊ូមេមត់របស់វៀតណាមដែលមានផ្ទៃដីទំហំជិត១ម៉ឺនហិកតារ ប៉ះពាល់ដល់ដីធ្លីរបស់ពលរដ្ឋជាង ៥រយគ្រួសារ។
ក្រោយហេតុការផ្ទុះអាវុធនេះភ្លាមក្រុមប្រជាពលរដ្ឋខ្លះអាងថា ការបាញ់រះរបស់សមត្ថកិច្ចនោះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៨នាក់ ជាង១០នាក់ទៀតរបួស ហើយ៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ ខាងអាជ្ញាធរនៅតែអះអាងថា គ្មានមនុស្សស្លាប់នៅក្នុងការបង្ក្រាបដ៏ហិង្សានោះទេ គឺមានតែពលរដ្ឋអ្នកតវ៉ារបួសពីរនាក់ ខាងកម្លាំងសមត្ថកិច្ចរបួស ៧នាក់។
ការសន្យារបស់លោក ស ខេង ធ្វើឡើងនៅក្នុងជំនួបជាមួយអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា។ ទោះជាយ៉ាងណាក៏ដោយ អាស៊ីសេរីនៅមិនទាន់ទទួលបានព័ត៌មានបន្ថែមទៀតអំពីករណីជំនួបរបស់អ្នកស្រី រ៉ូណា ស្មីត ជាមួយលោក ស ខេង លើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងវិបត្តិស្ថានការនយោបាយចុងក្រោយនេះនៅឡើយទេ៕