Clik here to view.

អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានជំរុញឲ្យលោក ឡាចលែន ស្រាហេន (Lachlan Strahan) ភារៈធារី និងជាតំណាងប្រទេសអូស្ត្រាលីប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឲ្យធ្វើការថ្កោលទោសជាសាធារណៈ និងដោយចំហ ព្រមទាំងធ្វើការពិចារណាដោយប្រុងប្រយ័ត្ន ចំពោះការឆ្លើយតបរបស់របបលោក ហ៊ុន សែន ពាក់ព័ន្ធ នឹងករណីបង្ក្រាបដ៏ហិង្សា និងបង្ហូរឈាមពលរដ្ឋ ក្នុងជម្លោះដីធ្លី នៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី០៨ មីនា ពីសំណាក់អាជ្ញាធរ នៃរបបលោក ហ៊ុន សែន។
ការជំរុញនេះ ធ្វើឡើងក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី១០ មីនា របស់អ្នកស្រី មូរ សុខហួរ ផ្ញើទៅកាន់លោក ឡាចលែន ស្រាហេន និងស្របពេលដែល អូស្ត្រាលី ក្លាយជាសមាជិកថ្មីមួយក្នុងចំណោម៤៧ប្រទេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ករណីអំពើហិង្សា និងបាញ់រះមកលើ ពលរដ្ឋដែលជាកសិករស្លូតត្រង់ មានជម្លោះដីធ្លីនៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលបានព្យាយាមការពារដីធ្លីរបស់ពួកគាត់ ពីការរឹបអូស យកដោយខុសច្បាប់ពីសំណាក់អាជ្ញាធរនេះ គឺជាឧទាហរណ៍ ចុងក្រោយបំផុតមួយនៃចំណាត់ការប្រកបដោយហិង្សា និងពុំសមស្របតាមគោលការណ៍ប្រជាធិបតេយ្យ ពីសំណាក់របបលោក ហ៊ុន សែន បច្ចុប្បន្ន ដែលបានជាន់ឈ្លីសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋខ្មែរ។
អ្នកស្រីសរសេរបន្តថា អាជ្ញាធរបានបង្ខំឲ្យអ្នកភូមិជិត ២០០នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ចេញពីដីធ្លី និងលំនៅឋាន ដែលពួកគេធ្លាប់បានកាន់កាប់ ដោយសារតែរបបលោក ហ៊ុន សែន បានផ្ដល់ដីនៅតំបន់នោះធ្វើជាដីសម្បទានសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍចម្ការកៅស៊ូ ដែលអ្នកស្រីថា មានជាប់ពាក់ព័ន្ធនឹងកូនស្រី របស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា។
អ្នកស្រី មូរ សុខហួរ បន្តថា ក្រុមពលរដ្ឋទាំងនោះបានធ្វើការតវ៉ាយ៉ាងត្រឹមត្រូវ ចំពោះការបណ្តេញ ចេញដោយបង្ខំនេះ ហើយក្រុមទាហានបានប្រើអំពើហិង្សា យ៉ាងឃោរឃៅ ដែលរបាយការណ៍ជាបន្តបន្ទាប់ថា បានបណ្ដាលឲ្យពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់ ខណៈដែលរដ្ឋាភិបាលនៅតែបន្ត បដិសេធថា មិនមានចំនួនពលរដ្ឋស្លាប់ និងរងរបួសនោះទេ។
គណបក្សសង្គ្រោះជាតិថ្កោលទោសអំពើហិង្សាដ៏ឃោរឃៅពីសំណាក់អាជ្ញាធរនេះ និងទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ មួយចំពោះករណីមួយនេះ ព្រមទាំងទាមទារឲ្យអាជ្ញាធរដោះលែង អ្នកភូមិជាបន្ទាន់ ហើយត្រូវតែមានការការពារសុវត្ថិភាពរបស់សាក្សី នានា ដើម្បីធានាថា ករណីនេះ ត្រូវបានស៊ើបអង្កេតដោយយុត្តិធម៌។ ជាមួយគ្នានេះ អាជ្ញាធរក៏ត្រូវប្រគល់ដីធ្លី មកឲ្យពលរដ្ឋទាំងនោះវិញ និងត្រូវបញ្ចប់វប្បធម៌និទ្ទណ្ឌភាព នេះជាបន្ទាន់៕