
គណបក្សសង្គ្រោះជាតិ ត្រូវបានបក្សកាន់អំណាចរំលាយ បុគ្គលសំខាន់ៗក្នុងបក្សប្រមាណជាង១រយនាក់ត្រូវគេហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ តាមរយៈសាលក្រមតុលាការសែនខ្ពស់ផុតលេខនៅស្រុកខ្មែរ។ ប្រធានបក្ស លោកកឹម សុខា ត្រូវបានគេចាប់ឃុំឃាំងទាំងបំពានច្បាប់។ ឆ្លើយតបចំពោះបញ្ហាទាំងអស់នេះ សមាជិកបក្សសង្គ្រោះជាតិបានប្រើប្រាស់ យុទ្ធសាស្ត្រមួយចំនួនរួចហើយ រួមមាន ការស្វែងរកអន្តរាគមន៍ពីអន្តរជាតិ បំណងបង្កើតចលនានយោបាយថ្មី និង ការអំពាវនាវពលរដ្ឋខ្មែរ ថ្កោលទោសរដ្ឋាភិបាលជាដើម។ តើគណបក្សសង្គ្រោះជាតិត្រូវធ្វើយ៉ាងណាខ្លះទៀត ដើម្បីឆ្លើយតបនឹងស្ថានការណ៍នយោបាយសព្វថ្ងៃ?
គណបក្សសង្គ្រោះជាតិ បានរលាយបណ្ដាញផ្លូវការស្ទើរតែទាំងអស់ទៅហើយ។ អ្នកដឹកនាំរស់នៅបែកខ្ញែកគ្នា បាត់ទីស្នាក់ការ បាត់មនុស្សធ្វើការ បាត់ស្លាក សញ្ញារហូតខិត ប័ណ្ណផ្សព្វផ្សាយ លើដើមឈើក្បែរផ្លូវនោះ ក៏ត្រូវគេហែកចោលគ្មានសេសសល់នោះដែរ ។
ថ្វីត្បិតតែរលាយតាមអំណាចសាលដីការបស់តុលាការសែនកំពូលក៏ពិតមែន បក្សនេះទំនងជាមិនធ្លាក់ប្រជាប្រិយភាពឡើយ។ មិនធ្លាក់នៅត្រង់ថា ដំណើរការរំលាយបក្សនេះ បង្ហាញឱ្យឃើញលើគោក អំពីអ្វីទៅជាអំពើអយុត្តិធម៌។
ព្រឹត្តិការណ៍រំលាយបក្សសង្គ្រោះជាតិ បង្ហាញយ៉ាងច្បាស់ពី តួអង្គចិត្តអាក្រក់ ឬតួអង្គយក្សក្នុងល្ខោននយោបាយខ្មែរសម័យថ្មីនេះ។ ក្រៅពីស្គាល់ច្បាស់នូវតួអង្គកំណាចឃោរឃៅ ប្រជាពលរដ្ឋខ្មែរ ក៏បានឃើញជាថ្មីទៀតនូវតួត្លុក និងតួគេជួលបណ្ដោះអាសន្ន ដែលគេចាប់អោយស្លៀកសំពត់ចងក្បិន ជួយសម្ដែងបង្គ្រប់ កិច្ចពេលដែលគេត្រូវការ។
មួយវិញទៀត មេឃុំចៅសង្កាត់ពីមុនៗ ដែលប្រជាពលរដ្ឋជ្រេញស្អប់ រហូតចង់ចូកដានជើងចោលនោះ ក៏ស្រាប់តែមកចូលធ្វើការវិញ ស្របពេលដែលមេឃុំថ្មីៗក្មេងៗពេញកម្លាំងមានសមត្ថភាពហើយពលរដ្ឋខំទុកចិត្ត បែរជាលែងបានបម្រើ ពលរដ្ឋតទៅទៀត ។ ប្រការទាំងនេះអាចនាំឱ្យអ្នកស្រុកក្ដៅក្រហាយចំពោះបក្សកាន់អំណាចមិនតិចទេ។
បើទោះបីជាបក្សប្រឆាំងបានកើនប្រជាប្រិយភាពក៏ពិតមែន គណបក្សនេះចាំបាច់បំផុតត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់មួយ ដើម្បីរក្សាលំនឹងបក្សក្នុងឆាកនយោបាយកម្ពុជា។ យុទ្ធសាស្ត្រមួយចំនួនដែលចាំបាច់សម្រាប់គណបក្សសង្គ្រោះជាតិអាចនឹងធ្វើបាននោះ រួមមាន៖ ការទាមទារឲ្យដោះលែងលោក កឹម សុខានិងអ្នកទោសមនសិការដ៏ទៃទៀត ការប្រមូលផ្តុំកម្លាំងសាមគ្គីភាពផ្ទៃក្នុងបក្ស ពិសេសរក្សាកម្លាំងគាំទ្រពីពលរដ្ឋនៅក្នុងប្រទេស។
ដំណើរការទាមទារអោយដោះលែងលោកកឹម សុខា និងអ្នកទោសមនសិការនៅកម្ពុជា ជាយុទ្ធសាស្ត្រមួយដែលគណបក្សសង្គ្រោះជាតិបានធ្វើជាប្រចាំហើយ។ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ ក៏បានធ្វើខ្លះរួចទៅហើយ។ ពួកគាត់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មស្វែងរកអន្តរាគមន៍ពីអន្តរជាតិ អ្នកខ្លះបានបង្ហោះរូបតាមហ្វេសប៊ុកជាដើម ប៉ុន្តែយុទ្ធសាស្ត្រនេះហាក់មិនមានលក្ខណៈជាប្រព័ន្ធនឹងការចាត់តាំងត្រឹមត្រូវនោះឡើយ។
មកដល់ពេលនេះ តើអ្នកគាំទ្របក្សប្រឆាំងប៉ុន្មាននាក់ដែលដឹងថា លោក កឹម សុខា ជាប់គុកប៉ុន្មានថ្ងៃមកហើយ? លោក មាជ សុវណ្ណារ៉ា ជាប់គុកយូរប៉ុណ្ណា? លោក អ៊ុំ សំអាន មានស្ថានភាពយ៉ាងម៉េចទៅហើយ? ចុះមន្ត្រីបក្សដ៏ទៃទៀត មានលោក យឹម សុវណ្ណ លោក សុន ឆ័យ លោក អេង ឆៃអ៊ាង-ល- មានស្ថានភាពយ៉ាងណាដែរ កំពុងធ្វើអ្វី នៅទីណា ជាដើម...
ប្រាកដ ណាស់ការរក្សាបាននូវចំនួនអ្នកគាំទ្រ គណបក្សនេះនៅក្នុងប្រទេស គឺជាកត្តាសំខាន់មួយ។ អ្នកគាំទ្រក្នុងស្រុកភាគច្រើន របស់បក្សសង្គ្រោះជាតិនៅពេលនេះ ប្រហែលជាមិនទាន់អស់ភក្ដីភាពចំពោះបក្សនៅឡើយទេ។ អ្នកបោះឆ្នោតឲ្យមួយភាគធំ ឬអ្នកគាំទ្រងប់ងុល គឺនៅតែគាំទ្រទោះបីជាបក្សនេះធ្វើអ្វី នៅទីណា ដល់កន្លែងណា ក៏ពួកគាត់នៅតែតាមគាំទ្រ។ ក៏ប៉ុន្តែអ្នកបោះឆ្នោតឲ្យបក្សនេះមួយក្រុមផ្សេងទៀតគឺ នៅចាំមើលទង្វើនិងយុទ្ធសាស្ត្ររបស់គណបក្សសិន។
គណបក្សសង្គ្រោះជាតិ បានប្រើប្រាស់យុទ្ធសាស្ត្រក្រៅប្រទេសរួចហើយ ហើយអន្តរជាតិក៏គេបានជួយជ្រោមជ្រែងមិនតិចដែរ។ មកទល់នឹងពេលនេះ ប្រទេសមហាអំណាចធំៗនៅលើពិភពលោកនិងតំបន់ មានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមទាំងអូស្ត្រាលីផង ចាប់ផ្ដើមចេញវិធានការណ៍ជាក់លាក់ជាបណ្ដើរៗហើយ ក្នុងការដាក់គំនាបដល់របបលោក ហ៊ុន សែន អោយស្ដារស្ថានការណ៍ក្នុងប្រទេសឡើងវិញ។
យុទ្ធសាស្ត្រក្នុងប្រទេស ក៏គណបក្សនេះ បានចាប់សកម្មភាពខ្លះហើយ ដែលជ្រកក្រោមស្លាកចលនាសង្គ្រោះជាតិដែលទើបបង្កើតឡើងដោយអតីតប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី។ ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់គណបក្សនេះ អំពាវនាវឲ្យពលរដ្ឋប្រើយុទ្ធសាស្ត្រស្ងៀមស្ងាត់ជាជាងការតបត ចំពោះគូបដិបក្ខនៅពេលដែលជួបព្យុះភ្លៀង។ ក៏ប៉ុន្តែ តើយុទ្ធសាស្ត្រស្ងៀមស្ងាត់នេះអាចប្រើប្រាស់បានយូរប៉ុណ្ណា? ពាក្យចាស់ពោលថា ឃ្លាតកាយណាយចិត្ត បើមេៗដឹកនាំឃ្លាតឆ្ងាយ ហើយសកម្មភាពក៏ស្ងប់ស្ងៀមទៀតនោះ អ្នកគាំទ្រអារសាយចិត្តបន្តិចម្ដងៗ តែបើក្ដុងក្ដាំងពេកគឺអាចនឹងនាំទុក្ខដល់អ្នកគាំទ្រទៅវិញ។
ស្ថិតក្នុងស្ថានភាពទ្វេគ្រោះបែបនេះ តើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងមានវិធានការណ៍បែប ណា? ការផ្ដល់ឱកាសឲ្យមន្ត្រីថ្នាក់ក្រោម ធ្វើការងារបក្សដើម្បីរក្សាបណ្ដាញគាំទ្រក្នុងស្រុក អាចជាដំណោះស្រាយមួយ។ បើអ្នកគាំទ្រក្នុងស្រុកនៅតែខ្លាំង កម្លាំងនយោបាយបក្សនេះ ក៏នៅតែសំខាន់ក្នុងប្រទេសកម្ពុជាដែរ តែបើបាត់គ្រឹះក្នុងស្រុកនោះការប្រជែងក្នុងឆាកនយោបាយ ក៏ទំនងជាមានឥទ្ធិពលប៉ុន្មានឡើយ។
ប្រសិនបើ គណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្រដឹកនាំច្បាស់លាស់និងខ្លាំងក្លានោះគណបក្សប្រឆាំងមួយនេះប្រហែលជានឹងនៅតែជា គូប្រជែងដ៏សំខាន់បំផុត របស់គណបក្សកាន់អំណាចក្នុងរង្វង់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ។
ចំណុចមួយទៀតគឺការប្រមូលផ្តុំកម្លាំងសាមគ្គីភាពផ្ទៃក្នុងបក្សតែម្តង។ បក្សប្រឆាំងរីកធំធាត់មកដល់ថ្ងៃនេះ មិនមែនកើតឡើងដោយការខ្វែងគំនិតគ្នាប្រជែងគ្នាយកឈ្នះចាញ់ទេ ប៉ុន្តែគឺកើតឡើងដោយសារកម្លាំងរួមបញ្ចូលគ្នារវាងបក្ស២គឺ បក្សសមរង្ស៉ី និងបក្សសិទ្ធិមនុស្ស។ បើបក្សប្រឆាំងបែកបាក់ នោះលោកហ៊ុន សែនក៏កាន់តែសប្បាយចិត្ត។
លោក ហ៊ុន សែនធ្លាប់ប្រដូចបក្សសង្គ្រោះជាតិ ទៅនឹងព្យុះក្នុងក្អមកាលពី៥ឆ្នាំមុន។ ប៉ុន្តែពេលដែលបក្សនេះក្លាយជាចលនាព្យុះសង្ឃរា បោកបក់កៅអីបក្សប្រជាជនបាក់អស់២២អាសនៈ ទើបលោកហ៊ុន សែន ប្រើប្រាស់គ្រប់មធ្យោបាយ រាប់តាំងពីលួងលោម សន្យាឲ្យតំណែង សំឡុតគំរាមកំហែង ចាប់ដាក់គុក រហូតប្រើតុលាការដើម្បីរំលាយគណបក្សសង្គ្រោះជាតិតែម្តង។
ទោះបីប្រឈមមុខនឹងការគំរាមកំហែងបែបនេះក្តី សមាជិកគណបក្សសង្គ្រោះជាតិ មួយចំនួនហាក់នៅមិនទាន់កំណត់គោលដៅអោយច្បាស់ថា អ្នកណាដែលជាគោលដៅ សម្រាប់ពួកគេតតាំងជាមួយនៅឡើយ។ នៅក្នុងការកំណត់ថាតើអ្នកណាគួរចាប់ដៃរួមសហការគ្នាដើម្បីតតាំងជាមួយគូបដិបក្ខរួម ពួកបច្ចឹមប្រទេសច្រើនលើកយកសុភាសិតបុរាណមួយមកពិចារណាជាគោល។ នោះគឺ “សត្រូវរបស់សត្រូវខ្ញុំ គឺជាមិត្តរបស់ខ្ញុំ” ដែលភាសាដើមថា “The enemy of my enemy is my friend” នេះគឺមានន័យថាមនុស្សពីរក្រុមអាច ឬគួរធ្វើការជាមួយគ្នា បើគេមានសត្រូវរួម។
បុព្វបុរសខ្មែរសម័យ អង្គរ ក៏តែងតែអោយ តម្លៃទៅលើទ្រឹស្ដីនេះដែរ ដូច្នេះហើយបានជាលោកតែងឆ្លាក់នូវតាមប្រាសាទបុរាណនានា នូវវគ្គមួយនៃលិទ្ធិពហុ ទេវ គឺបេសកកម្មកូរសមុទ្រទឹកដោះរវាងក្រុមប្រឆាំងគ្នាពីរ គឺសុរា និងអសុរ។ ថ្វី ដ្បិតតែក្រុមទាំងពីរនេះមានវិវាទនឹងគ្នាមិនឈប់ឈរ ទីបំផុតពួកគេសុខចិត្តទំលាក់ចោលការខុសគ្នាទាំងអំបាលម៉ាន ចូលរួមដៃគ្នា កូរសមុទ្រទឹកដោះដើម្បីស្វែងរកទឹកអម្រឹត សម្រាប់ជាប្រយោជន៍រួម។
តាមពិតក្រុមគណបក្សសង្គ្រោះជាតិ ថ្វី ដ្បិតតែកើតឡើងពីការបូកបញ្ចូលគ្នាវាងគណបក្សពីរមែន តែក្រុមទាំងពីរនេះមិនមែនជាសត្រូវនឹងគ្នាទេ ហើយពួកគេក៏មានទិសដៅរួមដូចគ្នាដែរ ដូច្នេះពួកគេដូចជាហាក់មិនមានការលំបាកណាស់ណាក្នុងធ្វើការរួមគ្នានោះឡើយ ប្រសិនបើពួកគេសុខចិត្តទំលាក់ចោលការខុសគ្នាទាំងអំបាលម៉ាន ហើយរួមដៃគ្នាផ្ដួលគូរបដិបក្ខរួមរបស់គេ និងតម្កល់ប្រយោជន៍ជាតិជាធំ៕