
សមាជិកសភាអូស្ត្រាលី ម្នាក់ទៀតព្រមានថា លោកមិនអត់ឱនឲ្យលោក ហ៊ុន សែន និងមិនស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រីខ្មែររូបនេះក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅខែមីនា នេះទេ។ លោកអះអាងថា តំណាងរាស្ត្រអូស្ត្រាលី ដទៃទៀតនៅក្នុងរដ្ឋសភាអូស្ត្រាលី នឹងក្រោកតវ៉ាការពារសិទ្ធិពលរដ្ឋខ្មែរ-អូស្ត្រាលី ក្នុងការធ្វើបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងលោក ហ៊ុន សែន។
សមាជិកសភាអូស្ត្រាលី ពីខាងគណបក្សប្រឆាំងមួយរូបទៀត និងជាសមាជិកគណៈរដ្ឋមន្ត្រីស្រមោលទទួលបន្ទុកផ្នែករតនាគារ បញ្ជាក់ជំហររបស់លោក និងតំណាងរាស្ត្រអូស្ត្រាលី ដទៃទៀតថា ពួកគាត់មិនអាចទទួលយកបាននូវសម្ដីដ៏ហិង្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដាច់ខាត។
លោក គ្រីស បាវ៉ិន (Chris Bowen) ថ្លែងនៅក្នុងសភាអូស្ត្រាលី នៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា ពួកលោកមិនអត់ឱនឲ្យលោក ហ៊ុន សែន ដែលជាមេដឹកនាំមួយរូបរួចខ្លួនពីការប្រើប្រាស់សម្ដីបែបគំរាមកំហែងដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋអូស្ត្រាលី បែបនេះនោះទេ ហើយប្រទេសអូស្ត្រាលី មិនស្វាគមន៍មេដឹកនាំបែបនេះនោះដែរ៖ «នៅខែមីនា ប្រទេសអូស្ត្រាលី នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។ សម្រាប់អូស្ត្រាលី ព្រឹត្តិការណ៍នេះមានសារសំខាន់ខ្លាំងណាស់ ហើយយើងសង្ឃឹមថា នឹងទទួលបានជោគជ័យត្រចះត្រចង់ពីកិច្ចប្រជុំនោះ។ ដោយសារតែនេះជាកិច្ចប្រជុំអាស៊ាន ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវធ្វើទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលី។ ប៉ុន្តែ លោក ហ៊ុន សែន ថ្មីៗនេះ បានបង្ក្រាបសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ គាត់បិទសារព័ត៌មានដែលហ៊ានផ្សាយរិះគន់គាត់ គាត់បានចាប់មេដឹកនាំបក្សប្រឆាំងដាក់គុក។ តំណាងរាស្ត្របក្សប្រឆាំងមួយចំនួនក៏ត្រូវលោកចាប់ដាក់គុកដែរ»។
លោក គ្រីស បាវ៉ិន ថ្លែងបន្តដូច្នេះ៖ «ប៉ុន្តែអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺថ្មីៗនេះលោក ហ៊ុន សែន ថ្លែងសារជាសាធារណៈ ដែលអស់លោកទាំងអស់អាចបើកមើលតាមបណ្ដាញ YouTube នោះអស់លោកនឹងឃើញច្បាស់។ នៅក្នុងការថ្លែងសារនោះ លោក ហ៊ុន សែន និយាយថា ពេលគាត់មកអូស្ត្រាលី បើមានអ្នកតវ៉ាណាហ៊ានធ្វើរូបទីងមោងគាត់ និងដុតរូបទីងមោងនោះ គាត់នឹងតាមវ៉ៃដល់ផ្ទះ ហើយចាប់ក្របួចទាំងអស់។ ដោយសារតែសម្ដីបែបនេះ ពលរដ្ឋខ្មែរ-អូស្ត្រាលី ខឹងសម្បាលោក ហ៊ុន សែន យ៉ាងខ្លាំង ហើយក៏មានការភ័យខ្លាចដែរ។ ដូច្នេះក្នុងនាមយើងជាតំណាងរាស្ត្រ យើងទាំងអស់គ្នាត្រូវបង្ហាញប្រាប់ពលរដ្ឋទាំងនោះវិញថា យើងមិនអត់ឱនឲ្យនរណាប្រើសម្ដីប្រមាថ និងហិង្សាបែបនេះជាដាច់ខាត មិនថាអ្នកនោះជាប្រមុខរដ្ឋាភិបាលរបស់ប្រទេសមួយ ឬជាមេដឹកនាំរបស់ប្រទេសអាស៊ាននោះក៏ដោយ។ យើងត្រូវតែក្រោកឈរដើម្បីគាំទ្រពលរដ្ឋខ្មែរ និងការពារសិទ្ធិរបស់ពួកគាត់ក្នុងការតវ៉ាដោយសន្តិវិធី។ យើងនឹងការពារមិនឲ្យពលរដ្ឋខ្មែររងការបំភិតបំភ័យ ឬរងការធ្វើទុក្ខបុកម្នេញ ឬធ្វើបាបនោះឡើយ។ យើងត្រូវតែក្រោកឈរដើម្បីគាំទ្រពលរដ្ឋខ្មែរ និងការពារសិទ្ធិរបស់ពួកគាត់ក្នុងការតវ៉ាដោយសន្តិវិធី។ យើងជាអ្នកតំណាងរាស្ត្រទាំងអស់នៅទីនេះ នឹងក្រោកឈរប្រឆាំងជនបែបលោក ហ៊ុន សែន នេះផងដែរ។ ទោះបីជាលោក ហ៊ុន សែន មានឋានៈជានាយករដ្ឋមន្ត្រីក៏ដោយ លោកមិនអាចមកជាន់ដីអូស្ត្រាលី ដោយធ្វើចរិតបែបនេះបានជាដាច់ខាត»។
ប្រតិកម្មខ្លាំងៗជាបន្តបន្ទាប់ពីសមាជិកសភាអូស្ត្រាលីនេះ ធ្វើឡើងនៅពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាន់តែខិតចូលមកដល់។ នៅមុននេះតំណាងរាស្ត្រអូស្ត្រាលី ពីររូបផ្សេងទៀត គឺលោក អែនថូនី ប៊ើន (Anthony Byrne) និងលោក ម៉ាក បាត់លើរ៍ (Mark Butler) ក៏សម្ដែងការមិនស្វាគមន៍លោក ហ៊ុន សែន ដែរ។ តំណាងរាស្ត្រទាំងនោះសុទ្ធតែបានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី ប្រាប់ទៅលោក ហ៊ុន សែន ឲ្យដកការគំរាមវាយបាតុករទៅវិញជាបន្ទាន់ ព្រោះការគំរាមកំហែងបែបនេះ គឺបំពានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យដែលប្រទេសអូស្ត្រាលី ប្រកាន់ខ្ជាប់ម៉ឺងម៉ាត់បំផុត។
អាស៊ីសេរី ព្យាយាមទាក់ទងមន្ត្រីរបបលោក ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងប្រតិកម្មរបស់លោក គ្រីស បាវ៉ិន ដែរ នៅថ្ងៃទី២៨ ខែកុម្ភៈ នេះ ប៉ុន្តែ មិនទាន់អាចទាក់ទងបាន។ ទោះជាយ៉ាងនេះក្តី ទាំងមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងមន្ត្រីនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន សុទ្ធតែធ្លាប់បញ្ជាក់ជំហរគាំទ្រប្រសាសន៍មេកើយរបស់ពួកលោកដូចៗគ្នា ដោយអះអាងថា សម្ដីបែបហិង្សានេះ មិនខុសឆ្គងអ្វីនោះទេ ព្រោះលោក ហ៊ុន សែន ក៏មានសិទ្ធិបញ្ចេញមតិដូចអ្នកដទៃដែរ។
លោក ហ៊ុន សែន ខ្លួនឯងក៏បានអះអាងការពារខ្លួនលោកដែរ ថាបើគេហ៊ានប្រើហិង្សាលើរូបទីងមោងដែលតំណាងរូបលោក នោះលោកក៏អាចប្រើហិង្សាដោយវាយដំលើអ្នកដុតទីងមោងលោកដែរ៖ «សិទ្ធិរបស់ឯងមាន បើសិទ្ធិរបស់អ្នកឯងមានសិទ្ធិដុតគេ គេមានសិទ្ធិវ៉ៃអ្នកឯង មានទាស់ខុសអី? អាហ្នឹងសិទ្ធិទៅសិទ្ធិមក អ្នកឯងប្រើដល់ហិង្សាលើរូបកាយគេហើយ អ្នកឯងចាត់ទុកថា អាហ្នឹងរូប ហ៊ុន សែន ហើយយកទៅដុត។ តាមដល់ផ្ទះ អត់ទេ ក្របួចយកតែម្ដង!»។
ទោះជាយ៉ាងនេះក្ដី សម្ដីដែលពោរពេញដោយអំពើហិង្សា និងការគំរាមកំហែងវាយដំមនុស្ស ហើយមានធាតុផ្សំនៃបទឧក្រិដ្ឋបែបនេះ ត្រូវបានមន្ត្រីជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ ថាជាមូលដ្ឋានអាចឲ្យពលរដ្ឋខ្មែរ-អូស្ត្រាលី ដាក់ពាក្យប្ដឹងលោក ហ៊ុន សែន បាន។ ជាការឆ្លើយតប ពលរដ្ឋខ្មែរ-អូស្ត្រាលី កំពុងដាក់ពាក្យបណ្ដឹងទៅខាងស្ថាប័នប៉ូលិសអូស្ត្រាលី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការរឿងនេះតាមផ្លូវច្បាប់ហើយ។ ពលរដ្ឋទាំងនោះសង្ឃឹមថា សមត្ថកិច្ចអូស្ត្រាលី នឹងចាត់ការលើលោក ហ៊ុន សែន ពេលលោកទៅបំពេញទស្សនកិច្ចក្នុងជំនួបពិសេសអាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី១៧-១៨ ខែមីនា ខាងមុខនេះ៕