
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាលើកដំបូងឆ្លើយតបចំពោះពលរដ្ឋខ្មែរនៅក្រៅស្រុកដែលបានដុតទីងមោងរូបលោក កាលពីចុងសប្ដាហ៍នេះថា ការដុតទីងមោងនោះមិនមានប្រសិទ្ធភាពទេ។
លោកចំអកថា ប្រសិនបើចង់ឲ្យលោកស្លាប់ អ្នករិះគន់លោកត្រូវដុតរូបនាគនៅក្នុងវត្តទាំងអស់ ព្រោះលោកកើតនៅឆ្នាំរោង។ ក្រៅពីនេះទៀត លោក ហ៊ុន សែន បានប្រៀបប្រដូចពលរដ្ឋដែលដុតទីងមោងរួបលោកទៅនឹងសត្វឆ្កែ ហើយលោកមិនតបវិញទេនៅពេលឆ្កែខាំលោកនោះ៖ «ប៉ុន្មានថ្ងៃនេះសូមផ្ដាំទៅ ដុតរូប ហ៊ុន សែន របៀបហ្នឹង ដុតអត់ត្រូវសោះ ដុតខុសហើយ! បើចង់ដុតរូប ហ៊ុន សែន ដើម្បីអោយ ហ៊ុន សែន ស្លាប់ វិធីតែមួយទេ សូមប្រាប់ ដោយសារ ហ៊ុន សែន ឆ្នាំរោង អ៊ីចឹងត្រូវដើរដុតរូបនាគទាំងអស់តាមវត្តអារាម អាហ្នឹងងាប់ ហ៊ុន សែន ហើយ! បើដុតត្រឹមតែរូបថតនេះអត់ត្រូវ ហ៊ុន សែន ទេ។ ហ៊ុន សែន ប្រាកដប្រជាគឺឆ្នាំនាគ ហើយរូបនាគទៀតសោត ទាល់តែរូបនាគហ្នឹងនៅជាប់នឹងវត្តបានមានប្រសិទ្ធភាព អាហ្នឹងជួយប្រាប់...»។
ក៏ប៉ុន្តែការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះមុខកម្មករកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ ហាក់ផ្ទុយទៅនឹងការព្រមានរបស់លោកកាលពី២សប្ដាហ៍មុន ដែលព្រមានមិនឲ្យខ្មែរនៅអូស្ត្រាលី យករូបលោកធ្វើជាទីងមោងហើយដុតចោលនោះ ព្រោះជាអប្បិយជំនឿ។ លើសពីនេះទៀត លោក ហ៊ុន សែន ថែមទាំងព្រមានតាមវាយដល់ផ្ទះចំពោះប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ណាដុតទីងមោងរូងលោកនោះ។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន ថ្លែងឲ្យពលរដ្ឋទៅដុតរូបនាគនៅជាប់នឹងវត្តអារាមនានានោះ គ្រាន់តែជាការបង្វែររឿងតែប៉ុណ្ណោះ ព្រោះលោកកំពុងភ័យខ្លាចចំពោះការដុតរូបទីងមោងនេះ។ ម្យ៉ាងទៀត ការជំរុញរបស់លោក ហ៊ុន សែន ដូច្នេះ គឺមិនខុសពីលោកក៏កំពុងតែញុះញង់ប្រជាពលរដ្ឋឲ្យទៅដុតវត្តអារាមដូច្នោះដែរ។
សូមស្ដាប់ការបកស្រាយរបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញការជំរុញរបស់លោក ហ៊ុន សែន ឲ្យពលរដ្ឋប្រឆាំងលោកដុតរូបនាគនៅជាប់វត្តអារាមនេះ និងការឆ្លើយតបរបស់លោក ជា យូហន ពីខាងអូស្ត្រាលី តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖