
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា គិតត្រឹមដំណាច់ឆ្នាំ២០១៧នេះ មានជនបរទេសអន្តោប្រវេសន៍សរុបជិត ៥ម៉ឺនគ្រួសារ (៤៦.៧៧៦ គ្រួសារ) ស្មើនឹងជាង ១៧ម៉ឺន ៦ពាន់នាក់ (១៧៦.៨១២នាក់) ក្នុងនោះមានស្ត្រីចំនួនជិត ៨ម៉ឺននាក់ (៧៩.៧២៨ នាក់) កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមជនបរទេសទាំងនោះ មានជនបរទេសអន្តោប្រវេសន៍ចំនួនជាង ២ម៉ឺនគ្រួសារ (២០.២១៨ គ្រួសារ) ស្មើនឹងចំនួនជាង ៧ម៉ឺននាក់ (៧៣.៣៩៧នាក់) ក្នុងនោះមានស្ត្រីជាង ៣ម៉ឺន ៥ពាន់នាក់ (៣៥.៨៨៨នាក់) មាន ៥សញ្ជាតិ កំពុងប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី រួមមានដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែនកម្ពុជា និងប័ណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុជាដើម ដែលឯកសារទាំងនេះនឹងត្រូវលុបចោល និងដកហូត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កន្លងទៅ អាជ្ញាធរបានឃាត់ខ្លួន និងបណ្ដេញចេញពីកម្ពុជា ជនបរទេសខុសច្បាប់សរុបចំនួនជាង ២ពាន់ ៣រយនាក់ (២,៣៥៧ នាក់) ត្រូវជា ៥១សញ្ជាតិ ក្នុងចំណោមនោះ មានជនជាតិវៀតណាមចំនួន ១.២២០ នាក់។
បច្ចុប្បន្ន មានជនបរទេសដែលបានប្រព្រឹត្តិល្មើស ហើយកំពុងជាប់ឃុំក្នុងពន្ធនាគារកម្ពុជា មានចំនួនជាង ១ពាន់នាក់ (១.១៣០នាក់) ក្នុងនោះស្ត្រីចំនួន ២៦៥នាក់ ត្រូវជា ៤៦សញ្ជាតិ។ ក្នុងនោះដែរ ជនបរទេសដែលត្រូវចោទ មានចំនួន ២០៤នាក់ ជនបរទេសជាប់ចោទមាន ១០៨ នាក់ ពិរុទ្ធជនជាជនបរទេស មានចំនួន ៣៩១នាក់ និងទណ្ឌិតជាជនបរទេសមានចំនួន ១៦២នាក់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៧នេះ ខ្លួនបានទទួលយកពលរដ្ឋខ្មែរអាមេរិកាំងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ ចំនួន ៤ លើក ស្មើនឹង ២៨នាក់។ ចាប់តាំងពីបានអនុវត្តអនុស្សរណៈយោគយល់ ស្ដីពីការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ រវាងកម្ពុជា និងអាមេរិក មានពលរដ្ឋខ្មែរអាមេរិកាំងដែលបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ សរុបចំនួន ២៣០លើក ស្មើនឹង ៥៧២នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤នាក់៕