រដ្ឋាភិបាលសម្រេចហាមឃាត់ការនាំចេញទឹកដោះស្ត្រីខ្មែរទៅលក់នៅសហរដ្ឋអាមេរិក ក្រោយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារហៅកាត់ថា យូនីសេហ្វ (UNICEF) ថ្កោលទោសចំពោះអាជីវកម្មនេះ។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៨ មីនា បញ្ជាក់ថា ទោះបីជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់ថ្នាក់លក់ទឹកដោះស្ត្រីខ្មែរ ទៅអាមេរិកតាមរយៈក្រុមហ៊ុនអ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) នោះឡើយ។
កាលពីថ្ងៃទី២២ មីនា យូនីសេហ្វ បានថ្កោលទោសក្រុមហ៊ុនអាមេរិកាំងនោះ ពាក់ព័ន្ធនឹងអាជីវកម្មនាំចេញផលិតផលទឹកដោះធម្មជាតិស្ត្រីខ្មែរទៅដាក់លក់នៅសហរដ្ឋអាមេរិក។ យូនីសេហ្វចាត់ទុកទឹកដោះធម្មជាតិស្ត្រី គឺជាកោសិកាមនុស្សដូចជាឈាម និងមិនគួរត្រូវគេយកទៅធ្វើអាជីវកម្ម ក្រោមរូបភាពកេងប្រវ័ញ្ចយកប្រយោជន៍ពីស្ត្រីខ្មែរដែលក្រីក្រ និងងាយរងគ្រោះនោះទេ។
មូលនិធិនេះបញ្ជាក់ថា កង្វះអាហាររូបត្ថម្ភនៅតែជាបញ្ហាគំរាមកំហែងមួយចំពោះសុខុមាលភាពកុមារនៅកម្ពុជា។ ហេតុដូច្នេះការបំបៅទឹកដោះធម្មជាតិសមស្របគឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់នានា ដែលចូលរួមចំណែកឲ្យកុមារមានសុខភាព និងជីវជាតិទ្រទ្រង់រាងកាយល្អ។
កាលពីថ្ងៃទី២០ មីនា អាជ្ញាធរខ្មែរបានបញ្ឈប់ក្រុមហ៊ុនមិនឲ្យនាំចេញផលិតផលទឹកដោះជាបណ្ដោះអាសន្ន និងប្រមូលទិញទឹកដោះពីស្ត្រីក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា យកទៅដាក់លក់នៅសហរដ្ឋអាមេរិក។
ផលិតផលទឹកដោះទាំងនេះ ត្រូវបានក្រុមហ៊ុនមួយនេះប្រមូលទិញពីស្ត្រីក្រីក្រនៅកម្ពុជា ដោយដាក់បង្កកមុនពេលដឹកទៅកាន់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនដាក់លក់ផលិតផលនេះក្នុងតម្លៃ ២០ដុល្លារអាមេរិក សម្រាប់កញ្ចប់ទឹកដោះទម្ងន់ ១៤៧មីលីលីត្រ៕