Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខ្មែរ​កាណាដា​១០០​នាក់​នាំគ្នា​ដុត​រូប​ទីងមោង​តំណាង​លោក ហ៊ុន សែន

Image may be NSFW.
Clik here to view.

ពលរដ្ឋ​ខ្មែរ​កាណាដា​ប្រមាណ ១០០​នាក់ មក​ពី​តាម​តំបន់​នានា​ក្នុង​ប្រទេស​កាណាដា រួមមាន រដ្ឋធានី​អូតាវ៉ា (Ottawa) ក្រុង​ម៉ុងរ៉េអាល់ (Montreal) និង​ខេត្ត​កេប៉ិច (Quebec) កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ កុម្ភៈ បាន​មក​ជួបជុំគ្នា​នៅ​វត្ត​ចម្ការរតនារាម ក្នុង​ក្រុង​ឡាវ៉ាល់ (Laval) ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​ម៉ុងរ៉េអាល់ ដើម្បី​រៀបចំ​ពិធី​ដុត​រូបទីងមោង លោក ហ៊ុន សែន។

ក្រុម​អ្នកចូលរួម​បាន​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត និង​ក្ដី​ខឹង​សម្បារ​របស់​ពួកគេ​ទៅ​នឹង​សារ​គំរាម​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ដែល​លោក​បាន​ព្រមាន​ថា នឹង​តាម​វាយ​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក ឬ​ដុត​ទីងមោង​រូបលោក នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អូស្ត្រាលី​-​អាស៊ាន នៅ​ប្រទេស​អូស្ត្រាលី នា​ពាក់​កណ្តាល​ខែ​មីនា​ខាងមុខនេះ។

ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នេះ ដឹកនាំ​ដោយ​ចលនា​នារី​ខ្មែរ​ម៉ុងរ៉េអាល់​កាណាដា និង​មានការ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​មកពី​តាម​បណ្ដា​វត្ត​អារាម​នានា ក្នុង​ក្រុង​ម៉ុងរ៉េអាល់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ប្រទេស​កាណាដា អ្នកគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​កាណាដា​ជា​ច្រើន​រូប បើ​ទោះ​ជា​អាកាសធាតុ​នៅ​ទីនោះ​មាន​លក្ខណៈ​ត្រជាក់​ខ្លាំង​យ៉ាងណាក៏ដោយ។ ក្រុម​អ្នកចូលរួម​ថា ពួកគេ​មិន​ខ្លាចរអា​ទៅ​នឹង​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន នេះ​ទេ។ មុន​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នេះ ក្រុម​អ្នកចូលរួម​ខ្លះ បាន​នាំគ្នា​ស្រែក​ដាក់​បណ្ដាសា​លោក ហ៊ុន សែន ដោយ​ខ្លះ​ថា​លោក ហ៊ុន សែន ជា​ជន​ក្បត់ជាតិ ជា​ឃាតក​សម្លាប់​ក្រុម​អ្នកប្រឆាំង ក្រុម​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ស្លូតត្រង់​ជាដើម។

ក្រុម​អ្នកចូលរួម​ខ្លះ​ទៀត បាន​នាំគ្នា​យក​ដុំ​ទឹកកកគប់​សំដៅ​ទៅ​រូប​ទីងមោង លោក ហ៊ុន សែន ខណៈ​អ្នក​ខ្លះ​ទៀត​នាំគ្នា​យក​ដំបង​ឈើ​វាយ​សំពង​រូប​ទីងមោង​លោក ហ៊ុន សែន​នោះ ដើម្បី​ជា​ការ​សម្ដែង​នូវ​អារម្មណ៍​មិន​ពេញចិត្ត​របស់​ពួកគេ។

តំណាង​ក្រុម​អ្នកគាំទ្រ​ចលនា​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​កាណាដា​ម្នាក់ គឺ​លោក នួន នរា ថ្លែងប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃអាទិត្យ​ទី​២៥ កុម្ភៈ ថា ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នេះ ធ្វើឡើង​ដោយសារ​ពួកគាត់​មាន​ភាព​ឈឺចាប់​នឹង​អំពើ​អយុត្តិធម៌​សង្គម និង​ការដឹកនាំ​តាមរបៀប​បែប​ផ្ដាច់ការ​ឯកបក្ស​របស់​លោក ហ៊ុន សែន ដែល​ចុង​ក្រោយនេះ​បាន​រម្លាយ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា។ លោក​ថា ពលរដ្ឋ​ខ្មែរ​នៅ​កាណាដា មិន​ខ្លាច​រអារ​នឹង​សារ​គំរាមកំហែង​របស់​អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​នេះ​ឡើយ៖ «គាត់​អត់​ខ្លាច​ទេ ហើយ​ជាពិសេស​បងប្អូន​យើង​ខ្មែរ​កម្ពុជា​ក្រោម​...។ គាត់​ប្រកាស​ដាច់អហង្ការ​ថា គាត់​មិន​ខ្លាច​ជាដាច់ខាត។ មាន​លោក​ដែល​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក សាខា​ម៉ុងរ៉េអាល់​ហ្នឹង គាត់​ឡើង​ប្រកាស​និយាយ​ក្នុង​មេក្រូ គាត់​ថា គាត់​ឲ្យ​អាសយដ្ឋាន​គាត់​ទៀត។ គាត់​ថា គាត់​នឹង​ទៅ​ដុត​ជាមួយ​បងប្អូន​ចលនា​ស្ត្រី​ហ្នឹង ហើយ​គាត់​ពាក់​អាសយដ្ឋាន​គាត់។ គាត់​ថា បើ​ចង់​មក​... មក​សម្លាប់​គាត់ ក៏​មក​សម្លាប់​គាត់​ទៅ នៅផ្ទះ​គាត់។ គាត់​ឲ្យ​អាសយដ្ឋាន។ ដូច្នេះ គឺថា​បងប្អូន​យើង​ពុះពោរ​មែនទែន។ ជាពិសេស​ស្ត្រី​ហ្នឹង​ក៏​គាត់​មិន​ខ្លាច​ដែរ ពីព្រោះ​យើង​អស់​មានអី​ទៀតហើយ គាត់​ថា​អញ្ចឹង។ យើង​មានតែ​ការ​តស៊ូ ដូច្នេះ​បើ​ថា នៅតែ​ខ្លាច​គេ​សម្លុត​ទៀត អាហ្នឹង យើង​អត់​មាន​ធ្វើដំណើរ​ទៅមុខ​បានទេ»

មុន​ពេល​ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នេះ ក្រុម​អ្នកចូលរួម​ក៏បាន​រៀបចំ​ធ្វើ​វេទិកា​សាធារណៈ​មួយ​អំពី​យុទ្ធនាការ​ចលនា​សង្គ្រោះ​ជាតិ ដែល​មាន​ការចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក គង់ សភា និង​លោក សោ ចាន់ដេត និង​មន្ត្រី​ជាន់ខ្ពស់​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កាណាដា​ជាច្រើន​រូប។ ពួកគេ​បាន​អំពាវ​ឲ្យ​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា គាំទ្រ​ចលនា​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​បាន​មោះមុត និង​ចូលរួម​ឲ្យ​បាន​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ពហិការ​មិន​ទិញ​ទឹកបរិសុទ្ធ​វីតាល់ ទឹក​សុទ្ធ​អារុណា រួម​ទាំង​ផលិតផល​ផ្សេងៗ​ទៀត ដែល​ជា​ភាគហ៊ុន​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក ហ៊ុន សែន។

លោក​ថា ក្រុម​ចលនា​នារី​ខ្មែរ​ម៉ុងរ៉េអាល់​កាណាដា បច្ចុប្បន្ន កំពុង​ធ្វើ​រូប​ទីងមោង​លោក ហ៊ុន សែន ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ត្រៀម​រៀបចំ​ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន បន្ថែម​ទៀត​នា​ពេល​អនាគត។ លោក​ផ្តាំ​ផ្ញើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ត្រូវ​ចេះ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​កម្ចាត់​របប​ផ្ដាច់ការ​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles