Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​វប្បធម៌​ធ្វើ​ពិធី​បួងសួង​សុំ​សាងសង់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថ្មី

$
0
0

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មន្ត្រី​រាជការ និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​២៦ មីនា ធ្វើ​ពិធី​បួងសួង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ សាងសង់​អគារ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថ្មី។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា មាន​ប្រសាសន៍​ថា ពិធី​បួងសួង​នេះ គឺ​ជា​ពិធី​ក្រុង​ពាលី​តាម​ទម្លាប់​ដែល​តែងតែ​ធ្វើ​មុន​ចាប់​ផ្ដើម​ការ​សាងសង់​អគារ​សិក្សា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ៖ «សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​អី សែនព្រេន​អ៊ីចឹង ដើម្បី​សុំ​ដី​សុំ​ទីកន្លែង​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​យើង។ ក្រោយ​ពិធី​បញ្ចុះ​បឋម​សិលា​ហើយ បាន​យើង​ចាប់​ផ្ដើម​សាងសង់។ ជា​ទម្លាប់ គឺ​យើង​ត្រូវ​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​មួយ​ទៀត»

ការ​ចាប់​ផ្ដើម​ធ្វើ​ពិធី​នេះ គឺ​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ មីនា ហើយ​សម្រេច​ជ្រើសរើស​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ សម្រាប់​ការ​សាងសង់​លើ​ផ្ទៃដី​ចំនួន ៣​ហិកតារ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៩ នៅ​ថ្ងៃ​ទី​៣ មីនា ថា គម្រោង​សង់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថ្មី នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់​ក្នុង​អំឡុង​ពេល ៣​ឆ្នាំ​ទៅ​មុខ ដើម្បី​បណ្ដុះ​ធនធាន​មនុស្ស ពង្រីក​គុណភាព​អប់រំ​ផ្នែក​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​បាន​ផ្ដល់​មតិ​ឥឡូវ សំខាន់​គឺ​ការ​រៀបចំធ្វើ​យ៉ាង​ណា​ដើម្បី​ដំណើរការ​ទឹកប្រាក់ ១២​លាន​ដុល្លារ​អាមេរិក​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​អាច​មួយ​ជំហាន​ម្ដងៗ ដើម្បី​រុញ​គម្រោង​នេះ​ឲ្យ​វា​ទៅ​មុខ។ ខ្ញុំ​គិត​ថា​មិត្តភ័ក្ដិ​បរទេស​មួយ​ចំនួន​អាច​នឹង​មាន​ចំណែក​ក្នុង​ការ​កសាង។ ខ្ញុំ​អាច​ទទួល​បន្ទុក​លើ​បញ្ហា​នេះ ដើរ​សុំ​មិត្តភ័ក្ដិ​បរទេស អគ្គរដ្ឋទូត​បារាំង នៅ​ទីនេះ​ស្រាប់​ហើយ។ យើង​ខ្ញុំ​នឹង​ធ្វើ​សាកលវិទ្យាល័យ​មួយ​ឲ្យ​ស្អាត​នៅ​ក្នុង​ដំណាក់កាល​នេះ»

លោក ថៃ នរៈសត្យា បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថ្មី ដែល​នឹង​ត្រូវ​សាងសង់​នេះ គឺ​មាន​សាលា​ច្រើន​អគារ ហើយ​ក៏​នឹង​មាន​សាល​មហោស្រព​តាម​លក្ខណៈ​អន្តរជាតិ​មួយ​ដែរ។ ទាក់ទង​នឹង​ទីតាំង​ដើម​ជាប់​សារមន្ទីរ​ជាតិ​នៅ​ជិត​វាំង លោក​ថ្លែង​ថា ក្រសួង​នឹង​ប្រើ​សម្រាប់​ពង្រីក​ទំហំ​សារមន្ទីរ​ជាតិ​ឲ្យ​បាន​ទូលាយ​ជាង​មុន៖ «ព្រោះ​សារមន្ទីរ​របស់​យើង​ឥឡូវ​នៅ​តូច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​សមុច្ច័យ ដែល​មាន ហើយ​កេរ្តិ៍​ឈ្មោះ​ដែល​គេ​ហៅ​ថា ព្រះរាជាណាចក្រ​នៃ​វប្បធម៌ សារមន្ទីរ​យើង​គ្រាន់​តែ​ដើរ​មួយ​ខ្វិល​វា​ផុត​បាត់​ទៅ​ហើយអ៊ីចឹង​យើង​ចេះ​តែ​មាន​ការ​នឹក​ឃើញ​ថា​ចង់​ពង្រីក​ឲ្យ​វា​ស័ក្ដិសម​ទៅ​នឹង​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​ជាតិ​ដែរ ហើយ​ម្យ៉ាងសាកលវិទ្យាល័យ​របស់​យើង​ហ្នឹង​ក៏​វា​តូច វា​ចង្អៀត ដែល​មាន​សាខា​រហូត​ទៅ​ដល់ ៥​មហាវិទ្យាល័យ​ឯណោះ។ យើង​មាន​ការ​ពិបាក​តឹងតែង​ចង្អៀត​ចង្អល់។ វា​មិន​មានគ្រប់​លក្ខណៈ​សម្បត្តិ។ អ៊ីចឹង​យើង​ចង់​ឲ្យ​វា​មាន​គ្រប់​លក្ខណៈ​សម្បត្តិទាំង​សងខាង»

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បច្ចុប្បន្ន​មាន​បណ្ដុះបណ្ដាល​ផ្នែក​ចម្លាក់ បុរាណវិទ្យា ស្ថាបត្យកម្ម តុបតែង​លំអ របាំ សៀក ភ្លេង ល្ខោន និង​នគរូបនីយវិទ្យា ជាដើម។ សាកលវិទ្យាល័យ​នេះ​ត្រូវ​បាន​សង់​ឡើង​ក្នុង​ឆ្នាំ​១៩១៨ ដែល​មាន​ឈ្មោះ​ដើម​ថា សាលា​ភូមិន្ទ​សិល្បៈ។ នៅ​ឆ្នាំ​១៩៦៥ សាលា​នេះ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles